ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» អបអរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាម
(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយ កូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» ដែលនឹងប្រារព្ធឡើងទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីស៊ត។
ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២២នេះ មានរយៈពេល ២៤ឆ្នាំហើយ។
ការប្រកួតនៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ សរុបប្រមាណ ១៧២រូប។ ការប្រកួតនេះ មានការប្រកួតជាក្រុម និងការប្រកួតជាឯកត្តជនផ្នែកបុរស និងនារី។
ការប្រកួតនេះធ្វើឡើងពេញមួយព្រឹក ហើយនៅពេលរសៀលនឹងមានពិធីប្រគល់ពានរង្វាន់ដល់កីឡាករជយលាភី រួមជាមួយការពិសារអាហាសាមគ្គីផងដែរ។
កម្ពុជា ជាប្រទេសដែលធ្លាប់ញាំញីដោយភ្លើងសង្គ្រាមប្រមាណ៣ទសវត្សរ៍ កុំថាឡើយការលេងកីឡាវាយកូនហ្គោល ដែលជាប្រភេទកីឡារបស់អភិជននោះ សូម្បីតែការប្រកួតកីឡាទូទៅក៏មិនអាចធ្វើបាននោះដែរ។ ២៤ឆ្នាំដែលកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង បានធ្វើឱ្យកម្ពុជាមានឱកាសពេញលេញ ក្នុងការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ រួមទាំងវិស័យកីឡាផងដែរ។ វិស័យកីឡារបស់កម្ពុជា មិនត្រឹមមានការអភិវឌ្ឍសមត្ថភាពកីឡាករ ឬអត្តពលិកប៉ុណ្ណោះទេ តែបច្ចុប្បន្នកម្ពុជា ក៏មានសមត្ថភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការប្រកួតកីឡា ហើយក៏មានសមត្ថភាពទៅរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានានានៅកម្ពុជាថែមទៀតផង។
ជាក់ស្តែងនៅឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ថែមទៀត។ កម្ពុជា បានទន្ទឹងរង់ចាំ ក្នុងការរៀបចំព្រឹត្តិការណ៍តំបន់មួយនេះ អស់រយៈពេលប្រមាណ ៦៤ឆ្នាំមកហើយ។ ការទន្ទឹងរង់ចាំក្នុងពេលវេលាដ៏យូរនេះ ក៏ដោយសារតែវិបត្តិនៃភ្លើងសង្គ្រាម ធ្វើឱ្យកម្ពុជាបាត់បង់សមត្ថភាព និងលទ្ធភាពក្នុងការរៀបចំ។
ដូច្នេះព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់សម្តេចតេជោ មិនត្រឹមតែអបអរដល់សុខសន្តិភាពដែលកំពុងមានប៉ុណ្ណោះទេ តែក៏ ជាសារបង្ហាញពីគុណតម្លៃនៃសុខសន្តិភាពផងដែរ។ សុខសន្តិភាពធ្វើឱ្យកម្ពុជា មានឱកាសកសាងសង្គមឱ្យកាន់តែរីកចម្រើន ហើយក៏មានឱកាសកូន អ្នកវិនិយោគជាកូនខ្មែរ អាចសាងសង់ទីលានវាយកូលគោលតម្លៃរាប់លានដុល្លារ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ចូលចិត្តលេងកូនគោលផងដែរ។
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ក៏ជាការបង្កើតបរិយាកាសរឹតចំណង
មេត្រីភាព សាមគ្គីភាព រវាងអ្នកលេងកីឡាវាយកូនគោលផងដែរ។
កីឡាករដែលចូលរួមប្រកួតនេះ ភាគច្រើនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល
តាមបណ្តាក្រសួងស្ថាប័នរបស់រដ្ឋ អភិបាលខេត្ត ព្រមទាំងឯកអគ្គរាជទូត/រដ្ឋទូត
បណ្តាប្រទេសជាមិត្តប្រចាំ នៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា
ទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត ជាទីលានដ៏ប្រណិត
និងល្បាញល្បីមួយនៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងសង្កាត់ព្រែកថ្មី
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់ សម្តេចតេជោ
ត្រូវបានរៀបចំឡើងនៅទីតាំងនេះចំនួនពីរលើកមកហើយ។
ទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីស៊ត
(Vattanac Golf Resort) ត្រូវបានបើកដំណើរការក្នុងខែឧសភា ឆ្នាំ២០១៩
ហើយត្រូវបានគេបោះឆ្នោតជ្រើសរើស និងផ្តល់រង្វាន់សំខាន់មួយចំនួនមានដូចជា
ជាប់ចំណាត់ថ្នាក់លេខ៣
ជារីសតវាយកូនហ្គោលល្អបំផុត នៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំប្រចាំ២០២២,
ជាប់ចំណាត់ថ្នាក់លេខ១ ជារីសតវាយកូនហ្គោលដ៏ល្អបំផុតនៅកម្ពុជា៣ឆ្នាំជាប់គ្នា
គឺឆ្នាំ២០២០-២០២១-២០២២ និងរីសតវាយកូនហ្គោលដ៏ប្រណិតបំផុតនៅកម្ពុជា
ក្នុងឆ្នាំ២០២១ និង២០២២។
វឌ្ឍនៈហ្គោលរីសត ជារមណីយដ្ឋានវាយកូនគោលដ៏ប្រណិត មានចម្ងាយផ្លូវត្រឹមតែ៣៥ នាទីប៉ុណ្ណោះពីកណ្តាល រាជធានីភ្នំពេញ។
ទាំងទីលានខាងកើត និងខាងលិចនៃវឌ្ឍនៈហ្គោលរីសត បានបង្ហាញនូវវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជាពាក់ព័ន្ធទៅនឹងស្ថាបត្យកម្ម និងប្រវត្តិសាស្ត្រ មានដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ទីលានជល់ដំរី និងបាយ័ន។
ទីលានខាងកើត និងខាងលិច ត្រូវសាងសង់ឡើងយ៉ាងល្អប្រណិត សម្រាប់បម្រើការប្រកួត។ ទីលានខាងកើត និងខាងលិច មានចំនួន ១៨ឡូដូចគ្នា។
វឌ្ឍនៈហ្គោលរីសត ក៏មានកន្លែងវាយកូនហ្គោលពេលយប់ «Dragon Turn» ផងដែរ។ «Dragon Turn» ត្រូវបានបោះឆ្នោតជា «ទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីស៊ត មាន ៩ឡូ» ល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២១។
វឌ្ឍនៈហ្គោលរីសត ក៏មានសាលាបង្ហាត់វាយកូនហ្គោលជាមួយបច្ចេកវិទ្យា Trackman Driving Range Eagle Try Technology, PGA Teaching Professionals, Custom Fit equipment and professionals, Bistro, and world class VVIP, VIP៕
No comments: