គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ថ្នាក់ដឹកនាំសមាគមរាជសីហ៍ អញ្ជើញជាអធិបតី ប្រកាសតែងតាំង ប្រធានសមាគមរាជសីហ៍ សាខាប្រទេសម៉ាឡេស៊ី និង សមាជិកជាច្រើនរូបទៀត

 


ភ្នំពេញ ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ប្រចាំសាខាប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៣ នៅ CJCC នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានការចូលរួមពី គណៈកម្មាធិការប្រតិបត្តិ សមាជិកសមាជិកា យុវជនរាជសីហ៍ ប្រមាណជិត៣៥០អង្គ/នាក់។

ពិធីនេះ ក៏មានការប្រកាសតែងតាំង លោក តាំង សេងហួ៑ត ជាប្រធានកិត្តិយស សមាគមរាជសីហ៍សាខាសាធារណរដ្ឋកូរ៉េ និង ព្រះវិជយញាណ យុង កុសល ជាប្រធានកិត្តិយសសាខាខេត្តកណ្តាល ផងដែរ។

ឯកឧត្តម អ៊ុង សារ៉ាវ៉ាន់ អនុប្រធានអចិន្ត្រៃយ៍សមាគមរាជសីហ៍ និង ឯកឧត្តម ស៊ិន ឌីណា អគ្គលេខាធិការសមាគម បានអានសេចក្តីសម្រេចតែងតាំង ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខាប្រទេសម៉ាឡេស៊ី ដែលមាន លោក ហាន សីហា ជាប្រធានសាខា និង ជនជាតិ ម៉ាឡេស៊ី ជាប្រធានក្រុមប្រឹក្សាយោបល់ និងសមាជិក សមាជិកា សរុប៣២នាក់។

បន្ទាប់ពីត្រូវបានប្រកាសតែងតាំង លោក ហាន សីហា ប្រធានសាខាសមាគមរាជសីហ៍សាខាប្រទេសម៉ាឡេស៊ី បានឡើងថ្លែងអំណរគុណ និង ប្តេជ្ញាចិត្ត០៩ចំណុច គឺ
១.ខិតខំអនុវត្តតួនាទី ភារកិច្ច និង គោរពតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សមាគម
២និង៣.ដឹកនាំ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងសាខា និងថ្នាក់កណ្តាល
៤. បង្កើតនិងបង្កើនកិច្ចសហការ ពិសេសក្នុងប្រទេសម៉ាឡេស៊ី
៥.ខិតខំសម្របសម្រួល ជួយសមាជិកនិងពលរដ្ឋខ្មែរ កំពុងស្ថិតក្នុងប្រទេសម៉ាឡេស៊ី
៦.កៀរគរសប្បុរសជនជួយសកម្មភាពមនុស្សធម៌ ក្នុងនិងក្រៅប្រទេសរបស់សមាគម
៧.កៀរគរវិនិយោគិនបរទេស ពិសេស ជនជាតិម៉ាឡេស៊ី មកវិនិយោគនៅកម្ពុជា
៨.ផ្សព្វផ្សាយគោលនយោបាយសមាគម ដើម្បីពង្រឹងពង្រីកការចូលរួមពីសមាជិក យុវជន
៩.សូមគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង សូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ បានថ្លែងកោតសរសើរ ការរៀបចំពិធីនេះ និងសូមគាំទ្រការប្តេជ្ញាចិត្តរបស់ លោកប្រធានសាខាម៉ាឡេស៊ី ជាពិសេសការ រំលេចពាក្យ សន្តិភាព ដែលជាចំណុចសំខាន់។

ឯកឧត្តមបញ្ជាក់ថា សមាគមយើងបង្កើតឡើងស្របតាមរដ្ឋធម្មនុញ្ញ មាត្រា៤២ ហើយមានគោលបំណង ជួយគ្នាក្នុងនាមជាខ្មែរ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដោយស្ម័គ្រចិត្ត ដើម្បីរក្សាសណ្តាប់ធ្នាប់ ការពារសន្តិភាព សមិទ្ធិផលជាតិ និង ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបានរំលឹកប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ក្នុងជំនួបជាមួយ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ហើយត្រូវអនុវត្តចំណុចគន្លឹះៗទាំងនោះ ជាពិសេស យកចិត្តទុកដាក់ជួយ បងប្អូនខ្មែរយើងនៅក្នុងប្រទេសម៉ាឡេស៊ី។

ឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ សម្តែងការអបអរសាទរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ទាំងអស់ដែលទើបទទួលបានការតែងតាំងថ្មី។

ឯកឧត្ដមប្រធានបានថ្លែងពីប្រវត្តិនៃការកកើតសមាគមតាំងពីមានក្បាលម៉ាស៊ីនតែ៥នាក់ ហើយត្រូវបានទទួលស្គាល់ដោយក្រសួង មហាផ្ទៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នមានសមាជិកជិត ៥,០០០អង្គ/នាក់ ក្នុងនោះមាន ជនបរទេស១៨នាក់ផងដែរ និងមានសាខាសរុប៣០ ក្នុងនោះ រាជធានី/ខេត្តចំនួន២៥ និងសាខាក្រៅប្រទេសចំនួន ០៥ គឺ ប្រទេស កូរ៉េ ថៃ វៀតណាម ជប៉ុន និង ម៉ាឡេស៊ី ដែលកំពុងប្រកាសថ្ងៃនេះ។

ឯកឧត្តមប្រធាន បានឱ្យដឹងថា សមាគមបានធ្វើសកម្មភាពមនុស្សធម៌បាន ៦៣៥លើក ចំណាយថវិកា ១លាន១សែនដុល្លារអាមេរិក ដែលបានមកពីការបរិច្ចាគ របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសប្បុរសជន គឺមិនទាន់មានជំនួយពីអង្គការ សមាគមណាទេ ក្នុងនោះធ្វើសកម្មភាពកីឡា បណ្តុះបណ្តាលយុវជន ភាសារបរទេ  កុំព្យូទ័រ រដ្ឋបាល ទំនាក់ទំនងសាធារណៈ បានស្វែងរកអាហាររូបករណ៍ ១.៧២០កន្លែង ជាមធ្យមក្នុង១ឆ្នាំ សម្រាប់ផ្តល់ជូន សិស្ស និស្សិត យុវជនរាជសីហ៍។

ក្រៅពីធ្វើសកម្មភាពមនុស្សធម៌ កីឡា ជួយសង្គម ក្នុងប្រទេសយើង សមាគមរាជសីហ៍ ក៏បានធ្វើសកម្មភាពក្រៅប្រទេស ដូចជា កូរ៉េ បារាំង ថែមទាំងបានចុះMOU សហការគ្នាធ្វើសកម្មភាពមនុស្សធម៌ ជាមួយក្រុមហ៊ុនបរទេសធំចំនួន១៤។

ចុងបញ្ចប់ ឯកឧត្តមប្រធានបានជូនពរ ប្រគល់លិខិតតែងតាំង ថតរូបអនុស្សាវរីយ៍ និងបានចូលរួមពិសារអាហារសាមគ្គីក្នុងបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែង៕





















No comments:

Powered by Blogger.