រដ្ឋមន្ត្រីក្រសួងការងារ៖ ក្រសួងបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ១លាន ៥សែននាក់
ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្រសួងបានត្រៀមរៀបចំផែន ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន នៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១លាន ៥សែននាក់។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងក្នុង សន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ កាលពីថ្ងៃ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្តីការក្រសួងថា ក្រសួងបានខិតខំអនុវត្តបានយ៉ាងល្អ តាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍមូលធនមនុស្សដែលជាធនធាន ជន្ទល់គាំទ្រឱ្យការរីកចម្រើន នៃសង្គមសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយ៖ ១-ជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យ និងកម្រិតជីវភាពកាន់តែប្រសើរឡើង ។ ២-លើក កម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ៣-បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកប ដោយចំណេះដឹង សមត្ថភាព ជំនាញឥរិយាបថការងារ ផលិតភាពខ្ពស់ និង មានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។ ៤-ធានាថា “ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត ”។
ឯកឧត្តមបន្តថា ជាមួយនេះផងដែរការអនុវត្តដោយជោគជ័យនូវ អាទិភាពទី២ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: រួមទាំងការបន្តជំរុញ និងចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥, ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣, និងគោលនយោបាយ ស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣, ក្របខ័ណ្ឌគោលនយោ បាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងការបូបកម្ពុជា ២០២២-២០២៧, ក្របខ័ណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥, ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា, និងផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២២-២០៣៥ ។
ឯកឧត្តមលើកឡើងថា ក្រសួងបាននិងកំពុងអនុវត្តផែនការមេសម្រាប់អភិវឌ្ឍន៍គ្រឹះ ស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២១-២០២៥ ដោយផ្តោតលើយុទ្ធសាស្ត្រចំនួន ៤ គឺ ១. ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត របស់គ្រឹះស្ថានសិក្សា។ ២. ការបំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្តុះបណ្តាល ។ ៣. ការពង្រឹងសមត្ថភាព អ្នកដឹកនាំ គ្រប់ គ្រងមន្រ្តីជំនាញ និងគ្រូបច្ចេកទេស ។ ៤. ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេ ក ទេស និងវិជ្ជាជីវៈប្រកបដោយបរិយាប័ន្នយេនឌ័រ។ រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេ កទេស និងវិជ្ជាជីវៈ (TVET-DAY) នៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីសារៈសំខាន់ពីវិស័យនេះ ដល់គ្រប់ភាគីភាពពាក់ព័ន្ធជា ពិសេសដល់គ្រប់មូល ដ្ឋានសហគមន៍, គ្រួសារ, សិស្សានុសិស្ស, យុវជន, និងជនងាយរងគ្រោះ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា « ក្រសួងបានត្រៀមរៀបចំផែនការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភ ចាប់ពីឆ្នាំ២០២៣នេះតទៅឱ្យ មានប្រសិទ្ធភាពខ្ពស់» ៕ដោយអ៊ាង ប៊ុនរិទ្ធសម្រួលដោយ៖ដារ៉ា
No comments: