រថយន្តចង្កូតស្តាំអត់ពន្ធជាង ២ពាន់គ្រឿង ចូលមកចុះបញ្ជី, បង់ពន្ធបាន ១០២៩គ្រឿង និងចង្កូតឆ្វេង ១៥គ្រឿង ទទួលប្រាក់ពន្ធ ៤.៣៥ លានដុល្លារ គិតត្រឹមថ្ងៃទី១៨ ខែកក្កដានេះ
(ភ្នំពេញ)៖ គិតពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ មានម្ចាស់ និងអ្នកកាន់កាប់រថយន្តចង្កូតស្តាំមកបញ្ជីសរុបមានចំនួន ២ ០៦០ គ្រឿងក្នុងនោះបង់ពន្ធរួចចំនួន១ ០២៩ គ្រឿង និងរថយន្តចង្កូតឆ្វេងមកបង់ពន្ធចំនួន១៥គ្រឿង ដោយសរុបថវិកាពន្ធទទួលបានចំនួន ៤.៣៥ លានដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) ដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា អនុលោមតាមប្រសាសន៍ និងការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ដោយពុំតម្រូវឱ្យកែចង្កូត និងការអនុញ្ញាតឱ្យបន្តប្រមូលពន្ធ និងអាករលើរថយន្តចង្កូតឆ្វេងគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ខ្លួនបានចាត់ចែងអនុវត្តការងារយ៉ាងសកម្ម។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ទៀតថា គិតពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ ម្ចាស់ និងអ្នកកាន់កាប់រថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេស ដែលនៅសេសសល់បានចូលខ្លួន មកចុះបញ្ជីរថយន្ត និងបង់ពន្ធ និងអាករជាបន្តបន្ទាប់ដោយទទួល បានលទ្ធផលដូចខាងក្រោម៖
* រថយន្តចង្កូតស្តាំ ត្រូវបានចុះបញ្ជីសរុបមានចំនួន ២ ០៦០ គ្រឿង ក្នុងនោះម្ចាស់បានបង់ពន្ធ និងអាករ រួចរាល់ចំនួន ១ ០២៩ គ្រឿង និងនៅសល់ក្នុងបញ្ជីពុំទាន់ បានបង់ពន្ធនិងអាករចំនួន ១ ០៣១ គ្រឿង
* រថយន្តចង្កូតឆ្វេង ដែលត្រូវបានអនុញ្ញាតឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ដោយមិនរងពិន័យមានចំនួន ១៥ គ្រឿង
* ទឹកប្រាក់ពន្ធ និងអាករសរុបដែលទទួលបានពីរថយន្តចង្កូតស្ដាំ និងឆ្វេងខាងលើមានចំនួនប្រមាណ ១៧.៧៩ ប៊ីលានរៀល (ត្រូវជាប្រមាណ ៤.៣៥ លានដុល្លារអាមេរិក)។
ទន្ទឹមនឹងការទទួលឱ្យម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់នៅសេសសល់មកចុះបញ្ជី និងបង់ពន្ធនិងអាករ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានបន្ថែមកម្លាំងមន្ត្រីគយ និងរដ្ឋាករ ចុះប្រចាំការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់ការលួចនាំចូល ឬប៉ុនប៉ងនាំចូលរថយន្តខុសច្បាប់ បានយ៉ាងខ្ជាប់ខ្ជួន តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាលទ្ធផល មកដល់បច្ចុប្បន្ន ពុំមានបទល្មើសនៃការនាំចូលរថយន្តខុសច្បាប់ ចូលមកក្នុងប្រទេសកម្ពុជាទេ។
ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការក្រើនរំលឹកទៅកាន់ម្ចាស់ និងអ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ត្រូវរួសរាន់មកបង់ពន្ធនិងអាករ ឬស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅអង្គភាពគយ និងរដ្ឋាករជិតបំផុត ឱ្យបានយ៉ាងយូរត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជៀសវាងការអនុវត្តវិធានការបង្ក្រាប និងរឹបអូសដោយមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕
No comments: