អភិបាលខេត្ត ៖ ៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី សង្ក្រាន្តសន្តិភាពខេត្តកណ្ដាល ទទួលបានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ជាង ៨០ម៉ឺននាក់
កណ្ដាល: ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ថា ក្នុងរយៈពេល ៣ថ្ងៃ ចូលឆ្នាំថ្មីនៃសង្ក្រាន្តសន្តិភាពខេត្តកណ្ដាល ទទួលបានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស មកកម្សាន្តសប្បាយក្នុងខេត្តកណ្ដាល ប្រមាណជាង ៨០ម៉ឺននាក់។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា កត្តាដែលនាំឱ្យមានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស មកកម្សាន្តសប្បាយច្រើនកុះករ នៅក្នុងខេត្តកណ្ដាល គឺដោយសាការយកចិត្តទុកដាក់របស់អាជ្ញាធរក្រុង-ស្រុកទាំងអស់ បានរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយនានា នៅតាមមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរដល់ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកចិត្តទុកដាក់រក្សានូវ សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ជូនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខេត្តកណ្ដាលបានយ៉ាងល្អប្រសើរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះរាល់ការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយយកប័ណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋប្រគល់ជូនដល់ខ្នងផ្ទះរបស់គាត់ នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តលណ្តាល) សម្រួលផ្សាយដោយ៖ dara



No comments: