អាជ្ញាធរខេត្តបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃនៅទូទាំងប្រទេស
សៀមរាប ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានចុះធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប នៅក្នុងស្រុកពួក ខេត្តសៀមរាប។
យុទ្ធនាការនេះ មានគោលបំណងអប់រំ ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង អំពីច្បាប់ចរាចរ ណ៍ផ្លូវគោក និងជាការពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ។ ជាពិសេសអ្នកប្រើប្រាស់ទោច ក្រយានយន្ត ឱ្យមានការប្រុងប្រយ័ត្ន នៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ និងមានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរ ស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្ដសៀមរាប បានថ្លែងថា កត្តាមនុស្ស, កត្តាមធ្យោបាយ, និងកត្តាផ្លូវថ្នល់, ជាហេតុនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ។ ប៉ុន្តែកត្តាទាំងនេះ គ្រាន់តែជាកត្តារួមផ្សំប៉ុណ្ណោះ កត្តាសំខាន់ដែលអាចចៀសវាងគ្រោះថ្នាក់ចរាចរណ៍បាននោះ គឺខ្លួនយើង ។ ដូច្នេះខ្លួនយើងត្រូវចេះការពារខ្លួនឯង ត្រូវកំណត់អ្វីដែលត្រូវធ្វើ និងអ្វីមិនគួរធ្វើ ខណ:កន្លងមកនេះ បញ្ហាគ្រោះថ្នាក់ចរារចរណ៍ បានបណ្ដាលឱ្យបាត់បង់អាយុជីវិត រងរបួស និងខាតបង់ទ្រព្យសម្បត្តិ និងក្រុមគ្រួសារផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាបានបន្សល់ទុកនូវកុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងទុរគតជន ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។
លោក ពិន ប្រាកដ បានអំពាវនាវដល់គ្រប់អាជ្ញាធរគ្រប់ក្រុង-ស្រុកទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូប ក្នុងខេត្តទាំងមូល ត្រូវបង្កើនកិច្ចសហប្រតិបត្តិការគ្នា ឱ្យបានសស្រាក់សស្រាំ ដើម្បីចូលរួមអនុវត្តច្បាប់ និងបទប្បញ្ញត្តិច្បាប់ចរាចរណ៍នានា សំដៅប្រែក្លាយផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ របស់អនុគណ:កម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ និងរួមគ្នាប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ឱ្យទៅជាប្រទេសមួយមានសុវត្ថិភាពចរាចរណ៍ ដ៏គួរឱ្យកក់ក្តៅរបស់យើង។ ជាមួយនោះក៏សូមឱ្យអ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវថ្នល់ សូមចូលរួមអនុវត្តឱ្យបាន នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ” និងសូមបន្តយកចិត្តទុកដាក់ និងចូលរួមអនុវត្តលើកិច្ចការមួយចំនួន ដោយមុនចាប់ផ្តើមបើកបរយានជំនិះ អ្នកបើកបរត្រូវប្រកាន់ទម្លាប់ជាស្វ័យ ប្រវត្តិ ត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានជំនិះ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុនៅលើផ្លូវថ្នល់ ជាពិសេសត្រូវចងចាំជានិច្ចថា “ មួកសុវត្ថិភាពមួយ ការពារជីវិតបានម្នាក់ ” ៕
No comments: