ថ្នាក់ដឹកនាំ សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ អញ្ជើញបើកបវេសនកាល ផ្តល់អំណោយកង់ សម្ភារ និងថវិកាជូន គ្រូនិងសិស្សជិត ៣០០នាក់ នៅសាលាបឋមសិក្សាចិញ្ចែង
ខេត្តតាកែវ៖ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធានសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និង ឯកឧត្តម ថាំង ប៊ុនសុង អនុប្រធាន ព្រមទាំង ក្រុមការងារ សប្បរសជន បានអញ្ជើញជាអធិបតី ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅសាលាបឋមសិក្សាចិញ្ចែង ស្ថិតក្នុងភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី០២ ខែមករាឆ្នាំ២០២៣។
ក្នុងពិធីនោះដែរ សមាគមបានផ្តល់អំណោយ៖
-កង់ចំនួន៦គ្រឿង ជូនសិស្សលេខ១
-កាបូប១២ ជូនសិស្សលេខ២និងលេខ៣
-សិស្សានុសិស្ស សរុប២៦០នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកា២,០០០រៀល សៀវភៅ២ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម បន្ទាត់១ នំ១កញ្ចប់ និងទឹកសុទ្ធ១ដប
-លោកគ្រូនិងអ្នកគ្រូ ៧នាក់ ទទួលបាន ថវិកា ៤០,០០០រៀល ក្នុងម្នាក់
-ឧបត្ថម្ភសាលាដែលជំពាក់ថ្លៃចាក់ដី 200$
-ឧបត្ថម្ភតំណាងអាជា្ញឃុំ ភូមិ នរបាលប៉ុស្តិ៍២រូប និង មាតាបិតា ចាស់ សរុបថវិកា ៥០០,០០០រៀលផងដែរ។
ទន្ទឹមនោះ លោកស្រីមេធាវី បានឧបត្ថម្ភ ប្រាក់ខែ៥០$ក្នុងខែ រាល់ខែ ជូនអ្នកអនាម័យម្នាក់ និង ឧបត្តម្ភ តុ កៅអី សម្រាប់នាយក ទូដាក់ឯកសារចំនួន២ និង ភូគោល១។
ពិធីនេះ មានការចូលពីអាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណ៣០០នាក់ រួមជាមួយក្រុមការងារសមាគមគឺ៖
-លោក សួន គឹមសាន
-លោក សំ កញ្ញា
-លោក រ៉ុម ភក្តី
ក្រៅពីសំណេះសំណាល សួរសុខទុក្ខ លោកស្រីមេធាវី តាំង ស៊ីនហុង បានជម្រាបពីសកម្មភាពចម្បងៗ និង ទិសដៅសំខាន់របស់ សមាគមខ្មែរអភិវឌ្ឍន៍ គឺចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំប្រទេសកម្ពុជាដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកស្រីមេធាវីបានបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូននាពេលនេះ ក៏ដូចជាកន្លងមក គឺបានពីការបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់លោកស្រី និងមិត្តភក្តិ សប្បុរសជន ដែលគាំទ្រសកម្មភាពរបស់សមាគម និងក្រុមការងាដែលបានចុះមកផ្ទាល់ពេលនេះ បែប ខ្មែរជួយខ្មែរ។
ទន្ទឹមនោះ លោកស្រីមេធាវី តាំង ស៊ីនហុង បានណែនាំឲ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រ ធ្វើជាសិស្សល្អ កូនល្អ ដើម្បីអនាគតត្រចះត្រចង់សម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ សង្គមជាតិ ជាពិសេស ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចូលរួមថែរក្សា ការពារសន្តិភាព និងសូមជូនពរឲ្យ ប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
លោក សួន សុង ជំទប់ទី១ឃុំជើងគួន បានឡើងមានមតិស្វាគមន៍ និងអានសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣។
លោក ស៊ុំ ផល្លី នាយកសាលាបឋមសិក្សាចិញ្ចែង សូមថ្លែងអំណរ អរគុណ៖ លោកស្រីមេធាវីប្រធាន តាំង ស៊ីនហុង, ឯកឧត្តម ថាំង ប៊ុនសុង និងសប្បុរសជន ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម និងបានឧបត្ថម្ភអំណោយជា សម្ភារ និងថវិកា ជូនគ្រូ និងសិស្សនាពេលនេះ ព្រមទាំង បានចំណាយថវិកាជាច្រើនចូលរួមអភិវឌ្ឍន៍សាលារួមមាន៖ កសាងផ្លូវចូល១ខ្សែ សួនច្បារ របងសាលា ក្លោងទ្វារ កន្លែងលាងដៃ។ល។
លោកនាយក សូមប្រសិទ្ធិពរ ជ័យសិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ចូរកើតមានដល់ លោកស្រីមេធាវីប្រធាន, ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល នូវព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
No comments: