រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋឆែក មុនចេញដំណើរទៅបន្តការសិក្សា
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបសំណេះសំណាលជាមួយក្រុមនិសិ្សតអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋឆែកចំនួន ១៥រូប មុនចេញដំណើរទៅបន្តសិក្សា ដែលមកពីគ្រឹះស្ថានអប់រំចំនួន៨ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជំនួបនេះត្រូវបានធ្វើឡើងដើម្បីចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិតយកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានយល់ដឹងអំពីប្រទេសកម្ពុជាកាន់តែច្បាស់។ បន្ថែមពីលើនេះលោករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។
ថ្លែងក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទៅសិក្សាក្នុងជំនាញផ្សេងៗគ្នា ក្នុងនោះមានដូចជាជំនាញកសិកម្ម សំណង់ស៊ីវិល បរិស្ថាន គោលនយោបាយ សេដ្ឋកិច្ច ព័ត៌មានវិទ្យា គ្រប់គ្រង និងគណនេយ្យ ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា ទាំងការស្វែងយល់ចំណេះដឹងបន្ថែម ពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលខ្លួនមាន ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាទំពាំងដ៏ល្អ ដើម្បីចូលរួមកសាងប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ៕
No comments: