ប្រសាសន៍សំខាន់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី សាកលវិទ្យាល័យ UME សាខាខេត្តបាត់ដំបង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២
បាត់ដំបង៖ ខ្ញុំសូមអបអរសាទរចំពោះនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រទាំង ០៣ កម្រិត រួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ទាំង ១៩៥៥ នាក់នាពេលនេះ។ ពិតណាស់ ការសិក្សាគ្រាន់តែជាផ្នែកមួយនៃដំណើរជីវិតដែលក្នុងនេះត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ប៉ុន្តែការប្រឹងប្រែងសិក្សារៀនសូត្រដោយជម្នះការលំបាកអស់រយៈពេលជាច្រើនឆ្នាំ រហូតបានបញ្ចប់ការសិក្សា គឺជាភាពជោគជ័យមួយដ៏សំខាន់នៅក្នុងដំណាក់កាលទាំងនេះ សម្រាប់ការកសាងអនាគតរបស់មនុស្សម្នាក់ៗ។ មួយវិញទៀត នេះក៏ជាមោទកភាពរបស់ឪពុកម្តាយ និងក្រុមគ្រួសារទាំងមូលផងដែរ ខណៈដែលឪពុកម្តាយខ្លះមិនមានឱកាសបានសិក្សារៀនសូត្រ ដោយសារការរស់នៅក្នុងរយៈកាលសង្គ្រាម ហើយក្នុងសម័យសុខសន្តិភាពដូចបច្ចុប្បន្ននេះ លោកបានខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតា និងទំនុកបម្រុងឱ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងមានអនាគតល្អត្រចះត្រចង់ ជាក្តីសង្ឃឹមសម្រាប់ពួកគាត់។
ការទទួលបានសញ្ញាបត្រក្នុងថ្ងៃនេះ គឺជាសមិទ្ធផលជោគជ័យដ៏ធំធេងក្នុងដំណើរជីវិត និងបានបង្ហាញនូវមេរៀនគុណតម្លៃមួយចំនួន ដែលអាចយកទៅអនុវត្តទាំងនៅក្នុងការសិក្សា, ជីវិតការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ រួមមានជាអាទិ៍៖ ១. ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនរួមផ្គុំគ្នា, ២. ការខិតខំប្រឹងប្រែងព្យាយាមតស៊ូស្វាធ្យាយ គឺជាកត្តាសំខាន់នៃភាពជោគជ័យ, ៣. ការទទួលបានភាគជោគជ័យអាចប្រើពេលវេលាយូរអង្វែង ដូច្នេះទាមទារនូវការអំណត់អត់ធន់, ៤. ការកំណត់គោលដៅច្បាស់លាស់ និងបន្តដំណើរទៅមុខជាប់ជានិច្ច រហូតអាចសម្រេចបាននូវគោលដៅ ទោះបីជាត្រូវប្រឈមនឹងបញ្ហាជាច្រើននៅតាមផ្លូវក៏ដោយ ហើយដោយពេលខ្លះក៏ត្រូវទទួលរងបរាជ័យច្រើនផ្ទួនៗក៏ដោយ។
សូមផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ នូវអនុសាសន៍មួយចំនួន ដូចតទៅ៖ ១. បន្តរៀនសូត្រ ដោយរៀនហើយរៀនទៀត រៀនឥតឈប់ឈរ, ២. បន្តទម្លាប់ជោគជ័យ តាមរយៈការខិតខំបំពេញការងារគ្រប់បែបយ៉ាងដោយយកចិត្តទុកដាក់ធ្វើឱ្យបានល្អហ្មត់ចត់ និងច្បាស់លាស់ មិនថាជាការងារតូច ឬការងារធំ ហើយក៏ត្រូវប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន ដោយត្រូវខិតខំរិះរកវិធីសាស្ត្រដោះស្រាយគ្រប់បញ្ហាឱ្យបានល្អ និងបានឆាប់រហ័ស ទោះក្នុងកាលៈទេសៈណាក៏ដោយ, និង ៣. ត្រូវអភិវឌ្ឍខ្លួនឱ្យស្របជាមួយនឹងដំណើរអភិវឌ្ឍន៍រួមរបស់ស្ថាប័ន, អង្គភាព និងសង្គមជាតិ។
សូមអរគុណដល់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបង ដែលបានផ្តល់អាហារូបករណ៍ជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈគណៈកម្មាធិការអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ផ្តល់ជូនសិស្ស-និស្សិតខ្វះលទ្ធភាពដើម្បីទទួលបានការសិក្សា និងឱកាសក្នុងការប្រែក្លាយខ្លួនទៅជាធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញរបស់កម្ពុជា។ អត្ថបទនិងរូបភាពដោយ HMN Media
#Hunmanet #Cambodia
No comments: