គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ភ្ញៀវទេសចរច្រើនកុះករ សម្រុកទៅលេងកម្សាន្ដនៅខេត្តកំពត ក្នុងឱកាសថ្ងៃឈប់សម្រាកពីរថ្ងៃ

(កំពត)៖ ក្នុងឱកាសឈប់សម្រាក នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ រហូតមកដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៥ ប្រជាពលរដ្ឋមកពីតាមបណ្ដារាជធានី-ខេត្តនានា បានមកលេងខេត្តកំពតយ៉ាងច្រើនកុះករ នៅតាមផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង មានភាពមមារញឹកយ៉ាងខ្លាំង និងមានការកក់ស្ទះជាអន្លើៗ តាំងពីព្រឹករហូតដល់យប់ ពិសេសនៅគល់ស្ពានថ្មថ្មី និងផ្លូវមាត់ព្រែកកំពង់បាយ។

ប្រជាពលរដ្ឋដែលមកកម្សាន្ដលេងក្នុងខេត្តកំពត បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលបានមកដើរលេងកម្សាន្តនៅខេត្តកំពត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ រហូតមកដល់ថ្ងៃនេះ ពួកគាត់បានសរសើរអំពីការរៀបចំ និងការអភិវឌ្ឍរបស់ខេត្តកំពតថា មានភាពទាក់ទាញខ្លាំង ពិសេសពីរថ្ងៃជាប់ៗគ្នានេះ មានភ្ញៀវច្រើនកុះករមកលេងកម្សាន្ត ញ៉ាំងឲ្យបរិយាកាសកាន់តែសប្បាយរីករាយ។

ពួកគាត់បានបន្តថា ខេត្តកំពតពីមួយឆ្នាំទៅមួយឆ្នាំ គឺមានការអភិវឌ្ឍរីកចម្រើន និងរហ័សទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតុបតែងលម្អភ្លើងពណ៌តាមដងផ្លូវ និងសួនកម្សាន្តនានា។ អ្វីដែលទាក់ទាញខ្លាំងនោះ គឺខេត្តមានសមិទ្ធផលទេសចរណ៍ឯកជាច្រើន ដូចជា រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិការខ្ពស់ជាងគេ និងសួនបាញ់ទឹករ៉េរាំតាមចង្វាក់ភ្លេងជាដើម។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានលើកឡើងថា និន្នាការលំហូរភ្ញៀវមកកាន់ខេត្តកំពតច្រើនកុះករ នៅក្នុងថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ រហូតមកដល់ថ្ងៃទី១៥ ខែឧសភា នេះផងដែរ។ ទិដ្ឋភាពជាទូទៅនៅក្នុងក្រុងកំពតមានសភាពអ៊ូអរ ពិសេសផ្លូវមាត់ព្រែកកំពង់បាយ គឺមានភាពមមាញឹកខ្លាំង ខណៈនៅចំណុចគល់ស្ពានថ្មីទាំងត្រើយខាងលិច និងត្រើយខាងកើតមានការកកស្ទះជាអន្លើៗតាំងពីព្រឹករហូតដល់យប់។ ចំពោះសេវាជិះទូកកម្សាន្តតាមដងព្រែក ក៏មានសកម្មភាពមមាញឹកផងដែរ។

ចំពោះស្ថានភាពទូទៅនៅតាមតំបន់រមណីយដ្ឋានទូទាំងខេត្តកំពត មានភាពល្អប្រសើរ និងមានភ្ញៀវទៅកម្សាន្តច្រើន ខណៈដែលសេវាស្នាក់នៅគ្រប់ប្រភេទពេញអស់ក្នុងរយៈពេលពីរថ្ងៃនេះ។ តែយ៉ាងណាក៏ដោយលោកថា មន្ត្រីជំនាញនៅមិនទាន់បានធ្វើការបូកសរុបទិន្នន័យភ្ញៀវរួចរាល់នៅឡើយទេ និងបានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល រហូតមកដល់ថ្ងៃនេះ រំពឹងថា និន្នាការភ្ញៀវមកលេងខេត្តកំពត នឹងនៅតែបន្តមានការកើនឡើង និងមានភាពល្អប្រសើរដដែល៕

No comments:

Powered by Blogger.