សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កោតសរសើរខ្មែរក្រោម ចំពោះកិច្ចប្រឹងប្រែងថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់បានគង់វង្សល្អ
(ត្រាវិញ, វៀតណាម)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងកោតសរសើរខ្មែរក្រោម ចំពោះកិច្ចប្រឹងប្រែងក្នុងការថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់បានគង់វង្សល្អ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងកោតសរសើរបែបនេះ ក្នុងពេលសំណេះសំណាលជាមួយពលរដ្ឋខ្មែរក្រោមនៅវត្តពោធិគិរីវង្សារាម ដែលជាវត្តខ្មែរក្រោមដ៏ចំណាស់មួយ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារចូលមកកាន់វត្តនេះ។
ក្នុងពិធីសំណេះសំណាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសរំលេចថា ប្រជាពលរដ្ឋខ្មែរក្រោមភាគច្រើនគោរពប្រណិប័តន៍ ព្រះពុទ្ធសាសនានិកាយថេរវាទ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានលើកបង្ហាញព័ត៌មានពាក់ព័ន្ធទីអារាមនៅខ្មែរក្រោមផងដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកបង្ហាញថា បច្ចុប្បន្នមានវត្តសរុបចំនួន ៤៦១ វត្ត ហើយសម្រាប់ខេត្តត្រាវិញ មានវត្តសរុបចំនួន ១៤៣វត្ត ក្នុងនោះ ក៏មានវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ជាវត្តដ៏ចំណាស់មួយ ដែលអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែចូលមក។ វត្តនេះមានអាយុកាល ១២០ឆ្នាំមកហើយ ពោលគឺត្រូវបានសាងសង់ឡើង តាំងពីឆ្នាំ១៩០៥ និងស្ថិតនៅក្រោមការដឹកនាំរបស់ព្រះចៅអធិការវត្តជាច្រើនអង្គ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា វត្តមានវត្តទាំងនេះ បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ក៏ដូចជាចូលរួមអភិរក្ស ថែរក្សាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ហើយបងប្អូនខ្មែរក្រោម ក៏បានប្រើប្រាស់ភាសាខ្មែរ និងប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ខ្មែរយើង ក្នុងជីវភាពប្រចាំថ្ងៃផងដែរ។
«ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះបងប្អូនខ្មែរក្រោម ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត សតិបញ្ញា ថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរយើងបានគង់វង្សល្អ។ វត្តអារាម ជាឃ្លាំងថែរក្សាវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ ហើយក៏ជាទីកន្លែងបណ្តុះបណ្តាលចំណេះដឹង ផ្សព្វផ្សាយចេញទៅក្រៅ ដើម្បីពលរដ្ឋគោរពប្រតិបត្តិ»។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតថ្លែងកោតសរសើរខ្មែរក្រោម ចំពោះកិច្ចប្រឹងប្រែងថែរក្សាវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់។
ក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានបង្កភាពងាយស្រួល ជូនដល់ប្រជាពលរដ្ឋខ្មែរក្រោមរស់នៅ និងគោរពប្រតិបត្តិសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនជារៀងរហូតមក និងបន្តថែរក្សាពូនជ្រុំឱ្យរីកចម្រើនរាប់ជំនាន់ទៅមុខទៀត ដើម្បីចូលរួមចំណែក នៅក្នុងការថែរក្សាបេតិកភណ្ឌដែលមនុស្សជាតិមាន៕
No comments: