ខេត្តបាត់ដំបង: រាជធានីភ្នំពេញ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣
នារសៀលថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ បានធ្វើសេចក្តីរាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា អគារសិក្សា និងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានចំណាយថវិកាសរុបចំនួន ២១៤,០៨០ដុល្លាអាមេរិក។ លោកបន្តថា ថវិកាចំណាយនេះបានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងការចូលរួមបរិច្ចាគពីសប្បុរសជននានា។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជន និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលធ្វើឱ្យដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីត្រៀមខ្លួនចូល រួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សម្ដេចបានបង្ហាញការកត់សម្គាល់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ដែលមានឯកឧត្តមសន្តិបណ្ឌិត សុខ ផល ជាប្រធានក្រុមការងារ និងឃុំស្នឹង ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មន្រ្ដីរាជការ អាជ្ញាធរ ស្រុក ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាជាច្រើន ដែលធ្វើឱ្យស្រុកបាណន់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាក់ស្ដែងថ្ងៃនេះ បានរៀបចំពិធីកាត់ខ្សែបូរ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ដែលបានសាងសង់រួច។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីស្ថានការណ៍ប្រទេសកម្ពុជាយើង ក៏ដូចបណ្តាប្រទេសនានាទូទាំងសកលលោក ដែលបាននិងកំពុង ខិតខំពុះពារឆ្លងកាត់នូវបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុត ដែលបណ្តាលមកពីវិបត្តិសកលនានា រួមមានការផ្ទុះឡើងនូវជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩, ការប្រកួតប្រជែងខាងនយោបាយយោធា សេដ្ឋកិច្ច បច្ចេកវិទ្យារវាងប្រទេសមហាអំណាចនានា, ការផ្ទុះឡើងនូវសង្គ្រាមរវាង ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ ដែលបណ្ដាលឱ្យមានគ្រោះធម្មជាតិនានាកាន់តែញឹកញាប់ និងកាន់តែអាក្រក់នៅតាមប្រទេសនានាជាច្រើន។
សម្ដេចបានបញ្ជាក់ថា តាមរយៈវិធានការទាំងនេះ រាជរដ្ឋាភិបាលបានជួយសង្គ្រោះអាយុជីវិតប្រជាជនពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ និងបានទប់លំនឹងសេដ្ឋកិច្ចជាតិមិនឱ្យដួលរលំ ហើយមានលទ្ធភាពជួយដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ចសង្គមឱ្យស្ទុះងើបឡើងវិញ ជាមួយកំណើនសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០២២ សម្រេចបាន ៥,២% និងក្នុងឆ្នាំ២០២៣ រំពឹងថា នឹងអាចសម្រេចបានប្រមាណ ៥.៦% ។
សម្ដេចក្រឡាហោម ក៏បានអំពាវនាវប្រជាពលរដ្ឋត្រូវបន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យ ស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីបង្កបរិយាកាសអំណោយផលដល់ការកសាងជីវភាព គ្រួសារ ការកសាងអភិវឌ្ឍស្រុក ឃុំ ភូមិ និងប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើនជាបន្ថែមទៀត ព្រោះថា មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ដូចនេះយើងត្រូវចេះ ស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាព ការពារសន្តិភាព និងអរគុណសន្តិភាព។
សម្ដេចក៏បានអំពាវនាវឱ្យបន្តរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាននូវគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព ក្នុងនោះ បញ្ហាដែលត្រូវយកចិត្តទុកដាក់ដោះស្រាយរួមមាន បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ និងគ្រោះថ្នាក់ចរាចរណ៍ជាដើ។
លើសពីនេះទៀត សម្តេចក្រឡាហោម បានអំពាវវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬជិតផុតសុពលភាព ឬខូចប្រើប្រាស់មិនបាន និងប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ សម្ដេចណែនាំឱ្យប្រញាប់រួសរាន់ ទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនរស់នៅ ដើម្បីបំពេញបែបបទស្នើសុំ អត្តសញ្ញាណប័ណ្ណថ្មីដោយឥតគិតថ្លៃ ដើម្បីប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ជាឯកសារបញ្ជាក់អត្តសញ្ញាណក្នុងការបោះឆ្នោត និងសម្រាប់ប្រើប្រាស់ក្នុងការងារ ផ្ទាល់ខ្លួនផ្សេងៗទៀត។
ជាថ្មីម្តងទៀត សម្ដេចក្រឡាហោម បានណែនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យត្រឹមត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងនោះត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនមានការរើសអើង និន្នាការនយោបាយ ប្រកបដោយយុត្តិធម៌ និងសុចរិតភាព។ សម្ដេចអះអាងថា មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ មេភូមិ មន្ត្រីសុខាភិបាលបម្រើការងារនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ និងធ្វើជាគំរូក្នុងការបម្រើប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានដោយមិនរើសអើងនិន្នាការនយោបាយ៕ អត្ថបទ៖ ទទក, ផ្សាយដោយ៖ កន ចំណាន
0 Comments:
Post a Comment