គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ

នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតដែលធ្វើការស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ។ 

សូមជម្រាបថា គម្រោងស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមមានការងារសំខាន់ៗដូចជា៖ ទី១)ស្តារស្ទឹងនិងពង្រឹងទំនប់សណ្ត ទី២)សាងសង់និងជួសជុលប្រឡាយ ទី៣)សាងសង់សំណង់តាមស្ទឹងឬប្រឡាយ។ គម្រោងនេះប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលការងារសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារជីកប្រឡាយតភ្ជាប់ពីប្រឡាយលេខ៩៤ទៅលេខ៩៦ ប្រវែង ២០០០ម៉ែត្រ និងជីកបាតប្រឡាយ ២០ម៉ែត្រ ជាលទ្ធផល ការងារជីកប្រឡាយសម្រេចបានប្រវែង ១២៥០ម៉ែត្រ ប្រមាណជា ៦០ភាគរយ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារបច្ចេកទេសយកចិត្តទុកដាក់លើការងារសាងសង់ឱ្យបានរួចរាល់តាមកិច្ចសន្យានៃគម្រោង។ 

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ឱ្យដឹងថា វឌ្ឍនភាពនៃគម្រោងគិតមកដល់ថ្ងៃនេះសម្រេចបានប្រមាណ ៨៣,៦ភាគរយ ដោយឡែកការងារស្តារប្រឡាយព្រែកហូរប្រវែង ៧២០០ម៉ែត្រ ដែលក្នុងនោះមានការងាររៀបថ្មប្រវែង ៣៥០០ម៉ែត្រ និងការងារចាក់បេតុងប្រវែង ៣៧០០ម៉ែត្រ ជាលទ្ធផល ការងារចាក់បេតុងប្រឡាយសម្រេចបានប្រវែង ៦០០ម៉ែត្រ និងការងារចាក់ថ្មសម្រេចបានប្រវែង ៣០០ម៉ែត្រ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្រោយពេលសាងសង់រួចប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោតនឹងធានាបាននូវការការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់ពីស្ទឹងព្រែកត្នោតដែលតែងតែយាយីដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ លើទំហំផ្ទៃដីប្រមាណ ២៤៤ គីឡូម៉ែត្រក្រឡា បង្កើនលទ្ធភាពស្រោចស្រពដីស្រែបាន ១០១៥០ហិកតា នៅរដូវប្រាំង និង ១៧ ៧៣០ហិកតានៅរដូវវស្សា ចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ៕










No comments:

Powered by Blogger.