គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អាជ្ញាធរខេត្ដសៀមរាប ជម្រុញឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីយកកិត្ដិយសជូនគ្រួសារ និងសង្គមជាតិ

(សៀមរាប)៖ អាជ្ញាធរខេត្ដសៀមរាប បានថ្លែងថា វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដល់សង្គមជាតិ និងគ្រួសារ ដែលកុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត សម្រាប់ចាប់យកជំនាញពិតប្រាកដ និងជំនាញឯកទេសផ្សេងៗ ក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព ជាពិសេសការកសាងជូនសង្គមជាតិ និងគ្រួសារ។ លោក អុឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់ពាន់រង្វាន់លើកទឹកចិត្ដជូនសិស្សពូកែលេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២ នៅសាលាអន្ដរជាតិភ្យូឆឺរប្រាយ ខេត្ដសៀមរាប នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។ លោក បានបន្ដថា

 ការរីកចម្រើនលើវិស័យអប់រំ និងវិស័យផ្សេងៗទៀត នៅទូទាំងប្រទេស ជាពិសេសក្នុងខេត្តសៀមរាប គឺផ្តើមចេញពីឆន្ទ:របស់រាជរដ្ឋាភិបាល ដែលបានកសាងមាតុភូមិកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើនគ្រប់វិស័យ បើទោះបីកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោកបានទទួលរងនូវវិបត្តិដោយសារជំងឺកូវីដ-១៩ ក៏ដោយ។ លោកបានបន្ដទៀតថា ភាពរីកចម្រើនរបស់ប្រទេសជាតិ ប្រកបដោយក្តីមោទន:នេះ បង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សម្រាប់ឱ្យប្រជាពលរដ្ឋទទួលបាននូវជីវភាពល្អប្រសើរ។ ជាមួយគ្នានោះ វិស័យអប់រំ មិនមែន

ត្រឹមតែមានចំណេះដឹងសម្រាប់ខ្លួនម្នាក់ៗប៉ុណ្ណោះទេ តែលទ្ធផលការងារ សីលធម៌ សុជីវធម៌ គុណធម៌ គឺជាលក្ខណ:សម្បត្តិ និងជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន គឺជាពិន្ទុសម្រាប់ធ្វើការវាស់ស្ទង់នូវភាព ជោគជ័យពិតប្រាកដ។ លោកមបានបន្ថែមថា សិស្សានុសិស្សត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្របន្ថែមទៀត លើមុខវិជ្ជាផ្សេងៗ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ឈានឱ្យទាន់សភាពការណ៍ វិវត្តន៍រីកចម្រើនរបស់សង្គមជាតិ ហើយស្របពេលគ្នានេះដែរ ក៏ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពនៅក្នុងគ្រប់មជ្ឈដ្ឋាន ជីវភាពរស់នៅ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អមានប្រយោជន៍

សម្រាប់សង្គជាតិយើង និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ការសិក្សារៀនសូត្រឱ្យក្លាយជាសិស្សពូកែ ជាឱកាសចាប់យកជំនាញ និងអាជីពរបស់ខ្លួនឱ្យពិតប្រាកដសម្រាប់នាពេលអនាគត ជាពិសេសយកស្នាដៃកិត្ដិយសជូនសង្គមជាតិ និងគ្រួសារ។ លោកបានកោតសរសើរដល់សិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ដែលបានខិតខំរៀនសូត្រ រហូតបានទទួលលទ្ធផលល្អគាប់ចិត្ដ ដែលនេះបង្ហាញឱ្យឃើញថា មានការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ និងការលើកកម្ពស់គុណភាពភាពអប់រំ ស្របតាមផែនការយុទ្ធសាស្ត្រក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល

កម្ពុជា សូមបញ្ជាក់ថា ការប្រគល់រង្វាន់ជ័យលាភីពេលនេះ មានសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ និងជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ គណិតវិទ្យា ថ្នាក់ទី១០ ព្រមទាំងជ័យលាភីសិស្សពូកែទូទាំងខេត្តសៀមរាប ចំណាត់ថ្នាក់លេខ២ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ឆ្នាំសិក្សា២០២១-២០២២៕ អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ :dara

No comments:

Powered by Blogger.