គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ព្រះមហាក្សត្រ កោតសរសើរជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរមានព្រលឹងរស់ឡើងវិញដូចសព្វថ្ងៃ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានថ្លែងអំណរគុណ និងកោតសរសើរជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ ក្នុងការធ្វើឱ្យព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរមានព្រលឹងរស់ឡើងវិញដូចសព្វថ្ងៃ ដែលនាំឱ្យមានស្ថិរភាពសង្គម សន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់មានបន្ទូលបែបនេះ ក្នុងឱកាសដែលព្រះអង្គ យាងសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ នៅវត្តឧណ្ណាលោម នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ព្រះអង្គក៏បានមានព្រះបន្ទូលដែរថា ក្នុងបរិការណ៍នេះ តួនាទីដ៏លេចធ្លោរបស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករ មួយដែលមិនអាចកាត់ផ្តាច់ចេញបាន រវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គម ជាតិ ដែលមានន័យថាវត្តអារាម និងសង្គមគឺតែមួយ។

លើសពីនេះទៅទៀត តួនាទីដ៏ពិសិដ្ឋរបស់វត្តអារាមព្រះពុទ្ធសាសនាខ្មែរបានរួមវិភាគទានដ៏សំខាន់ដល់សង្គម តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្នកាល ក្នុងតួនាទីសំខាន់៤យ៉ាង៖

ទី១៖ វត្តអារាមខ្មែរ បានដើរតួនាទីជំរុញ បណ្តុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធ ចរិយាសាស្ត្រធ្វើឱ្យសង្គមខ្មែរ មានសុខដុមនីយកម្មទាំងសាសនា និងសង្គម។

ទី២៖ វត្តអារាមខ្មែរ បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង។

ទី៣៖ វត្តអារាមខ្មែរ គឺជាឃ្លាំងសម្រាប់រក្សាទុកនូវ មតិកវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏ សំបូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតឡើយ។

ទី៤៖ វត្តអារាមខ្មែរ គឺជាទីកន្លែងដ៏ទូលាយក្នុងការបញ្ញាប និងថែរក្សាអត្តសញ្ញាណ ព្រលឹងជាតិដ៏សំខាន់តាំងតែពីបរមបុរាណដរាបរៀងមក៕

No comments:

Powered by Blogger.