ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Friday, January 26, 2024

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្សព្វផ្សាយភាពស្អាតរបស់កម្ពុជាកៀរគរហិរញ្ញប្បទានបៃតង ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ជនជាតិដើមភាគតិច

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ នេះ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសហព័ន្ធអាល្លឺម៉ង់ ដែលដឹកនាំដោយលោក ចូខេន ហ្វាស់បឺស (Jochen Flasbarth) រដ្ឋលេខាធិការ ក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នាទីស្តីការក្រសួងបរិស្ថាន។

នៅក្នុងជំនួបពិភាក្សាការងារនេះ លោករដ្ឋមន្រ្តីបានផ្សព្វផ្សាយអំពីភាពស្អាតរបស់កម្ពុជា ដែលកើតចេញពីបេះដូងស្អាត ចិត្តស្អាត ឥរិយាបទស្អាតរបស់សិស្សានុសិស្សជិត ៤លាននាក់ តាមរយៈសកម្មភាព និងការប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!»។ ស្របនឹងការលើកឡើងនេះ ឯកឧត្តម ចូខេន ហ្វាស់បឺស (Jochen Flasbarth) រដ្ឋលេខាធិការក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចបានសម្តែងនូវការសាទរចំពោះភាពជោគជ័យដ៏ធំរបស់កម្ពុជា តាមរយៈការបណ្តុះគំនិតស្អាតដល់យុវជនជំនាន់ក្រោយ ពីព្រោះថាយុវជនជាចលករសំខាន់ក្នុងការទប់ស្កាត់ និងការពារ អភិរក្សជីវៈចម្រុះ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនាពេលអនាគត។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តថា បន្ទាប់ពីភាពស្អាត កម្ពុជានឹងបន្ថែមនូវភាពបៃតង តាមរយៈការដាំដើមឈើឱ្យច្រើនជាងការកាប់ ជាមធ្យមកម្ពុជានឹងមានដើមឈើប្រមាណជាង ១លានដើមដាំជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តជាតិក្នុងទិសដៅពង្រីកវិសាលភាពគម្របព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០។ លើសពីនេះ ភាពបៃតងនឹងរួមចំណែកធ្វើឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ ជាពិសេសបើកឱកាសដល់អ្នកវិនិយោគបៃតងឱ្យមកវិនិយោគនៅកម្ពុជា និងទទួលបានហិរញ្ញប្បទានបៃតងសម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច។

គាំទ្រនឹងការថ្លែងឡើងរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ចូខេន ហ្វាស់បឺស (Jochen Flasbarth) នឹងរួមចំណែកក្នុងការគ្រប់គ្រងសំណល់ និងការរៀបចំគោលនយោបាយនានាក្នុងកិច្ចគាំពារបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាននិងក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធអាល្លឺម៉ង់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅតាមទីជនបទ ជាពិសេសជនជាតិដើមភាគតិច៕

0 Comments:

Post a Comment