ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, March 21, 2023

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដាក់ចេញនូវការងារអាទិភាពចំនួន១៨ ជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញ ក្នុងពិធីបិទការប្រកាសដាក់ឱ្យអនុវត្ត ដំណាក់កាលទី ៤ (ឆ្នាំ ២០២៣-២០២៧) «គណនេយ្យភាពសមិទ្ធកម្ម»នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានទាញការយកចិត្តទុកដាក់របស់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និង គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់, លើសកម្មភាពជាក់ស្តែងមួយចំនួន ដែលជាអាទិភាពខ្ពស់ នៅក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី ៤ ដូចតទៅ៖

ទី១៖ បន្តលើកកម្ពស់សមត្ថភាពស្ថាប័ន, ភាពជាអ្នកដឹកនាំ និង ប្រសិទ្ធភាពនៃការ-គ្រប់គ្រង, ភាពជាម្ចាស់ និងឆន្ទៈ របស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ទាំងនៅតាមក្រសួង-ស្ថាប័ន និង នៅតាមអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ជាមួយគ្នានេះ, ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគ្រប់ក្រសួង-ស្ថាប័ន ត្រូវរៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព កែទម្រង់របស់ខ្លួន ជាប្រចាំខែ និង រៀបចំរបាយការណ៍វឌ្ឍនភាព ប្រចាំត្រីមាស និង ប្រចាំឆ្នាំឱ្យបានទាន់ពេល ។

ទី២៖ បន្តជំរុញការអនុវត្ត និង ការតាមដានលើការអនុវត្តផែនការសកម្មភាពលម្អិត សម្រាប់ «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨-២០២៥»; យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៩-២០២៥» «យុទ្ធសាស្រ្តស្តីពី ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ឆ្នាំ ២០១៩-២០២៥» «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០១៩-២០២៥» «ផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារតាម FMIS» និង «យុទ្ធសាស្រ្តីពីការអនុវត្តស្តង់ដាគណនេយ្យ សាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា ឆ្នាំ ២០២១-២០៣១» ដើម្បីឱ្យសម្រេចបានតាមគោលដៅ ដែលបានដាក់ចេញ ស្របតាមក្របខណ្ឌពេលកំណត់ ប្រកបដោយជោគជ័យ និង ចីរភាព ។

ទី៣៖ បន្តយកចិត្តទុកដាក់រៀបចំ និង កែលម្អគោលនយោបាយកៀរគរចំណូលសារពើពន្ធ និង មិនមែនសារពើពន្ធ ស្របតាមបរិបទសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវបានកំណត់នៅក្នុងច្បាប់ស្តីពីសារពើពន្ធ; ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ; និង ច្បាប់ស្ដីពីការគ្រប់គ្រង, ការប្រើ-ប្រាស់ និង ការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ; ឱ្យបានចប់សព្វគ្រប់ ដើម្បីមានមូលដ្ឋានគតិ-យុត្តពេញលេញ និង គ្រប់ជ្រុងជ្រោយ សម្រាប់ធានាការអនុវត្តច្បាប់ទាំងនេះ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ។

ទី៤៖ ជំរុញការរៀបចំនូវលិខិតបទដ្ឋានពាក់ព័ន្ធ សម្រាប់ធានាដល់ការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈនេះ ទទួលបានការអនុម័ត និង ត្រូវបានប្រកាសដាក់ឱ្យអនុ-វត្ត តាមនីតិវិធីជាធរមាន) ។

ទី៥៖ សហការជិតស្និទ្ធជាក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជំរុញការ-រៀបចំបញ្ចប់នូវវិសោធនកម្មច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ ។

ទី៦៖ ជំរុញការធ្វើស្វ័យប្រវត្តិកម្មពេញលេញ នៃការអនុវត្តថវិកាតាម FMIS និងធានាប្រសិទ្ធភាពនៃការប្រើប្រាស់ FMIS ឱ្យបានប្រសើរបំផុត ។

ទី៧៖ បន្តជំរុញការពិនិត្យ និង ការកែលម្អនីតិវិធីអនុវត្តថវិកា, ទាំងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ទាំងក្នុងក្របខណ្ឌក្រសួង-ស្ថាប័នជំនាញ, ដើម្បីឈានទៅ «អនុវត្តជាមូលដ្ឋាន» នូវ ថវិកាព័ត៌មានសមិទ្ធកម្ម ចាប់ពីឆ្នាំ ២០២៦ តទៅ ។

ទី៨៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នជំនាញ ត្រូវបន្តបង្កើនការ-យកចិត្តទុកដាក់ លើការកែលម្អគុណភាព, ខ្លឹមសារ និង រចនាសម្ព័ន្ធកម្មវិធី, ក៏ដូចជារចនា- សម្ព័ន្ធរដ្ឋបាល; ព្រមទាំងការកំណត់បន្ទាត់គណនេយ្យភាព ឱ្យច្បាស់លាស់ តាមកម្រិតនីមួយៗ នៃរចនាសម្ព័ន្ធកម្មវិធី និង រចនាសម្ព័ន្ធរដ្ឋបាល ។

ទី៩៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នជំនាញ ត្រូវបន្តបង្កើនកិច្ច-សហប្រតិបត្តិការ និង កិច្ចសហការជិតស្និទ្ធ ដើម្បីកំណត់ និង ជំរុញអង្គភាពថវិកាអាណា-ប័កផ្ទេរសិទ្ធិមិនពេញលេញ ឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ។ ជាមួយគ្នានេះ, ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកា, គ្រប់ក្រសួង-ស្ថាប័ន ត្រូវរៀប-ចំរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការរៀបចំ និង ការបង្កើតអង្គភាពថវិកា ដោយត្រូវធ្វើការ-ត្រួតពិនិត្យលក្ខណៈសម្បត្តិអង្គភាពថវិកា និង ការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន ដោយផ្សារភ្ជាប់ជាមួយនឹងផែនការកសាងសមត្ថភាពផងដែរ ។

ទី១០៖ ជំរុញការពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ឱ្យមានប្រសិទ្ធភាព តាមរយៈការ-ផ្ដល់សិទ្ធិអំណាចកាន់តែច្រើនដល់អ្នកអនុវត្ត ដែលក្នុងនោះ ថ្នាក់ដឹកនាំ ឬ ថ្នាក់គ្រប់គ្រង ត្រូវមានតួនាទីទទួលខុសត្រូវចំពោះសមិទ្ធកម្ម ឬការត្រួតពិនិត្យលើលទ្ធផលនៃការអនុវត្ត, ចំណែកការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ត្រូវធ្វើឡើងតាមរយៈការពង្រឹងមុខងារត្រួតពិនិត្យហិរញ្ញវត្ថុនៅតាមក្រសួង-ស្ថាប័នសាមី, មុខងារសវនកម្មផ្ទៃក្នុង និង មុខងារអធិការ-កិច្ចហិរញ្ញវត្ថុ ។

ទី១១៖ បន្តជំរុញរៀបចំ និង អនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម រវាងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នជំនាញ ។ ក្នុងកិច្ចការនេះ, អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវបន្តគាំទ្រ និង បណ្តុះបណ្តាលបន្ថែម លើការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម ព្រមទាំងធ្វើការតាមដាន និង វាយតម្លៃ ជាប្រចាំ លើការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម ។

ទី១២៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់-គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវជំរុញរៀបចំបញ្ចប់គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិ- រញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល និង របស់ក្រសួង-ស្ថាប័ន និង ក្របខណ្ឌរួមផែនទីបង្ហាញផ្លូវ និង ផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ (Expenditure Arrears) ដើម្បីបង្កើនប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព នៅក្នុងការគ្រប់គ្រង និង ការអនុវត្តចំណាយថវិកា ។

ទី១៣៖ បន្ដយកចិត្តទុកដាក់ លើការពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធា- រណៈ, ទាំងផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ទាំងនៅតាមក្រសួង-ស្ថាប័ន និង ទាំងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ដើម្បីទ្រទ្រង់ដល់ការងារកែទម្រង់ផង និង ដើម្បីជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចការប្រចាំថ្ងៃផង ។

ទី១៤៖ បន្ដយកចិត្តទុកដាក់ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត លើការគ្រប់គ្រងទ្រព្យ-សម្បត្តិរដ្ឋ តាមរយៈការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យ-សម្បត្តិរដ្ឋ (ឬហៅកាត់ថា SARMIS) និង ការរៀបចំបញ្ចប់ផែនការគោលសម្រាប់គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។

ទី១៥៖ បន្តលើកកម្ពស់តម្លាភាពថវិកា ដូចមានកំណត់នៅក្នុងបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ២០២៣ ដែលទើបត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ។ ជា ការចាប់ផ្តើម, ក្រសួងធនធានទឹក និង ឧតុនិយម; ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក-វិទ្យា និង នវានុវត្តន៍; ក្រសួងអប់រំ យុវជន និង កីឡា; និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា; ត្រូវមានភារកិច្ចរៀបចំវេទិកាសាធារណៈ អំពីការរៀបចំកញ្ចប់ថវិកាប្រចាំឆ្នាំ និង ការរៀបចំសៀវភៅថវិកាពលរដ្ឋ ស្របតាមការណែនាំដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានផ្តល់ជូននាពេលថ្មីៗកន្លងទៅ ។

ទី១៦៖ បន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ លើគំនិតផ្តួចផ្តើមមួយចំនួន នៅក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមាន៖ ការ-គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមគោលការណ៍បៃតង, ការបញ្រ្ជាបយេនឌ័រក្នុងថវិកា, និង ការធ្វើពិពិធកម្មបំណុលសាធារណៈ, ពិសេស តាមរយៈការអភិវឌ្ឍមូលបត្ររដ្ឋ ។

ទី១៧៖ ជំរុញអនុវត្តផែនការសកម្មភាពលម្អិត និង យន្តការត្រួតពិនិត្យ និងតាមដាន សម្រាប់ការអនុវត្តឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្រ្ត ស្តីពីសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១» រួមមាន៖ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ; កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ; កម្មវិធីជាតិសម្រាប់ការកែ-ទម្រង់រដ្ឋបាលសាធារណៈ និង កម្មវិធីកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ ។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មិនមែនជាការងារដាច់ដោយឡែក របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប៉ុណ្ណោះទេ, ប៉ុន្តែជាការងារដែលទាមទារឱ្យមានការចូលរួមពីសំណាក់គ្រប់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។

លោកសូមលើកទឹកចិត្តឱ្យគ្រប់ក្រសួង-ស្ថាប័ន ខិតខំកែលម្អផែនការយុទ្ធសាស្ត្រថវិកា, ពង្រឹងគុណភាពថវិកាកម្មវិធី, សកម្មចូលរួមក្នុងការអនុវត្ត FMIS, ព្រមទាំងលើកកម្ពស់ការពង្រឹងគណនេយ្យភាព និង តម្លាភាពនៃការអនុវត្តថវិការបស់ខ្លួន ជាមួយនឹងការប្រឹងប្រែងពង្រឹងថែមទៀត នូវភាពដឹកនាំក្នុងកិច្ចការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័នរបស់ខ្លួន ។

ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ, លោកសូមលើកទឹកចិត្តឱ្យបន្ដពង្រឹងការរៀបចំ និងការអនុវត្តថវិកាកម្មវិធី, ពង្រឹងប្រសិទ្ធភាពនៃការវិភាជន៍ថវិកា និង ពង្រឹងគណនេយ្យភាពថវិកាបន្ថែមទៀត ។ ជាមួយគ្នានេះ, រដ្ឋបាលរាជធានី-ខេត្ត ត្រូវត្រៀមខ្លួនចូលរួមអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់-គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កំពុងរៀបចំធ្វើការសិក្សារួមគ្នា ហើយគ្រោងនឹងបញ្ចប់របាយការណ៍ សម្រាប់ដាក់ឱ្យអនុវត្ត នៅដើមឆ្នាំ ២០២៤ ខាងមុខ៕

0 Comments:

Post a Comment