(ភំ្នពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាពលរដ្ឋអូស្ត្រាលី ដែលបានផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានថ្លែងអរគុណអូស្ត្រាលី ក្នុងជំនួបជាមួយលោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ លោក ប៉ាប្លូ កាង នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចូលជួបជម្រាបលោករដ្ឋមន្ត្រីពាណិជ្ជកម្ម បន្ទាប់ពីរូបលោកដល់អាណត្តិបញ្ចប់ការងារជាឯកអគ្គរដ្ឋទូតអូស្ត្រាលីនៅកម្ពុជា។
នៅក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានអបអរសាទរចំពោះឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មប្រកប ដោយជោគជ័យនៅកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-អូស្រ្តាលី ជាពិសេសលើវិស័យពាណិជ្ជកម្ម។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីសម្រាប់ការគាំទ្រជាបន្តបន្ទាប់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងការ ឧបត្ថម្ភវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែក ដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានផ្តល់ជំនួយក្រោមកម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចទ្វេភាគីថ្មីកម្ពុជា-អូស្ត្រាលី (Cambodia Australia Partnership for Resilient Economic Development (CAP-RED) ក៏ដូចជាកម្មវិធីពាណិជ្ជកម្មតំបន់ (RT4D)។ ក្នុងនោះ ក្រសួងពាណិជ្ជកម្ម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីទាំងនេះ។ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ ចំពោះការគាំទ្រលើការងារកិច្ចប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ហើយសង្ឃឹមថា អូស្រ្តាលី នឹងបន្តការគាំទ្រនៅក្នុង
វិស័យនេះ។
ភាគីទាំងពីរ ក៏បានស្វាគមន៍ចំពោះការសម្រេចបានជាដុំកំភួន នូវការចរចាដំទ្បើងកម្រិតនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade) ដែលជាសមិទ្ធផល
អាទិភាពសេដ្ឋកិច្ចមួយរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។
លោក ប៉ាន សូរស័ក្តិ និងលោក ប៉ាប្លូ កាង បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
No comments: