គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ក្រសួងព័ត៌មាន កំពុងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និងបទដ្ឋានច្បាប់ “ថ្មី ពិត និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន

«ក្រសួងព័ត៌មាន បាននឹងកំពុងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ  និងបទដ្ឋានច្បាប់  “ថ្មី ពិត និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន ក្រសួងព័ត៌មាន ជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល គ្រប់គ្រងលំហរព័ត៌មាន និងកិច្ចសហការធានានូវសន្តិសុខព័ត៌មាន»។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន គ.គ.ផ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៨ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ត្រូវមានផែនទីបង្ហាញផ្លូវអំពីការងារអាទិភាព ដែលគ្រប់អង្គភាពចំណុះត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ សំដៅឆ្លើយតប ទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងការផ្លាស់ប្តូរបរិបទនៃការអភិវឌ្ឍជាតិ និងអន្តរជាតិ ជាពិសេសរួមចំណែកដល់ការប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីរួមចំណែកធ្វើអោយសម្រេចបានកិច្ចការងារខាងលើនេះ ក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី ៧ បានខិតខំបន្តការអភិវឌ្ឍន៍វិស័យព័ត៌មាន ដោយផ្តោតលើការលើក កម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ និងការពង្រីក វិសាលភាពនៃការផ្សាយឱ្យបានកាន់តែទូលំទូលាយ និងគ្របដណ្តប់ទូទាំងប្រទេស តំបន់ និងសកល សម្រាប់ជាមធ្យោបាយក្នុងការបញ្ជ្រាបព័ត៌មានស្តីពីកម្ពុជា និងសមិទ្ធផលនៃការអភិវឌ្ឍប្រទេស។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា សិក្ខាសាលានាឱកាសនេះ គឺមានសារៈសំខាន់ក្នុងការពិគ្រោះយោបល់ រៀបចំដើម្បីប្រមូលធាតុចូលពីគ្រប់អគ្គនាយកដ្ឋាន/ អង្គ ភាពពាក់ព័ន្ធ សម្រាប់ការរៀបចំកសាងផែនការ ហើយក៏នឹងធ្វើការពិនិត្យលើសមិទ្ធិផលការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានា កំណត់ពីសកម្មភាពដែលគាំទ្រដល់ការសម្រេចបានគោលដៅអាទិភាពជា យុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន។ ទន្ទឹមនេះក្រសួងព័ត៌មាន បន្តអនុវត្តន៍កិច្ចការងារសំខាន់ៗជាច្រើនទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន ដោយអនុត្តន៍តាមអភិក្រម ពង្រឹងច្រើនជាងពង្រីក ។

ឯកឧត្តម អ៊ុក សំរេច រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន មានប្រសាសន៍ជម្រាបជូនថា អង្គសិក្ខាសាលានាឱកាសនេះ គឺជាផែនការដ៏សំខាន់ក្នុងការកំណត់នៅទិសដៅការងារក្រសួងព័ត៌មាន ក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

តាមរយៈយុទ្ធសាស្ត្របញ្ចកោណ វិស័យព័ត៌មានបានរួមចំណែកដ៏សំខាន់ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អ ដោយប្រើប្រាស់គ្រប់មធ្យោបាយដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ ប្រកបដោយតម្លាភាព គណនេយ្យ និងស័ក្តិសិទ្ធិភាព ដើម្បីចូលរួមសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សានិង ការពារ សមិទ្ធផលដ៏ធំធេង ការពារសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសដែល ជាគោលជំហរដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងដំណើរអង្គសិក្ខាសាលាពេញមួយថ្ងៃនេះ គឺធ្វើការពិភាក្សាគ្នា ដើម្បីជាវិភាគទានដល់ការបង្កើនសក្តានុពលដល់ក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធ ផល ព្រមទាំងទទួលបានការជឿទុកចិត្តដោយពេញលេញពីមន្ត្រីរាជការ និងសាធារណៈជន។

សម្រាប់ដំណើរការអង្គសិក្ខាសាលា ពិគ្រោះយោបល់បច្ចេកទេសរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៨ នាឱកាសនេះ ក៏មានការធ្វើបទបង្ហាញទាក់ទង គោលបំណង និងលទ្ធផលរំពឹងទុកនៃសិក្ខាសាល ការធ្វើទំនើបកម្មប្រពន្ធ័ផ្សព្វផ្សាយ ការគ្រប់គ្រងលំហព័ត៌មាន សន្តិសុខព័ត៌មាន ការគ្រប់គ្រងបុគ្គលិក និងតម្រូវការធនធាន ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បរិវត្តកម្មឌីជីថល ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ផែនការបរិវត្តកម្ម ឌីជីថល ឆ្នាំ២០២៤ និងការរៀបចំអនុវត្ត កម្មវិធីកសាងច្បាប់ និងលិខិតបទដ្ឋានគិតយុត្ត និងកម្មវិធីអភិវឌ្ឍធនធានមនុស្ស ៕ ដោយ៖ កន ចំណាន

No comments:

Powered by Blogger.