លោក គង់ សោភ័ណ្ឌ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡា «ពានរង្វាន់អភិបាលខេត្តកណ្តាល» រដូវកាលទី២ អបអរស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រ
(កណ្ដាល)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រដូវកាលទី២ ផ្តោតសំខាន់ខ្លាំងទៅការសម្តែងកីឡាមិត្តភាព គាំទ្រយុទ្ធនាការ Beyond The Games ក្រោមប្រធានបទ បេះដូងលោតក្នុងចង្វាក់តែមួយ ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣។
លោក គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល «Kong Sophorn Cup» លើកទី២ ឆ្នាំ២០២៣ និងពិធីសម្ដែងកីឡាមិត្តភាព គាំទ្រយុទ្ធនាការ «Bayond The Games» ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» ប្រចាំខេត្តកណ្ដាល នៅពហុកីឡាដ្ឋានខេត្តកណ្ដាល។
ក្នុងឱកាសនោះ លោកអភិបាលខេត្តកណ្តាលបានលើកឡើងជាផ្លូវការ នៅថ្ងៃនេះថា ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយវិស័យកីឡាបានរីកចម្រើនគួរឲ្យកាត់សម្គាល់ ខណៈប្រទេសជាតិ និងប្រជាជនទាំងមូលកំពុងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
តាមរយៈការប្រកួតពានរង្វាន់លោកអភិបាល គង់ សោភ័ណ្ឌ រដូវកាលទី២នេះ មិនត្រឹមតែជាការប្រកួតប្រជែងដណ្តើមពានរង្វាន់ក្នុងខេត្តកណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការកសាងសមត្ថភាពវិជ្ជាជីវៈកីឡារបស់កីឡាករ កីឡាការិនី គ្រូបង្វឹក និងគាំទ្រយ៉ាងពេញទំហឹងដល់ព្រឹត្តិការណ៍កីឡាជាតិប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ។
ព្រឹត្តិការណ៍បាល់ទាត់នេះមាន១៩ក្រុមចូលរួមមានក្រុមកីឡាករបាល់ទាត់១៩ក្រុម មកពីមន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១១ និងវិស័យឯកជន ក្នុងខេត្តកណ្តាល។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ និងការសម្តែងកីឡាមិត្តភាពគាំទ្រយុទ្ធនាការ Beyond The Games ដែលបានប្រព្រឹត្តិយ៉ាងអធិកអធមនាឱកាសនេះ គឺដើម្បីអបអរសាទរក្នុងការត្រៀម ឆ្ពោះទៅកាន់ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលទង់ជាតិកម្ពុជានឹងអណ្តែតឡើងប្រកប ដោយមោទកភាព ក្នុងនាមជាប្រជាជាតិ ដែលមានអរិយធម៌ វប្បធម៌ ដ៏ល្បីរន្ទឺ និងចំណាស់ មួយក្នុងសកលលោក ដែល នៅសល់តែ ៦៣ថ្ងៃ ទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការប្រកួតកម្រិតអន្តរជាតិ ដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ឆ្នាំមកហើយ។
Beyond The Games លើសពីកីឡា លើសពីការប្រកួត យើងចង់បង្ហាញទៅកាន់សង្គមជាតិ និងពិភពលោកថា កីឡាផ្សាភ្ជាប់នឹងវប្បធម៌មរតកជាតិ, កីឡាផ្សារភ្ជាប់សន្តិភាព និងការអភិវឌ្ឍ, កីឡាផ្សារភ្ជាប់ស្មារតីសាមគ្គីភាព និងមិត្តភាព៕
No comments: