ក្រសួងសុខាភិបាល និងអង្គការដៃគូចែករំលែកបទពិសោធន៍ដល់គ្រូពេទ្យកុមារ ក្នុងការថែទាំព្យាបាលជំងឺភ្នែកកុមារ និងទារក ឱ្យទាន់ពេលវេលា បញ្ចៀសឱ្យបាននូវភាពពិការភ្នែក
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងអង្គការដៃគូ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការយល់ដឹងអំពីសុខភាពភ្នែកកុមារនិងទារក» ដើម្បីអប់រំ និងផ្តល់ព័ត៌មាន ដល់គ្រូពេទ្យកុមារ គិលានុប្បដ្ឋាក-យិកា និងមន្រ្តីសុខាភិបាល អំពីពិការភាពធ្ងន់ធ្ងរនៃជំងឺភ្នែករបស់កុមារ និងទារក ដែលអាចជៀសវាងបាន និងការបញ្ជូនមកសង្គ្រោះ និងព្យាបាលឱ្យបានទាន់ពេលវេលា។
សិក្ខាសាលានេះបានរៀបចំឡើងក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិកាក្រសួងសុខាភិបាល, លោក អានដ្រេស សីប្រាស ( Mr Andreas Zurbrugg) ឯកអគ្គរាជទូតរង អូស្ត្រាលីប្រចាំកម្ពុជា, លោក សិត សំអាត មន្ត្រីប្រចាំប្រទេសរបស់អង្គការ Sight For All កម្ពុជា-ឡាវ, សាស្រ្តាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ដ្រីសុខាភិបាលជាច្រើនរូបទៀត។
លោកសាស្រ្តាចារ្យ ស៊ា ហួង បានឱ្យដឹងថា ជាងពីរទសវត្សកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការពង្រឹងគុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែក ក្រោមគោលនយោបាយសមធម៌សុខភាពសាធារណៈរបស់ក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិសុខភាពភ្នែក។
លោកសាស្ដ្រាចារ្យបន្ដថា កិច្ចប្រឹងប្រែងនេះបានសង្កេតឃើញថាសមត្ថភាពគ្រប់គ្រង និងបង្ការភាពពិការភ្នែកមានការរីកចម្រើនកាន់តែប្រសើរឡើង។ ការប្រើប្រាស់សេវាថែទាំសុខភាពភ្នែក ក៏មានការកើនឡើង ហើយសេវាសុខភាពភ្នែកត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធថែទាំសុខភាពនៅគ្រប់កម្រិតទាំងអស់។
ជាលទ្ធផលអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែក ក្នុងចំណោមប្រជាជនទូទៅបានធ្លាក់ចុះពី ១,២% ក្នុងឆ្នាំ១៩៩៥ មក ០,៣៨% ក្នុងឆ្នាំ២០០៧ ហើយបានបន្តធ្លាក់ចុះមកត្រឹម ០,៣៧% នៅឆ្នាំ ២០១៩។ ជំងឺត្រាក់កូមមិនមែនជាបញ្ហាសុខភាពសាធារណៈទៀតទេ ហើយជំងឺខ្វាក់មាន់ដែលបណ្តាលមកពីកង្វះជីវជាតិអាត្រូវបានលុបបំបាត់នៅកម្ពុជា។ «តាងនាមឱ្យក្រសួងសុខាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអរគុណ និងកោតសសើរចំពោះកម្មវិធីជាតិសុខភាពភ្នែក ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានខិតខំធ្វើឱ្យកម្មវិធីសុខភាពភ្នែកទទួលបានលទ្ធផលល្អប្រសើរនេះ»។ នេះបើតាមការបញ្ជាក់របស់លោក។
លោកសាស្រ្តាចារ្យ ស៊ា ហួង បន្ថែមថា ថ្ងៃនេះបានមកជួបប្រជុំគ្នា ក្នុងសិក្ខាសាលា «ការយល់ដឹងអំពីសុខភាពភ្នែកកុមារ និងទារក» ជាសិក្ខាសាលាមួយដ៏មានសារៈសំខាន់ ។ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអ្នកចូលរួមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីស្តីពី ពិការភាពធ្ងន់ធ្ងរនៃជំងឺភ្នែករបស់កុមារ និងទារកដែលអាចជៀសវាងបាន និងចូលរួមស្វែងរកដំណោះស្រាយដើម្បីជួយបញ្ជូនកុមារ និងទារកអ្នកដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរឱ្យទៅរកសេវាឯកទេសទាន់ពេលវេលា ហើយនេះក៏ជាការចូលរួមការអនុវត្តយុទ្ធសាស្ត្រជាតិលើកទី៣សម្រាប់ការបង្ការ និងត្រួតពិនិត្យភាពពិការភ្នែកឆ្នាំ២០២១-២០៣០ ដែលវាជាការចាំបាច់ខ្លាំងណាស់ដើម្បីធានាលើការពង្រឹងគុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកទូទាំងកម្ពុជា ឈានទៅរកការកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកមកត្រឹម ០,៣៥% នៅឆ្នាំ២០៣០»។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងផងដែរថា កម្មវិធីជាតិសុខភាពភ្នែករៀបចំសិក្ខាសាលានេះឡើង ក៏ដើម្បីកំណត់លក្ខខណ្ឌឱ្យបានត្រឹមត្រូវសម្រាប់អ្នកដែលផ្តល់សេវាថែទាំសុខភាពភ្នែកបឋម ដោយរាប់បញ្ជូលទាំងគិលានុបដ្ឋាក-យិកា និងបុគ្គលិកថែទាំសុខភាពសហគមន៍ ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលជាក់លាក់ ស្តីអំពីសុខភាពភ្នែកកុមារ និងទារក ដើម្បីលើកស្ទួយសេវាបញ្ជូន និងការថែទាំភ្នែកកុមារ និងទារកឱ្យកាន់តែប្រសើរឡើង។
លោកសាស្ដ្រាចារ្យ ងី ម៉េង «ក្រោយបញ្ចប់សិក្ខាសាលានេះ ថ្ងៃនេះយើងនឹងឈានជំហានថ្មីមូយទៀត ដែលបានមកជួបជុំគ្នាចែករំលែកបទពិសោធន៍ ស្វែងយល់បន្ថែមស្តីពីជំងឺភ្នែកកុមារនិងទារក នឹងចូលរួមសហការ ដើម្បីធ្វើយ៉ាងណាបញ្ជូនកុមារ និងទារក ដែលមានជំងឺភ្នែកធ្ងន់ធ្ងរមកព្យាបាលដោយអ្នកឯកទេសភ្នែកកុមារ និងទារកឱ្យទាន់ពេលវេលា ដើម្បីបញ្ចៀសឱ្យបាននូវភាពពិការភ្នែក»។
ក្នុងសិក្ខាសាលានោះ លោក សិត សំអាត បានបង្ហាញថា ជារៀងរាល់ពេលដែលលោកបានទៅបន្ទប់ពិនិត្យ និងព្យាបាលកុមារនិងទារក លោកសង្កេតឃើញបញ្ហាភ្នែកផេ្សងៗគ្នារបស់កុមារ និងទារកដ ដូចជា៖
*កុមារខ្លះធ្វើភ្នែកព្រឹមៗពេលសម្លឹងវត្ថុអ្វីមួយ និងមើលជិតនិងឆ្ងាយមិនច្បាស់
*កុមារមានភ្នែកស្រលៀងចេញក្រៅ និងស្រលៀងចូលក្នុង (ហៅថាភ្នែកស្រលៀង)
*កុមារខ្លះគំហើញថយចុះ កូនក្រមុំឡើងពណ៌សជាភ្នែកឡើងបាយពីកំណើត
*កុមារខ្លះខ្លាចពន្លឺថ្ងៃខ្លាំង កញ្ចក់ភ្នែកធំ គ្រាប់ភ្នែករីកធំ ទឹកដកក្នុងភ្នែកពីកំណើត
*ក្មេងខ្លះរបួសធ្លាយគ្រាប់ភ្នែក និងក្មេងខ្លះរបួសគ្រាំគ្រាប់ភ្នែក
*ទារកខ្លះកើតមិនគ្រប់ខែ ជំងឺសរសៃបាតភ្នែកទារក
*ទារកខ្លះភ្នែកក្រហមពីកំណើត Opththalmianeonatorum៕
No comments: