ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនសិស្សវិជ្ជាជីវៈតុលាការ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី។
វត្តមានរបស់សម្តេចតេជោ សម្រាប់កម្មវិធីទាំងពីរនាថ្ងៃនេះ ជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដែលជាផ្នែកមួយនៃការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។
ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនសិស្សវិជ្ជាជីវៈតុលាការ៖
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតជប៉ុនថា ទីតាំងសាលាបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជាកន្លែងធ្លាប់វាយគ្នាជាមួយខ្មែរក្រហម។
* សម្តេចតេជោ ហ៊ុន សែន រំលឹករឿងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា ដោយបានប្តូរសិទ្ធិសម្រេចតែងតាំងប្រធានតុលាការ និងអយ្យការអមតុលាការ ពីនាយករដ្ឋមន្ត្រី មកក្រុមប្រឹក្សារដ្ឋវិញ ដោយមានរដ្ឋមន្ត្រីយុត្តិធម៌ជាប្រធាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ប្រព័ន្ធតុលាការនៅកម្ពុជា កាលពីដើមឡើយមានតែពីរថ្នាក់ទេ តែក្នុងសម័យអ៊ុនតាក់ ទើបបង្កើតឱ្យមានសាលាឧទ្ធរណ៍មួយទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចក្ខុវិស័យតាំងពីដើមរបស់សម្តេច គឺកែទម្រង់ ៩៩ភាគរយ «រស់» មិនកែទម្រង់ ៩៩ភាគរយ «ស្លាប់»។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរៀបចំសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្នាក់នៅ ទាំងសិស្សវិជ្ជាជីវៈតុលាការ និងសិស្សសេដ្ឋកិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សផ្នែកយុត្តិធម៌ឱ្យបានកាន់តែច្រើនទៀត ដើម្បីពង្រឹងផ្នែកយុត្តិធម៌នៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយនៅពេលឃើញក្រសួងនានា យកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនៀមទម្លាប់ សីលធម៌របស់ខ្មែរ គឺគោរពចាស់ទុំ។ ដូច្នេះគ្រួសារនីមួយៗ ត្រូវតែយកចិត្តទុកដាក់ពង្រឹងនូវទំនៀមទម្លាប់ និងសីលធម៌របស់កូន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាន់តែគ្រួសារខ្លួនដោះស្រាយគ្នាមិនបានមក ហើយរត់មករកនាយករដ្ឋមន្ត្រីដែរ។
* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។ បើចូលដល់តុលាការហើយ គឺមានតែអ្នកឈ្នះ និងចាញ់ប៉ុណ្ណោះ។ អ្នកឈ្នះថា តុលាការកាត់ក្តីយុត្តិធម៌ អ្នកចាញ់ថា តុលាការអយុត្តិធម៌។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មេធាវីមិនសប្បាយចិត្តទេ នៅពេលសម្តេចលើកទឹកចិត្តឱ្យដោះស្រាយក្រៅប្រព័ន្ធតុលាការ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមាន និងអ្នកក្រ ត្រូវតែមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ កុំឱ្យមានពាក្យថា អ្នកមានតែងតែឈ្នះ អ្នកក្រតែងតែចាញ់, អ្នកមានតែងតែត្រូវ ឬអ្នកក្រតែងតែខុស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ត្រូវតែអនុវត្តន៍ដោយម៉ឹងម៉ាត់ ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ។ មិនត្រូវលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ស្នើទៅអង្គការ សង្គមស៊ីវិលនានា កុំការពារជនខិលខូចទន្ទ្រានដីរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានអ្នកមានលុយមួយចំនួន ជួលពលរដ្ឋទៅទន្ទ្រានដីរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ឈានឡើងជារៀងរាល់ថ្ងៃ កម្ពុជាជាប្រជាធិបតេយ្យនីតិរដ្ឋ។ ប្រជាធិបតេយ្យ ដែលគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យ។
No comments: