(ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ឆ្នាំ២០២៣ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងជាតិ បន្តជួយវិនិយោគគាំទ្រដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានរំលេចនូវសមិទ្ធផលដែលសម្រេចបាន នូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការងារសុខភាពមាតា ទារក កុមារ ដូចដែលបានបញ្ជាក់ដោយការអង្កេតប្រជាសាស្ត្រ និងសុខភាព ដែលនៅក្នុងនោះ អត្រានៃការសម្រាលកូន ដោយឆ្មបជំនាញមានការ កើនឡើងពី ៣៤% នៅឆ្នាំ២០០០ ដល់ ៩៩% នៅឆ្នាំ២០២១-២២ ដែលធ្វើឱ្យអត្រាមរណភាពមាតាបានថយចុះពី ៤៣៧ករណី នៅឆ្នាំ២០០០ មកនៅ ១៥៤ករណី ក្នុង១សែនកំណើតរស់ នៅឆ្នាំ២០២១-២២ អត្រាមរណភាពទារកទើបកើតបានថយចុះពី ៣៧ករណី នៅឆ្នាំ២០០០ មកនៅ ៨ករណី ក្នុង១ពាន់កំណើតរស់ នៅឆ្នាំ២០២១-២២ និងអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ បានថយចុះពី ១២៤ករណី នៅឆ្នាំ២០០០ ដល់១៦ករណី ក្នុង១ពាន់កំណើតរស់ នៅឆ្នាំ២០២១-២២។
សម្តេចបបញ្ជាក់ថា «ទោះបីជាយ៉ាងណា យើងមិនត្រូវស្កប់ស្កល់នឹងវឌ្ឍនភាពខាងលើនេះឡើយ ដូចនេះហើយ ខ្ញុំសូមអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ សូមចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបាន គោលដៅរបស់រាជរដ្ឋាភិបាលតាមការកំណត់ និង សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត»។
សម្តេចមានក្តីសង្ឃឹមនិងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបង្កើនលទ្ធភាពបន្ថែមទៀត ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវស្ថានភាពសុខុមាលភាពនៅកម្ពុជា។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអរគុណជាអនេក ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល មន្ត្រីជំនាញ ស្ថាប័នពាក់ព័ន្ធ ម្ចាស់ជំនួយ អង្គការជាតិនិងអន្តរជាតិ កាកបាទក្រហមកម្ពុជា អង្គការសង្គមស៊ីវិល សប្បុរសជន អាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបាន និងកំពុងហើយនឹងបន្តជួយគាំទ្រដល់ការងារឆ្មបកម្ពុជា។
សម្តេចសូមឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាឆ្មបជាតិ-អន្តរជាតិ ឱ្យស្ថិតនៅក្នុងការចងចាំ និងជំរុញការប្ដេជ្ញាចិត្តដ៏រឹងមាំឱ្យទៅជាការអនុវត្តពិតប្រាកដ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់កម្ពុជា នៅឆ្នាំ២០៣០។
ទិវាឆ្មបជាតិ-អន្តរជាតិ ៥ឧសភា ឆ្នាំ២០២៣ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នាជាថ្មី៖ ពីភស្តុតាងជាក់លាក់ ទៅការអនុវត្តពិតប្រាកដ» ក្នុងគោលបំណង លើកកម្ពស់ការយកចិត្តទុកដាក់ ចំពោះសុខភាពមាតា ទារក កុមារទូទាំងសកលលោក និយាយជារួម និង និយាយដោយឡែក សម្រាប់ប្រទេសកម្ពុជា។
ប្រធានបទឆ្នាំ២០២៣នេះ បានផ្តោតជាសំខាន់ទៅលើការប្តេជ្ញាចិត្តរួម របស់ប្រទេសទាំងអស់ជា សមាជិករបស់អង្គការសុខភាពពិភពលោក ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ ក្នុងការខិតខំប្រឹងប្រែង ដោយប្រមូលគ្រប់លទ្ធភាព និងធនធានដែលមានមកវិនិយោគលើការងារឆ្មប ដើម្បីមានឆ្មបជំនាញគ្រប់គ្រាន់ ពោលគឺ ត្រូវមានឆ្មប គិលានុបដ្ឋាក និងវេជ្ជបណ្ឌិត ដែលបំពេញការងារជួយស្រ្តី ក្នុងការសម្រាលកូន អាចឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់ នៃការថែទាំសុខភាព ដើម្បីកាត់បន្ថយអត្រាស្លាប់របស់ ស្ត្រី មាតា ទារក និងកុមារ។ ឆ្មបជំនាញគ្រប់ៗរូប បាននិងកំពុងបំពេញការងារយ៉ាងសកម្ម ក្នុងការតាមដានរកដើមហេតុនៃបញ្ហា និងផលវិបាកនានា ដើម្បីទប់ស្កាត់ជំងឺ ព្យាបាល និងសង្គ្រោះបន្ទាន់ ក្នុងគោលបំណងកាត់បន្ថយអតន ការស្លាប់របស់មាតា ទារក និងកុមារ៕
0 Comments:
Post a Comment