ខេត្តតាកែវ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ដែលបានអញ្ជើញជាអធិបតី ពិធីអបអរសាទរ ខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និង បំពាក់ គ្រឿងឥស្សរិយយសការពារជាតិ ជូន អតីតយុទ្ធជន និង គ្រួសារ អតីតយុទ្ធជន មកពីស្រុកសំរោង ស្រុកព្រៃកប្បាស និង ស្រុកអង្គរបុរី នៅរមណីយដ្ឋានភ្នំជីសូរ ស្រុកសំរោង ខេត្តតាកែវ នាព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការចូលរួមពី ប្រតិភូអមដំណើរ មន្ត្រីរាជការទាំង៣ស្រុក និង អតីតយុទ្ធជន និងគ្រួសារ ប្រមាណ ១,០០០នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងបានថ្លែងពីប្រវត្តិការតស៊ូរំដោះជាតិ នាំមកនូវសុខសន្តិភាព និង ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យសព្វថ្ងៃ។ ទន្ទឹមនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រៀមឯកសារបម្រើឱ្យការបោះឆ្នោត និង អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ជាពិសេស សូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីរក្សាការពារសុខសន្តិភាព និងដឹកនាំអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។
មុនបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំពាក់ គ្រឿងឥស្សរិយយសការពារជាតិ ជូន អតីតយុទ្ធជន និង ឧបត្ថម្ភថវិកា ៥០,០០០រៀល ក្នុងម្នាក់ផងដែរ៕
0 Comments:
Post a Comment