គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាពជូនពលរដ្ឋ

    រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាពជូនពលរដ្ឋ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ និន្នាការបច្ចុប្បន្ននេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។

ក្នុងឱកាសអនុញ្ញាតឱ្យឧកញ៉ា នូ សូលីដា តំណាងអង្គភាពព័ត៌មាន Cambo Times ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីនាំយកសម្ភារមួយចំនួនជួយគាំទ្រការងារសង្គមចុះជួយមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានណែនាំដល់ស្ថាប័នព័ត៌មាន និងអ្នកផលិតព័ត៌មាន សូមរួមគ្នាផលិតព័ត៌មានល្អៗពីសង្គមជាតិ ព្រមទាំងរួមគ្នាផ្សព្វផ្សាយរឿងវិជ្ជមានរបស់កម្ពុជា ជូនដល់ពិភពលោក ដើម្បីធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍សង្គមជាតិ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលមានអង្គភាពសារព័ត៌មានទាំងអស់ជាងពីរពាន់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ក្នុងនោះស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណ ១០០០អង្គភាពដែលកំពុងដំណើរការជាប្រចាំក្នុងការផ្សព្វផ្សាយព័ត៌មានបានដោយសេរី និងដោយឯករាជ្យភាព។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣មក ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តបេសកកម្មរបស់ខ្លួនក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយក្រសួងបានអនុវត្តសកម្មភាពការងាររបស់ខ្លួនជាប្រចាំដោយផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងការប្រកបការងារប្រចាំថ្ងៃរបស់ខ្លួន អ្នកសារព័ត៌មានចាំបាច់ត្រូវបន្តពង្រឹងសមត្ថភាព និងដុសខាត់ជំនាញក្នុងការសរសេរ ផលិត និងផ្សព្វផ្សាយ ដោយត្រូវធ្វើទំនើបកម្មការងារឱ្យស្របទៅនឹងភាពរីកចម្រើននៃសង្គមឌីជីថល និងការវិវត្តនៃបច្ចេកវិទ្យា ដើម្បីជំរុញភាពប្រកួតប្រជែង និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើគុណភាពព័ត៌មាន និងការផ្សាយទាំងនោះ។ ជាងនេះទៀត អ្នកសារព័ត៌មានចាំបាច់ត្រូវយល់ឱ្យបានច្បាស់អំពីព្រំដែននៃការអនុវត្តការងារវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ការប្រើប្រាស់សិទ្ធិ និងតួនាទីជាអ្នកសារព័ត៌មានឱ្យបានត្រឹមត្រូវចៀសវាងកុំឱ្យការប្រើសិទ្ធិ និងសេរីភាពហួសពីដែនដែលច្បាប់បានកំណត់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តបន្ថែមដល់អង្គភាពព័ត៌មាន ខេមបូថាមស៍ និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានទាំងអស់ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងធានាការអនុវត្តតួនាទីដោយស្របច្បាប់ រួមចំណែកលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងសណ្ដាប់ធ្នាប់សារព័ត៌មានកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រោមដំបូលនៃសុខសន្តិភាព ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ដើម្បីបញ្ចេញមតិ និងទទួលបានព័ត៌មានគ្រប់បែបយ៉ាង ដូច្នេះ ការផលិតមាតិកាព័ត៌មាន ដែលមានគុណភាព ផ្តល់ចំណេះដឹង គឺជាចំណុចសំខាន់សម្រាប់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មានតែងតែគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតប្រព័ន្ធផ្សព្វផ្សាយនានា ដោយក្រសួងជឿជាក់ថាការ ផ្សព្វផ្សាយព័ត៌មានតាមបណ្តាញផ្សព្វផ្សាយចម្រុះមិនត្រឹមតែធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាសាធារណជនទូទៅ ទទួលបានព័ត៌មានពិតឆាប់រហ័សអំពីប្រទេសកម្ពុជា ប៉ុណ្ណោះទេថែមទាំង ជំរុញលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ៕

No comments:

Powered by Blogger.