ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Friday, June 23, 2023

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ នយោបាយឈ្នះៗរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញលេញ ការអភិវឌ្ឍ និងសមិទ្ធផលជាច្រើនទូទាំងប្រទេស

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ៖ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកសំរោង ទទួលបន្ទុក៩ឃុំ បានអញ្ជើញជាគណៈអធិបតីពិធីសម្ពោធឆ្លងសាលាធម្មសភា គន្ធកុដិ ខ្លោងទ្វារ ក្នុងវត្តពោធិ៍មាស ហៅវត្តសែនភាស ស្ថិតក្នុង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលមានការនិមន្តនិងអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារចុះមូលដ្ឋានស្រុកសំរោង មន្ត្រីរាជការស្រុក ឃុំ ភូមិ យុវជន ព្រះសង្ឃ គណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត ជាង៣០០នាក់។

លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានមានមតិស្វាគមន៍ ធ្វើរបាយការណ៍ពីសមិទ្ធផលសំខាន់ៗទូទាំងស្រុក និងប្រវត្តិនៃការកសាងវត្តសែនភាស ព្រមទាំង បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ និងក្រុមការងារដែលចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួនជាច្រើន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ទាំងពុទ្ធចក្រ អាណាចក្រ ការផ្តល់អំណោយមនុស្សធម៌ជួយជនក្រីក្រ រងគ្រោះផ្សេងៗ។ល។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានពាំនាំការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនព្រះថេរនុថេរៈនិងបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទូទាំងស្រុកសំរោង។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងអគុណ សប្បុរសជន ជាពិសេស ព្រះគ្រូអតីតនិងចៅអធិការវត្តសែនភាសបច្ចុប្បន្ន ដែលបានរួមសាមគ្គីគ្នា កសាងបានសមិទ្ធផលថ្មីស្រឡាងនេះ។ 

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា សមិទ្ធផលនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស អាចកើតឡើងបាន គឺដោយសារប្រទេសជាតិយើងមានសន្តិភាព ហើយសន្តិភាពដែលមានបច្ចុប្បន្ននេះ គឺដោយសារការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ជាពិសេស គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបង្រួបបង្រួមជាតិ ឯកភាពជាតិ តាមរយៈនយោបាយឈ្នះៗរបស់សម្តេច ហើយដើម្បីបន្តធ្វើឱ្យប្រទេសជាតិមានសន្តិភាពនិងការអភិវឌ្ឍន៍ ឯកឧត្តមបណ្ឌិត សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រៀមឯកសារបម្រើឱ្យការបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ជាពិសេស សូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីរក្សាការពារសុខសន្តិភាព និងដឹកនាំអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។ 

ឯកឧត្តមបណ្ឌិត ថ្លែងថា វត្តអារាមមានតួនាទីសំខាន់ណាស់ក្នុងសង្គមខ្មែរយើង ដែលមិនគ្រាន់តែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាកោងសិកាដែលបណ្តុំនូវបញ្ញាញាណ ជាថ្នាលសម្រាប់សាបព្រោះគ្រាប់ពូជបញ្ញវន្ត សម្រាប់ការកសាងជាតិផងដែរ។  ជាក់ស្តែងនៅក្នុងបរិវេណវត្តអារាមទូទាំងប្រទេស តែងតែមានសាលារៀន ដែលជាទំនាមទំនាប់ដ៏ផូរផង់របស់ខ្មែរយើងតាំងពីបូរាណកាលមកម្លេះ។ ជាងនេះទៀត ព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ ក្នុងការអបរំ សីលធម៌ ចរិយាធម៌។ល។

ក្នុងន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងបានខិតខំយកចិត្តទុកដាក់ចែករំលែកជាមួយព្រះតេជគុណ ឧបាសក ឧបាសិកា និងបងប្អូនជនរួមជាតិទូទាំងប្រទេស ដើម្បីសន្សំសីលទានផល និងដើម្បីចែករំលែកវិភាគទាន ទាំងក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាផង និងសង្គមផង តាមរយៈការសាងសង់វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាការរួមសុខ រួមទុក្ខជាមួយព្រះតេជគុណ និងប្រជាពលរដ្ឋ យ៉ាងពិតប្រាកដរបស់ប្រមុខរដ្ឋាភិបាល ហើយ រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជកម្ពុជា នឹងខិតខំបន្តអនុវត្តយុទ្ធសាស្រ្ត និងកម្មវិធីនយោបាយនានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរថែមទៀត។

ទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដាយ ជូន ព្រះសង្ឃ គណៈកម្មការវត្ថ សប្បុរសជន អាជ្ញាធរ ហើយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានចូលបច្ច័យជួយកសាងវត្តសែនភាសបន្ថែមទៀត និងឧបត្ថម្ភវត្តទាំង៣ក្នុងឃុំទ្រា ព្រមទាំងបានឧបត្ថម្ភអំណោយជូន លោកយាយ តា យុវជន ប្រជាការពារ អ្នកចូលរួមផងដែរ៕











0 Comments:

Post a Comment