ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Friday, September 27, 2024

សមិទ្ធផលថ្មី៖ខេត្តសៀមរាបជាខេត្តទី១០ ទទួលជ័យលាភីបញ្ចប់ការ​បន្ទោបង់ពាសវាលពាសកាល ខេត្តសៀមរាបទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ពិធីប្រកាសជាផ្លូវការបានប្រារព្ធឡើង​នៅ​សួនច្បារ អ៊ុង អឿន ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប

ចំនួនអ្នកទស្សនា: Views

ខេត្ត​សៀម​រាបកាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែកញ្ញា ឆ្នាំ២០២៤​ក្រោមអធិបតី​ភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។សៀមរាបជាខេត្តទី១០ ដែលត្រូវបាន​ប្រកាស​ជាខេត្តបញ្ចប់ការបន្ទោ​បង់ពាសវាលពាសកាលបន្ទាប់ពីមានការប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំក្នុងការលើក​កម្ពស់​សុខភាពអនាម័យ ។

 ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទថ្លែង​ក្នុង​ពិធីនេះថា ការសម្រេចនេះគឺមានន័យថា នៅខេត្តសៀមរាប គ្រប់ខ្នង​ផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យ​ប្រើប្រាស់​រួមគ្នា ខណៈបច្ចុប្បន្ននេះក្រសួងក៏បាន​កំពុង​តែអនុវត្តផែនការ​សកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទនៅ​ទូទាំងប្រទេស ដែលគ្រោងថា នៅឆ្នាំ​២០៣០ នឹងត្រូវសម្រេចអត្រាគ្រប​ដណ្តប់ទឹកស្អាត និងអនាម័យឱ្យបាន ១០០ភាគរយ។ ឯកឧត្តមបន្តថា ចំពោះខេត្តសៀមរាប តាមរយៈការសង្កេតគេពិនិត្យ​ឃើញថា ការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅរបស់

ប្រជាពលរដ្ឋ ដែលផ្លាស់ប្តូរពីការទទួលទានទឹកដែលមិនមានសុវត្ថិភាព មកជាការ​ទទួលទានទឹកស្អាតមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាល​ពាសកាល មកជាការបន្ទោបង់ក្នុងបង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅ​ប្រកបដោយភាពស៊ីវីល័យ បានធ្វើឱ្យកម្រិតជីវភាព​របស់ពួកគាត់កាន់​តែប្រសើរឡើង។ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការខិតខំប្រឹងប្រែងរបស់​រដ្ឋបាលខេត្តសៀមរាប និងដៃគូពាក់ព័ន្ធ ក្នុងការ​សម្រេចបាននូវគោល​ដៅជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា​នីតិកាលទី៧ ។ 

 ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដាក់ចេញនូវគោលនយោបាយដើម្បី​ប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីក​ចម្រើន​ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។ ឯកឧត្តម ឆាយ ប្ញទ្ធីសែន បន្តថា នៅក្នុងឆ្នាំ២០២៤នេះ ក្រៅពី​ខេត្តសៀមរាប ក៏នៅមានខេត្ត​ចំនួនបីបន្ថែមទៀត គឺ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង និងខេត្តតាកែវ នឹងត្រូវប្រកាសជាខេត្តបញ្ចប់ការ​បន្ទោបង់ពាស​វាលពាសកាល បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តរតនគិរី និងខេត្តសៀមរាប។ 

 លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តសៀមរាប មានការកើន​ឡើងជាលំដាប់អាស្រ័យដោយហេតុថាស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈល្អប្រសើរ ទំនើប និងស៊ីវិល័យមិនចាញ់ពលរដ្ឋរស់នៅទីក្រុង​ឡើយ។នៅឆ្នាំ២០២៤ បណ្តាញប្រព័ន្ធ​តាមទុយោ​មានចំនួន ៥២កន្លែង ក្នុងនោះប្រព័ន្ធបណ្តាញទឹកទុយោសហគមន៍មានចំនួន ២៥កន្លែង សរុបគ្រួសារមានទឹកស្អាត​ប្រើប្រាស់ស្មើ​នឹង ២៣៦.៤២០គ្រួសារ។ គ្រួសារប្រើប្រាស់ទឹកឆ្លងកាត់ ប្រព័ន្ធធ្វើទឹកឱ្យស្អាតមានចំនួន ៤២.៨០៤គ្រួសារ គ្រួសារប្រើប្រាស់ទឹក​អណ្តូងស្នប់ និងអណ្តូងចម្រុះមានចំនួន ១៧២.៧០១គ្រួសារ គ្រួសារប្រើប្រាស់ទឹកអណ្តូង​ជីកមានការការពារមានចំនួន ១៧.៨១៤​គ្រួសារ គ្រួសារប្រើប្រាស់ទឹកភ្លៀងមានការការពារមានចំនួន ៣.១០១គ្រួសារ ភាគរយគ្រួសារមានទឹកស្អាតប្រើប្រាស់មាន ៧៩.៩០​ភាគរយ។

 យោងលើទិន្នន័យរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំពោះ​ស្ថានភាព​អនាម័យ​ខេត្តសៀមរាប មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យស្មើ ១០០ភាគរយ,ស្ថានភាពក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ ដែលសម្រេច​បានការបញ្ចប់បន្ទោបង់ពាសវាលពាសកាលសរុបចំនួន ១៣ក្រុង/ស្រុក គិតជាភាគរយ១០០ភាគរយ។ ទន្ទឹមគ្នានេះដែរ ក្រោយការចុះផ្ទៀងផ្ទាត់ ODF ដោយក្រុមការងារ​ថ្នាក់ជាតិនៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយអង្គការដៃគូ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាស​ទទួលស្គាល់ ជាផ្លូវការខេត្តសៀមរាប ជាខេត្តជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕

រូបថត ក្រសួងអភិវឌ្ឍន៍ជនបទ

0 Comments:

Post a Comment