(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវការហួសចិត្ត និងនឹកស្មានមិនដល់ចំពោះក្រុមអ្នកនយោបាយជ្រុលនិយមមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលតែងទៅអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្ម ឬកុំទិញទំនិញពីកម្ពុជា ដើម្បីតែផលប្រយោជន៍របស់ក្រុមខ្លួនមួយក្ដាប់តូច ដោយមិនបានគិតអំពីផលប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួនជាធំ។
ក្នុងឱកាសបន្ដអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដល់លោក ថាក់ស៉ីន និងលោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ដ្រីថៃ ដែលត្រូវបានទម្លាក់ចេញពីតំណែងដោយការធ្វើរដ្ឋប្រហារ ហើយរត់គេចខ្លួនទៅក្រៅប្រទេស មិនដែលអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្មលើប្រទេសរបស់គេនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្ទុយពីអ្នកនយោបាយបរទេស ក្រុមអ្នកនយោបាយជ្រុលនិយមនៅកម្ពុជា ក៏ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីតែចង់បានអំណាចហ៊ានធ្វើអ្វីទាំងអស់ ដោយមិនគិតដល់ប្រទេស និងប្រជាជនខ្លួន រហូតអំពាវនាវឲ្យបរទេសដាក់សម្ពាធ ដាក់ទណ្ឌកម្ម និងឈប់បញ្ជាទិញទំនិញដែលជាការផលិតរបស់កម្ពុជាទៅវិញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មិននឹកស្មានថាអ្នកជ្រុលនិយមនៅក្នុងប្រទេសកម្ពុជា ទៅអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្មលើខ្មែរ ឈប់ទិញទំនិញខ្មែរ មិនមកវិនិយោគនៅខ្មែរ ប៉ុន្ដែពួកអ្នកឯងរង់ចាំមើលជោគវាសនារបស់ពួកអ្នកឯងទៅ។ ប្រទេសគេគេប្រឆាំងគ្នាគេមានបញ្ហា ប៉ុន្ដែគេអត់ដែលសម្លាប់ប្រជាជនខ្លួនឯងទេ តាមរយៈនៃការអំពាវនាវកុំឲ្យមកវិនិយោគ ឬទិញទំនិញ ឬដាក់ទណ្ឌកម្មនោះទេ ប៉ុន្ដែយើងនេះទៅដល់ណាក៏ទាមទារ»។
ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន មិនបានខ្វាយខ្វល់ចំពោះបរទេសណា ដែលស្ដាប់តាមការអំពាវនាវរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនោះទេ។ ផ្ទុយទៅវិញ អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា នៅតែបន្ដសកម្មភាពវិនិយោគរបស់គេ ហើយអ្នកដែលបញ្ជាទិញទំនិញពីកម្ពុជា ក៏នៅតែបន្ដបញ្ជាទិញទំនិញដូចធម្មតា ខណៈរាជរដ្ឋាភិបាលនៅតែបន្ដខិតខំប្រឹងប្រែងដើម្បីតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបន្តរក្សាបានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍលើគ្រប់វិស័យ សង្គម និងសេដ្ឋកិច្ចជាតិបន្តមានការរីកចម្រើនគួរជាទីមោទនៈ។ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមក្នុងអត្រា ៧% ជាង ២ទស្សវត្ស លើកលែងតែក្នុងអំឡុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។
បច្ចុប្បន្ន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧,២៥៦សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ១,៥លាននាក់។ នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួនត្រឹមតែ ៦៤ ដែលមានកម្មករនិយោជិត ប្រមាណ៨ម៉ឺននាក់ ការនាំចេញមានចំនួន ២២៧លានដុល្លារអាមេរិក។
នៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១៣២៦ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី៦៦ម៉ឺននាក់) ការនាំចេញមានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារ (ឆ្នាំ២០២២) ដែលក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួន ៧២៧រោងចក្រ មានកម្មករនិយោជិត ចំនួនប្រមាណ៣៤ម៉ឺននាក់ (ស្រី ២៦ម៉ឺននាក់)៕
២៦ម៉ឺននាក់)។
0 Comments:
Post a Comment