ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Saturday, June 24, 2023

"មហាបំពង់មេនាំទឹកសម្តេច ប៊ុន រានី ហ៊ុនសែន" សមិទ្ធផលថ្មីជាប្រវត្តិ សាស្រ្តទឹកស្អាតនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

  

ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ "មហាបំពង់មេនាំទឹកសម្តេច ប៊ុន រានី ហ៊ុនសែន" ជាបំពង់មេនាំទឹកស្អាតមានមុខកាត់ទំហំ២ម៉ែត្រដែលជាគម្រោងធំបំផុតជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជាក្នុងវិស័យទឹកស្អាតនៅកម្ពុជា ។

មហាបំពងមេនាំទឹកនេះត្រូវបានបើកការដ្ឋានខួងដាក់ក្រោមបាតទន្លេសាប កាលពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដើម្បីធានាដល់ការបញ្ជូនទឹកទៅគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែងបង្កើនសមត្ថភាពរបស់រោងចក្រផលិតទឹកស្អាតបាក់ខែងទាំង ២ ជំហាន ។

ពាក់ព័ន្ធនឹងមហាបំពង់នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា នេះជាសមត្ថភាពដ៏ធំមហិមាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ នៃការកសាងរោងចក្រផលិតទឹកស្អាតនៅប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នេះអាចជាប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាដែលបានប្រើបច្ចេកទេសការខួងដាក់បំពង់មេនាំទឹកស្អាតក្រោមបាតទន្លេសាបពីព្រោះមានមិនលើសពី១០ប្រទេសទេនៅលើពិភពលោកដែលបានដាក់បំពង់មេធំបែបនេះនៅក្រោមបាតទន្លេហើយនេះក៏ជាគម្រូមួយសម្រាប់ប្រទេសក្នុងតំបន់ផងដែរ។

តាមរយៈការខួងដាក់បំពង់ទឹកស្អាតនៅក្រោមបាតទន្លេសាបដែលមានអង្កត់ផ្ចិត២ម៉ែត្រនិងបណ្តោយ៥៥០ម៉ែត្ររោងចក្រផលិតទឹកស្អាតបាក់ខែងនឹងបង្កើនសមត្ថភាពផលិតជិត ពីរដងនៅរាជធានីភ្នំពេញពោលគឺពីជាង៦០ម៉ឺនម៉ែត្រគូប ទៅ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ។ ដំណើរការរបស់រោងចក្រផលិតទឹកស្អាតបាក់ខែងដ៏ធំជាងគេនេះគឺជាផ្នែកដ៏សំខាន់មួយ ក្នុងការជួយឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអាចជួយផ្គត់ផ្គង់ទឹកដល់រាជធានីភ្នំពេញដែលកំពុងប្រឈមមុខនឹងតម្រូវការទឹកកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០១០ ដោយសារការរីកចម្រើនដ៏ខ្លាំងនៃវិស័យសំណង់និងកំណើនប្រជាជន។ សមត្ថភាពនេះនឹងឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការទឹកដោយសារការពង្រីករាជធានី ភ្នំពេញនៅ គ្រប់ទីកន្លែង ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការផ្គត់ផ្គង់ទឹកស្អាតនេះអាចនិយាយបានថាជាសមិទ្ធផលដ៏ធំ ជាសមិទ្ធផលប្រវត្តិសាស្រ្តមិនធ្លាប់មានជាង ១០០ ឆ្នាំហើយ។

សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា ការផ្គត់ផ្គង់និងការវិនិយោគលើវិស័យទឹកស្អាត គឺជាការវិនិយោគមិនចេះចប់នោះទេ ដរាបណាប្រជាពលរដ្ឋនៅតែបន្តកើនឡើង ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា អតុល្យភាពរវាងសេចក្ដីត្រូវការនិងការផ្គត់ផ្គង់នៅតែបន្តមានក៏ប៉ុន្តែ នៅដំណាក់កាលនៅពេលដែលយើងផលិតបានរហូតដល់ជាង១ លានម៉ែត្រគូបក្នុងមួយថ្ងៃយើងនឹងសំរាលបានការបាត់តុល្យភាពនេះ ។

សម្តេចតេជោបានថ្លែងថា មុនកសាងរោងចក្រផលិតទឹកស្អាតបាក់ខែងយើងមានទឹកត្រឹមតែ ៦៤០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃគិតត្រឹមថ្ងៃទី ២០ខែមេសា ឆ្នាំ ២០២៣ ហើយនៅពេល យើងចាប់ផ្ដើមបញ្ចេញទឹកនេះថ្ងៃទី ២១ខែមេសា ឆ្នាំ២០២៣ កម្រិតបរិមាណទឹកបានឡើងដល់ ៨០៤ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ … ចាប់ពីឆ្នាំ២០២៤ ទៅយើងនឹងផលិត បាន ៩៨៧ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ។ ចាប់តាំងពីខែមករាឆ្នាំ ២០២៥ ទៅការផលិតទឹកស្អាតមានរហូតដល់ ១ ១០៧ ០០០ ម៉ែត្រគូប ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ ក្នុងចម្លោះឆ្នាំ ២០២៥-២០៣០ សមត្ថភាពផលិតទឹកស្អាតកម្ពុជានឹងឡើងដល់ ១ ៨០០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃដូច្នេះយើងនឹងដោះស្រាយបានអតុល្យ ភាពរវាងសេចក្ដីត្រូវការនិងការផ្គត់ផ្គង់”។ តាមការរំពឹងទុកគម្រោងនេះនឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជាតាមរយៈការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន៩៦ភាគរយនៅ រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៅលើផែនការ ៩៥ ភាគរយត្រឹមឆ្នាំ២០២៣ព្រមទាំងជួយឲ្យកម្ពុជាសម្រេចបានគោលដៅក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។

ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារនិងថ្លែងអំណរគុណ ចំពោះប្រទេសបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFDរួមជាមួយសហគមន៍អឺរ៉ុបដែលបានផ្តល់ជំនួយនិងកម្ចីដ៏មានសារ:សំខាន់សម្រាប់អនុវត្តគម្រោងដ៏ធំ ហៅ ថាគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ដែលមានសមត្ថភាព  ផលិតទឹកស្អាតសរុបចំនួន ៣៩ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ប្រជាពលរដ្ឋរស់នៅជាយក្រុងក្នុងភូមិបាក់ខែង សង្កាត់ព្រែកលាប លោក សុខ សុផល បានថ្លែងដោយទឹកចិត្តអំណរថា “ ខ្ញុំអបអរសាទរចំពោះសមិទ្ធផលថ្មីនេះ ព្រោះនៅពេលដែលមាន ការអភិវឌ្ឍ ក្នុងនាមជាប្រជាពលរដ្ឋច្បាប់ជាបានទទួលផលពីការអភិវឌ្ឍនោះ ពិសេសទឹកស្អាតនេះតែម្តងវាមានការចាំបាច់ណាស់នៅក្នុងជីវភាពប្រចាំថ្ងៃ ។

លោក បន្តថា នៅក្នុងសង្កាត់របស់លោករស់ប្រជាពលរដ្ឋទើបតែទទួលបានទឹកស្អាតប្រើប្រាស់ប្រហែល១ឆ្នាំនេះទេ ដោយសារតំបន់នេះវានៅជាយក្រុង ដែលមុននេះតំបន់នេះនៅជាព្រៃត្រែងនៅឡើយ តែឆ្នាំនេះមានការអភិវឌ្ឍខ្លាំង ។ លោកបន្តថាមុននេះយើងប្រើប្រាស់ទឹករបស់វិស័យឯកជន វាមានតម្លៃខ្ពស់និងពេលខ្លះមានភាពល្អក់ មិនស្អាតដូចជាទឹករបស់រដ្ឋទេ ។  លោកបន្តថា តាំងពីមានទឹកស្អាតរបស់រដ្ឋប្រើធ្វើឲ្យគ្រួសារលោកក៏ដូចជាប្រជាពលរដ្ឋអបអរច្រើន ព្រោះទឹកស្អាតមានសុវត្តិភាពយើងអាចទទួលទានបានដោយមិនចាំបាច់ដាំពុះនោះទេ យើងធ្វើការ ដាំស្លដោយទំនុកចិត្ត មិនមានការព្រួយបារម្ភ ពីសុវត្តិភាពទៀតនោះទេ ។ លោកស្រី គង់ គឹមសាន រស់នៅសង្កាត់ព្រែកលាបជិតសាលាកសិកម្មព្រែកលាប បាននិយាយថាទឹកស្អាតមានសារៈសំខាន់ណាស់ យើងខ្វះអ្វីបានតែមិនអាចខ្វះទឹកទេ ។ លោកស្រីបន្តថា លោកស្រីរស់នៅទីនេះយូរឆ្នាំមកហើយ ពីដំបូងប្រើប្រាស់តែទឹកទន្លេទេគឺរ៉ែកទឹកពីទន្លេមកប្រើ  បន្ទាប់មកប្រើប្រាស់ទឹករបស់ក្រុមហ៊ុនឯកជន ។ ហើយជាងមួយឆ្នាំមកនេះក៏បានប្រើ ប្រាស់ទឹកស្អាតរបស់រដ្ឋ ។

រោងចកផលិតទឹកស្អាតបាក់ខែងត្រូវបានសាងសង់នៅលើផ្ទៃដីចំនួន ១៥ ហិចតាក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។គម្រោងសាងសង់រោងចកផលិតទឹកស្អាត បាក់ខែងជំហានទី១បានចាប់ផ្តើមសាងសង់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២០ដោយក្រុមហ៊ុន(VINCI CONSTRUCTION GRANDSPROJETS)ដែលជាក្រុមហ៊ុនមកពីប្រទេសបារាំង ក្រោមការត្រួតពិនិត្យដោយអ្នកបច្ចេកទេសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនិងទីប្រឹក្សាបច្ចេកទេសមកពីប្រទេសបារាំងឈ្មោះ SUEZ Consulting ។ រយៈពេលសាងសង់៣៦ ខែដោយប្រើថវិកាសរុបចំនួន២៤៧លានដុល្លារក្នុងនោះមានថវិការបស់រាជរដ្ឋាភិបាលកម្ពុជាដោយពន្ធនាំចូលអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។គម្រោងនេះត្រូវបានគាំទ្រដោយ ឥណទានចំនួនពីររបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ក្នុងទំហំទឹកប្រាក់ ៨៥លានដុល្លារ ព្រមទាំងឥណទាន១០០លានដុល្លារពីធនាគារវិនិយោគអឺរ៉ុប និង ជំនួយឥតសំណងចំនួន ១៥លានដុល្លារពីសហភាពអឺរ៉ុប និង ថវិកាបដិភាគរបស់រដ្ឋករទឹកស្វយ័តភ្នំពេញចំនួន៤៧លានដុល្លារ  ៕ ដោយ៖ច័ន្ទតារារិទ្ធ  

0 Comments:

Post a Comment