ឯកឧត្តម ថាំង ប៊ុនសុង ប្រកាសប្រឆាំង និង ថ្កោលទោស គម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ ឯកឧត្តម ថាំង ប៊ុនសុង ទីប្រឹក្សារាជរដ្ឋាភិបាល សូមប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាវីរបុរសសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត និងជាអគ្គមគ្គុទេសឯកដ៏ឆ្នើមក្នុងការបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិខ្មែរ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ដែលប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសគោរពស្រលាញ់គាំទ្រពេញទំហឹង។
គម្រោងផែនការវាយប្រហារដោយដ្រូនប៉ុនប៉ងធ្វើឃាតក្រុមគ្រួសារថ្នាក់ដឹកនាំកំពូលនៅកម្ពុជាបែបនេះ គឺជាអំពើភេរវកម្មដែលមិនអាចអត់ឱនអោយបានឡើយ ដូច្នេះឯកឧត្តមសូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាបើកការស៊ើបអង្កេតវែកមុខ ដើម្បីនាំខ្លួនក្រុមភេរវករនិងបក្ខពួកមកផ្តន្ទាទោសតាមច្បាប់។
ឯកឧត្តម ថាំង ប៊ុនសុង សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះភេរវជននិងបក្ខពួក ដែលចង់ធ្វើឃាតគ្រួសារថ្នាក់ដឹកនាំកំពូលនៅកម្ពុជា ក៏ដូចជាចង់បំផ្លាញ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងសន្តិភាពនៅកម្ពុជា ដើម្បីទាញកម្ពុជាឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមសាជាថ្មី និងវិនាសកម្មដ៏ជូរចត់ដូចអតីតកាល៕
No comments: