ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, July 19, 2022

មន្ទីរកសិកម្មខេត្តរតនគិរី នាំយកកូនឈើចម្រុះ ១,៦០០ដើម និងកូនត្រី ២៥,០០០ក្បាល មកដាំ និងលែងក្នុងភូមិសាស្រ្តស្រុកកូនមុំ

ចំនួនអ្នកទស្សនា: Views

(រតនគិរី)៖ ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា និងទិវាមច្ឆាជាតិ ១ កក្កដា ឆ្នាំ២០២២នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បាននាំយកកូនឈើចម្រុះចំនួន ១,៦០០ដើម និងកូនត្រីចម្រុះចំនួន ២៥,០០០ក្បាល មកដាំ និងប្រលែងក្នុងភូមិសាស្រ្តស្រុកកូនមុំ។

ទិវាទាំង២នេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅទីតាំងអនុវិទ្យាល័យត្រពាំងក្រហម និងទិវាមច្ឆាជាតិប្រារព្ធធ្វើនៅទំនប់អូរភ្លង ឃុំត្រពាំងច្រេស ក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក្នុងគោលបំណងបំផុសឱ្យប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យព្រៃឈើ និងជលផលក្នុងទិសដៅធានានិរន្តរភាពនៃធនធានព្រៃឈើនិងជលផល ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសង្គម និងបរិស្ថាន។

ថ្លែងក្នុងពិធីប្រកបដោយគុណប្រយោជន៍ទាំង២នេះ លោកអភិបាលខេត្តរតនគិរី បានលើកឡើងថាបុណ្យរុក្ខទិវា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេសដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។

លោក ញ៉ែម សំអឿន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិ ឱ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់។

ដោយឡែកទាក់ទងនឹងទិវាមច្ឆាជាតិលោក ញ៉ែម សំអឿន បានលើកឡើងថាបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការកាត់ រំសាយចោលនូវឡូត៍នេសាទទឹកសាបទូទាំងប្រទេស ហើយប្រគល់ឱ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារក្នុងគោលបំណងដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែងទិវាមច្ឆាជាតិនាថ្ងៃនេះកូនត្រីចម្រុះប្រមាណ ២៥,០០០ក្បាល និងមេត្រីពូជមួយចំនួនទៀតដូចជា៖ កូនត្រីក្រាញ់ ត្រីកន្ធរ ត្រីអណ្តែង ដើម្បីធ្វើឱ្យអាងទឹកនេះសំបូរទៅដោយត្រី សម្រាប់បម្រើសេចក្តីត្រូវការហូបចុក របស់ប្រជាពលរដ្ឋក្នុងតំបន់នេះ៕


0 Comments:

Post a Comment