កណ្ដាល :ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់គាំទ្រ ក្រុមចាស់ បង្កើតក្រុមថ្មី ពង្រីកគោលដៅឱ្យបានកាន់តែទូលំទូលាយ ដោយរៀបចំចងក្រងបណ្តាញអាជីវកម្ម ឱ្យទៅជាបណ្តាញអាជីវកម្មបណ្ដុំ និងបណ្តាញអាជីវកម្ម ឱ្យក្លាយជាសហគមន៍កសិកម្មបន្លែសុវត្តិភាព ។
ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានស្នើបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយកសិករបណ្ដុំអាជីវកម្ម និងសហគមន៍កសិកម្ម បន្លែសុវត្តិភាព ដែលធ្វើនៅវត្តមង្គលវ័ន្ត ស្ថិតនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តម អភិបាលខេត្ត បន្តថា ការរៀបចំចងក្រងបណ្ដុំអាជីវកម្ម និងសហគមន៍បន្លែសុវត្ថិភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លើកកម្ពស់ជីវភាពរបស់ប្រជាកសិករ នៅក្នុងសហគមន៍ រក្សាបានទីផ្សារជូនពួកគាត់ ទន្ទឹមនឹងនោះបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។ បន្ថែមពីនេះផងដែរបន្លែសុវត្ថិភាព គឺបានរួមចំណែកក្នុងការលើកកម្ពស់សុខភាពសម្រាប់អ្នកទទួលទាន និងធ្វើឱ្យយើងចៀសផុតពីជំងឺជាច្រើនផ្សេងទៀតផងដែរ។ ជាងនេះទៀត ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បន្តកៀរគរ វិស័យ
ឯកជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ដោយបង្ហាញពីទស្សនវិស័យ ផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាព ដែលត្រូវបន្តអនុវត្តន៍ ដើម្បីធ្វើទំនើបកម្ម កសិកម្មធានាសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងបង្កើនចំណូលដល់កសិករ។ បង្កើនការផ្សព្វផ្សាយ និងអនុវត្តន៍បច្ចេកវិទ្យាទំនើបៗ ធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ពង្រឹងសហគមន៍កសិកម្ម បង្កើតមុខរបរបន្ថែម និងរៀបចំសហគមន៍កសិកម្ម ឱ្យក្លាយជាសហភាពសហគមន៍កសិកម្ម ស្របតាមមុខរបររបស់ពួកគាត់ ។ ជំរុញការផ្សព្វផ្សាយការប្រើប្រាស់ថ្នាំផ្សំពីធម្មជាតិ ជីធម្មជាតិ ឬជីសរីរាង្គ កាត់បន្ថយថ្លៃដើមផលិត និងធានាសុខភាព អ្នកប្រើប្រាស់ អ្នកហូប និងបរិស្ថានធម្មជាតិ ។
បើតាមរបាយការណ៍របស់លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានបង្ហាញថា សហគមន៍កសិកម្មទូទាំងខេត្តកណ្ដាល មាន ៧០ សហគមន៍ ក្នុងនោះ សហគមន៍ មានមុខរបរផ្តោតលើ បន្លែសុវត្ថិភាពមានចំនួន១៥សហគមន៍ និង សហគមន៍ ផ្ដោតលើដំណាំស្វាយមាន ០២សហគមន៍។ ដោយឡែកនៅស្រុកស្អាងមានសហគមន៍កសិកម្មចំនួន១២បណ្ដុំ អាជីវកម្មចំនួន ៣៥បណ្តុំ ក្នុងនោះមានសហគមន៍ចំនួន៥ និង បណ្ដុំអាជីវកម្មចំនួន១៨បណ្ដុំ កំពុងធ្វើសកម្មភាពពាក់ព័ន្ធទៅនឹងផលិតកម្មបន្លែសុវត្ថិភាព ( GAP និង បន្លែសរីរាង្គស្តង់ដារ PGS)។ នៅឆ្នាំ២០២១ ស្រុកស្អាងផលិតកម្មបន្លែកើនឡើង ដល់ ៥ ១៦៩ហិកតា ទទួលបានបរិមាណផលចំនួន ៤២ ១៧៦តោន ក្នុងឆ្នាំ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara
0 Comments:
Post a Comment