ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Wednesday, September 13, 2023

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលនឹងប្រឹងប្រែង ជំរុញឱ្យតម្លៃដឹកជញ្ជូនចុះថោក តាមសំណើអ្នកវិនិយោគ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងជំរុញឱ្យតម្លៃដឹកជញ្ជូនក្នុង ប្រទេសកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងកុំឱ្យថ្លៃហួសហេតុ។ ឧប​នាយ​​ក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចបែបនេះតបទៅនឹងសំណើរបស់អ្នក​វិនិយោគ​នៅកម្ពុជា។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បានធ្វើដំណើរទៅ​កាន់​តំបន់​សេដ្ឋ​​កិច្ច​​ពិសេស​​​​ចំនួន៣នៅក្នុងខេត្តព្រះសីហនុ។ នេះជាបេសកកម្មលើកដំបូងរបស់​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រីជាមួយតួនាទីថ្មី ក្នុងនីតិកាលថ្មីនៃរាជរដ្ឋាភិបាល។ ក្នុងបេសកកម្មនោះ លោក​ឧបនា​យក​រដ្ឋមន្ត្រី បានចុះទៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋ​កិច្ច​​ពិសេស​ក្រុង​ព្រះ​សីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេម បូឌាន ចេជាង ហ្គ័រជី។

លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ ស្តាប់នូវបញ្ហានានាដែលពួកគេកំពុងជួបប្រទះ។ មានបញ្ហាមួយចំនួនត្រូវបានលើកឡើងដោយ​ថ្នាក់​ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេម បូឌាន ចេ​ជាង ហ្គ័រជី។ ក្នុងចំណោមបញ្ហាដែលពួកគេលើកឡើងនោះ រួមមានតម្លៃដឹកជញ្ជូនផងដែរ។

ឆ្លើយតបបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលថ្មីដឹក​នាំ​ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយមានរូបលោក ជាប្រធានក្រុមប្រឹក្សាជាតិ​ភស្តុ​ភារ​កម្ម នឹងខិតខំជំរុញឱ្យតម្លៃដឹកជញ្ជូន អាចមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង កុំ​ឱ្យ​ថ្លៃហួសហេតុពេក។

បន្ថែមពីលើនោះ រាជរដ្ឋាភិបាល ក៏បានដាក់ទុនបន្ថែមបង្កើនការកសាងហេដ្ឋា​រចនាសម្ព័ន្ធ​ផ្សេងៗ​ដើម្បីជួយតភ្ជាប់ និងកាត់បន្ថយតម្លៃដឹកជញ្ជូន។ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះមានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (កំពុងកសាង), ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប (កំពុង​សិក្សា)​, គម្រោងព្រែកជីកហ្វូណន-តេជោ, ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត, ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុជាដើម។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តថា គម្រោងទាំងនេះ គឺជាគម្រោងធ្វើឱ្យ​តម្លៃ​ដឹក​ជញ្ជូននៅកម្ពុជាចុះថោក ហើយជួយដល់ការតភ្ជាប់នៃការដឹកជញ្ជូនក្នុងប្រទេសកាន់តែងាយ​ស្រួលផងដែរ៕

0 Comments:

Post a Comment