គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

លោក ម៉ឹង វុធី នាំអំណោយ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ជូនប្រជាពលរដ្ឋចំនួន២៧គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកត្រាំកក់

តាកែវ៖ “ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ក្រោយទទួលដំណឹងថា នៅស្រុកត្រាំកក់ មានខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២៧ខ្នងផ្ទះ  នៅរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានចាត់ឲ្យ លោក ម៉ឹង វុធី អភិបាលរងខេត្ត និងជា អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា ដឹកនាំសមាជិក សមាជិកាគណៈកម្មាធិកាសាខា និងមន្ត្រីប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ មកប្រគល់ជូនពុកម៉ែ មាមីង បងប្អូនប្រជាពលរដ្ឋ រងគ្រោះ ចំនួន ២៧គ្រួសារ ក្នុងនោះរលំទាំងស្រុង ១ខ្នងផ្ទះ នៅក្នុងភូមិចំនួន ០២ ក្នុងឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះលោកប្រធាន បានពាំនាំមតិផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានគណ:កម្មាធិការសាខា ជាពិសេសពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោលឡើយ ”  និង ពាកក្យស្លោក “ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ” ។ 

ជាបន្តលោកប្រធាន សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសុវត្ថិភាពផ្ទាល់ខ្លួន និងបានលើកអំពីភូមិឃុំសុវត្ថិភាព ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាពជាចម្បង ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ការប្រុងប្រយ័ត្នអំពីអគ្គីភ័យដែលអាចកើតមានដោយយថាហេតុ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការការពារកូនចៅពីជំងឺគ្រុនឈាម ការចូលរួមដាំដើមឈើតាមមូលដ្ឋានអោយបានគ្រប់ៗគ្នា ការរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ការប្រុងប្រយ័ត្នអំពីបាតុភូតធម្មជាតិផ្សេងៗ និងបានផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុផងដែរ។

សម្ភារៈប្រគល់ជូនគ្រួសាររងគ្រោះមានដូចជា: អង្ករ ២៥ គីឡូ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងថវិកាមួយចំនួន។ ដោយឡែកគ្រួសាររងគ្រោះរលំទាំងស្រុងមានថែមតង់ធំ១ផ្ទាំងផងដែរ។









No comments:

Powered by Blogger.