ឯកឧត្ដមបណ្ឌិត៖ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវសេចក្តីអំណរព្រះគុណជាអនេកប្បការ និងដ៏ស្មោះស្ម័គ្របំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងទូលព្រះបង្គំជាខ្ញុំ ជា នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នេះ គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងជីវិតរបស់ទូលព្រះបង្គំជាខ្ញុំ ដោយទទួលបានឱកាសដ៏វិសេសវិសាលក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត នៅក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។
តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ នឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល ដើម្បីសុំការផ្តល់សេចក្តីអនុម័តទុកចិត្តពីរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដែលគ្រោងនឹងបើកសម័យប្រជុំនាពេលដ៏ខ្លីខាងមុខ ដោយអនុវត្តទៅតាមនីតិវិធីជាធរមានស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានព្រះរាជទានដល់ទូលព្រះបង្គំជាខ្ញុំនាឱកាសដ៏ថ្លៃថ្លានេះ និងជាមួយជំនឿទុកចិត្តពីសំណាក់ជនរួមជាតិជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ទូលព្រះបង្គំជាខ្ញុំ រួមជាមួយឥស្សរជនទាំងអស់ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សូមប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយវីរភាព, សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាត់នូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ទូលព្រះបង្គំជាខ្ញុំ សូមថ្វាយព្រះពរ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាដល់មាតុភូមិកម្ពុជា និងប្រជារាស្រ្តជាកូន ចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្របំផុត កតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ។
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
0 Comments:
Post a Comment