គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋបាលខេត្តកំពត អំពាវនាវដល់ពលរដ្ឋទិញដីក្រុមហ៊ុន ជា សារ៉ន សូមមកដាក់ពាក្យស្នើសុំកាត់ឈ្មោះនៅសប្តាហ៍ក្រោយ

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទិញដី និងទិញតូប ពីក្រុមហ៊ុន ជា សារ៉ន រៀលធី ទាំងអ្នកដែលបានបង់លុយគ្រប់ និងអ្នកបង់មិនទាន់គ្រប់ សូមប្រញាប់មកដាក់ពាក្យស្នើសុំកាត់ឈ្មោះ ចាប់ពីថ្ងៃចន្ទទី១០ ខែកុម្ភៈ នេះតទៅ នៅសាលាខេត្តកំពត ដោយភ្ជាប់មកជាមួយនូវកន្ទុយសន្លឹកបង់ប្រាក់ផង ខណៈដែលពាក្យស្នើសុំ ក្រុមការងារ នឹងចែកជូននៅទីតាំងទទួលពាក្យ(អគារមហាជន) សាលាខេត្តតែម្តង។

មានប្រសាសន៍អំពាវនាវបែបនេះ ខណៈ លោក ម៉ៅ ធនិនអភិបាលខេត្តកំពត បានអញ្ជើញជួបជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារក្រុមហ៊ុនជា សារ៉ន ដើម្បីជម្រាបជូនយន្តការដោះស្រាយបន្ត ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្ថិតនៅក្នុងបរិវេណវត្តអង្គចន្ទចរិយា (វត្តអង្គល្បើក) ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ខេត្តកំពត នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា ក្រោយពីបានដោះស្រាយនៅវត្តឈូក ដើម្បីដាក់ក្រុមហ៊ុន ជា សារ៉ន នៅក្នុងយន្តការច្បាប់ និងបានដំណើរការយន្តការតាមប្រព័ន្ធច្បាប់ គឺតុលាការ ក៏បានបង្កកទ្រព្យ និងបានឃាត់ខ្លួនជួរថ្នាក់ដឹកនាំក្រុមហ៊ុនផងដែរ។

ហើយដោយមានការយកចិត្តទុកដាក់ ពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយនឹង លោក លាង សំណាត់ ប្រធានសាលាដំបូងខេត្តកំពត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងនោះ បានសហការគ្នា ទប់ស្កាត់បានទាន់ពេលវេលា តាមនិតិវិធីច្បាប់។

ក្រោយពីតុលាការបានស្រាវជ្រាវ ត្រួតពិនិត្យទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ជា សារ៉ន និងទទួលបានលទ្ធផលសព្វគ្រប់ហើយនោះ ក្រសួង ក៏បានធ្វើរបាយការណ៍គោរពជូនទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ក្នុងយន្តការនៃការដោះស្រាយផងដែរ។

សម្តេចក៏បានចារឲ្យក្រសួងយុត្តិធម៌ អាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ធមុខការ ហើយក៏បានសម្រចនូវយន្តការដោះស្រាយ ចំនួន៣ នៅថ្ងៃនេះ។

គួររំលឹកថា សំណុំរឿងក្រុមហ៊ុន ជា សារ៉ន រៀលធី  ពាក់ព័ន្ធនឹងប្រជាពលរដ្ឋរងគ្រោះ ជាង៥ពាន់គ្រួសារ ហើយសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤  បានចេញសេចក្តីប្រកាសសម្រេច

*១- បង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៩៥គណនី។

*២- បង្កកអចលនវត្ថុ(ដី)ចំនួន១.៧៩១ក្បាលដី។

*៣- បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន១០នាក់៕

No comments:

Powered by Blogger.