សម្តេចក្រឡាហោម សខេង ឱ្យអាជ្ញាធរបន្ដបង្ក្រាបអំពើជួញដូរមនុស្ស និងស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់
ភ្នំពេញ :ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) បានបញ្ជាឱ្យអាជ្ញាធរបន្ដត្រួតពិនិត្យ និងបង្ក្រាបករណីបង្ខាំងមនុស្ស ការវិតត្បិតសេរីភាព ការធ្វើទារុណកម្ម ព្រមទាំងអំពើជួញដូរមនុស្សគ្រប់ប្រភេទ ហើយស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ផងដែរ។
គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ គណៈបញ្ជា ការដឹកនាំប្រតិបត្តិការ នៃ គ.ជ.ប.ជ. ដឹកនាំដោយនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបញ្ជីតាមដានពាក់ព័ន្ធសំណើ និងសំណូមពរ តាមរយៈ Facebook សម្ដេច និងប្រភពផ្សេងៗទៀត ចំនួន ៦៩២សំណើ ក្នុងនោះ សំណើ និងសំណូមពរ ស្ទួនមាន ៣១សំណើ ដូច្នេះសំណើជាក់ស្ដែងមានចំនួន ៦៦១សំណើ។ ផ្អែកតាមប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតលើសំណើ សំណូមពរ ដែលទទួលបានទាំង ៦៦១សំណើ បានស្រាវជ្រាវរកឃើញចំនួន ៤៣១សំណើ មនុស្សសរុប ១ ០៣១នាក់។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស ខេង បានសរសេរថា តាមរយៈលទ្ធផល នៃកិច្ចប្រតិបត្តិការនេះ អាចសន្និដ្ឋាន និងវាយតម្លៃបានថា ឆ្លងកាត់រយៈពេលជាង ៤ខែ នៃចុងឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចពាក់ព័ន្ធបានសហការគ្នាធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព ។ ធ្វើឱ្យសភាពការណ៍ ពាក់ព័ន្ធដល់សំណើសុំអន្តរាគមន៍ ជួយដល់ជនបរទេស មានការថយចុះគួរឱ្យកត់សម្គាល់។
សម្ដេចក្រឡាហោម គូសបញ្ជាក់ថា « ខ្ញុំសូមបញ្ជាក់ជូនថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា នៅតែបន្តជំរុញសកម្មភាពក្នុងការត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្ម ក្នុងករណីមានសំណើ ឬមានព័ត៌មានជាក់លាក់ពាក់ព័ន្ធទៅនឹងបទល្មើស ការបង្ខាំងមនុស្ស ការវិតត្បិតសេរីភាព ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការលួចលាក់ បើកអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងស្រាវជ្រាវរកជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់ »។
សម្ដេច បន្ថែមថា អាជ្ញាធរនឹងបន្តពិនិត្យលើសំណើសុំអន្តរាគមន៍ ដែលត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃ និងបន្តការងារស្រាវជ្រាវ ស្វែងរកតាមសំណើ ឬសំណូមពរ សំដៅធានាសុវត្ថិភាពឱ្យបានដាច់ខាត ដល់ជនបរទេស ដែលស្នើសុំអន្តរាគមន៍ ព្រមទាំងស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងចាត់វិធានការឱ្យបានម៉ឹងម៉ាត់ចំពោះជនបរទេស ដែលប្ដឹងបំប៉ោងព័ត៌មាន ឬបំពុលបរិយាកាសសង្គម ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។
សម្ដេច បានបន្ដទៀតថា ឈរលើការងារដ៏មានសារៈសំខាន់នេះ អាជ្ញាធរនឹងបន្តពិនិត្យ វាយតម្លៃលើសំណុំរឿង ដែលពាក់ព័ន្ធបទល្មើស ដើម្បីពន្លាតនីតិវីធីប្រឆាំងការសម្អាតប្រាក់ ពង្រឹងការងារគ្រប់គ្រង ត្រួតពិនិត្យតំបន់ព្រំដែន និងច្រកទ្វារព្រំដែន ពិតនៅតាមច្រកសមុទ្រ សំដៅទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនដោយខុសច្បាប់ របស់ជនបរទេស និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ដែលមានជនជាតិរបស់ខ្លួន។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច នៃបណ្តាប្រទេសពាក់ព័ន្ធ សហការផ្តល់ព័ត៌មាន ពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ៕ដោយអ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ ធូ កុសល
No comments: