គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

កាកបាទក្រហមកម្ពុជា ទទួលអំណោយពីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន និងតំណាងគណបក្សចំនួន៥

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយពី សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន និងពីតំណាងគណ បក្សចំនួន៥ នៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ 

ក្នុងឱកាសទទួលជួបសវនាការនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានបរិច្ចាគអង្ករវីតាមីន ចំនួន២០០កេស និងពីតំណាងគណបក្សចំនួន៥ ដោយមួយគណបក្សឧបត្ថម្ភថវិកាចំនួន ១លាន៥សែនរៀល និងអង្ករ១តោន ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

លោកស្រីអគ្គលេខាធិការបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ កាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល និងសាខាទាំងអស់ តែងតែធ្វើការកៀងគរ រកជំនួយពីសប្បុសជននានា ក្នុងឱកាសទិវា៨ឧសភា ដើម្បីទុកជួយទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់។

លោកស្រីបានបញ្ជាក់ថា ការកៀងគររកជំនួយនេះដែរ បើសាខាណាមិនមានលទ្ធភាពគ្រប់គ្រាន់ និងផ្តល់ជំនួយទៅដល់ប្រជាពលរដ្ឋបានទាន់ពេលវេលាទេ ថ្នាក់កណ្តាលនឹងយកទៅបំពេញបន្ថែម ហើយអំណោយទាំងអស់និងយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋដោយផ្តាល់។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ ថ្នាក់កណ្តាលបានផ្តោតទៅលើប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដូចជានៅខេត្តពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលសាខានៅបណ្តាខេត្តទាំងនោះ មានធនធានខ្លះ និងមានការគាំទ្រពីថ្នាក់កណ្តាលបន្ថែម។


លោកស្រីបន្តថា អំណោយដែលទទួលបានពីសប្បុរសនានា កាកបាទក្រហមកម្ពុជា នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសជនចាស់ជរាឥតទីពឹង និងកុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន និងផ្ទុកមេរោគអេដស៍ជាដើម។


ជាមួយគ្នានេះលោកស្រី ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មានបានឱ្យដឹងថា លោកស្រីមានការពេញចិត្ត គោរពស្រឡាញ់ និងកោតសសើរយ៉ាងខ្លាំងក្លា ចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែជួយទៅដល់ប្រជាពលរដ្ឋ មានជីវភាពខ្សត់ខ្សោយ និងជួបទុក្ខលំបាកបានទាន់ពេលវេលា។


លោកស្រីសង្ឃឹមថា អង្ករវីតាមីនទាំងនេះ នឹងទៅដល់ដៃប្រជាពលរដ្ឋងាយគ្រោះ និងជួយឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ហើយលោកជំទាវនិងបន្តជួយដល់ សាខាកាក បាទក្រហមកម្ពុជា ដើម្បីផ្តល់អង្ករវីតាមីននេះបន្ថែមទៀត។


ចំណែកតំណាងគណបក្សចំនួន៥ ក៏បានឱ្យដឹងដែរថា អំណោយដែលយកមកប្រគល់ជូន កាកបាទក្រហមកម្ពុជា នាពេលនេះ គឺ មិនមែនមិនកេងចំនេញនយោបាយនោះទេ គឺចូលរួមចែករំលែកជាមួយ កាកបាទក្រហមកម្ពុជា និងជាកិច្ចការសង្គម ជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋក្រីក្រ ក្នុងន័យខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ។


ទន្ទឹមនឹងនោះតំណាងគណបក្សនីមួយៗបញ្ជាក់ទៀតថា នឹងបន្តកៀងគរពីសមាជិកបក្ស២ខែម្តងចំនួន ២លានរៀល សម្រាប់ប្រគល់ជូនកាកបាទក្រហមកម្ពុជា។


ដូច្នេះដើម្បីជាការរួមចំណែកជាមួយការងារសប្បុរសធម៌ដ៏ធំមួយនេះ តំណាងគណបក្សចំនួន៥ និងចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងការចែករំលែកក្តីស្រឡាញ់ ទៅដល់ប្រជាពលរដ្ឋទីទាល់ក្រ ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕

No comments:

Powered by Blogger.