នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំលើកទី ៥ នេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ ហើយជាលទ្ធផល :
ទី១- សម្រេចផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. តាមការស្នើសុំរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ចំនួន ៨៧ រូប ក្នុងនោះស្រ្តី ១៧រូប។
ទី២- អនុម័តជាគោលការណ៍លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក.។
ទន្ទឹមគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងជាប្រធានអង្គប្រជុំ ក៏បានណែនាំអំពីការងារមួយចំនួនដែលត្រូវអនុវត្តបន្ត រួមមាន៖ (១)- ត្រៀមរៀបចំការងារសម្រាប់គម្រោងដោះស្រាយវិវាទនៅមូលដ្ឋាន តំបន់ដាច់ស្រយាល និងតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ (២)- អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. សិក្សាលទ្ធភាព និងរៀបចំជា MOU ជាមួយស្ថាប័នពាក់ព័ន្ធ លើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ និង (៣)- អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ត្រូវរៀបចំជ្រើសរើសមន្រី្តជាប់កិច្ចសន្យាផ្នែកបច្ចេកទេស ដើម្បីមកបំពេញការងារនៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.។
No comments: