គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលរាជធានីភ្នំពេញ៖ ទិវាចងចាំឆ្នាំនេះ ២០ ឧសភា ២០២៥ នឹងធ្វើឱ្យធំជាងរាល់ឆ្នាំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក

  

ទិវាចងចាំត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង ៣លាននាក់។ សំរាប់រាជធានីភ្នំពេញ ទិវាចងចាំឆ្នាំនេះ នឹងធ្វើឱ្យធំជាងឆ្នាំកន្លងទៅ នៅថ្ងៃ២០ ឧសភា ២០២៥ ខាងមុខនេះ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌ
ដង្កោ។

នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយត្រៀមរៀបចំទិវាជាតិ នៃការចងចាំក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសរីកចំរើន ជឿនលឿន ទៅជាប្រទេសគ្មានអ្វីទាំងអស់។ យើងតែងប្រារព្វទិវាចងចាំនេះ ជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស គឺដើម្បីរំលឹកពីរបប ដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា អស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជា អស់ជាង ៣លាននាក់។

ឯកឧត្តម ឃួង ស្រេង បានបន្តថា «ទិវាចងចាំឆ្នាំនេះ យើងរៀបចំធ្វើឱ្យធំជាងឆ្នាំកន្លងទៅ។ សំរាប់រដ្ឋបាលរាជធានីភ្នំពេញ ទទួលខុសត្រូវក្នុងការរក្សាសន្តិសុខ និងដោយមានប្រជាពលរដ្ឋ មន្ត្រីរាជការចូលរួម»។ លោក ឃួង ស្រេង បានបន្តទៀតថា កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីប្រកាសឱ្យដឹង ក្នុងការត្រៀមខ្លួនឱ្យបានរួចស្រេច ក្នុងការប្រារព្វទិវាចងចាំ ២០ ឧសភា នេះ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា សម្រាប់ការប្រារព្ធពិធីឆ្នាំនេះ ត្រូវធ្វើឡើងកម្រិតថ្នាក់ជាតិ ដូច្នេះមន្ទីរព័ត៌មាន ក៏ដូចជាមន្ទីរសាធារណការ, មន្ទីរធម្មការ និងសាសនា និងមន្ទីរវប្បធម៌ជាដើម ត្រូវត្រៀមរៀបចំការងាររបស់ខ្លួន ឱ្យបានល្អ ដោយត្រូវរាយការណ៍ទៅក្រសួងរបស់ខ្លួន ជុំវិញការងារដែលត្រូវអនុវត្ត។

ចំពោះខណ្ឌទាំង១៤ ត្រូវត្រៀមប្រជាពលរដ្ឋ ដែលត្រូវចូលរួមក្នុងទិវានេះ ជាមួយនឹងការពង្រឹងសន្តិសុខឲ្យបានល្អប្រសើរ។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដឹកនាំក្រុមការងារចុះទៅពិនិត្យដល់ទីតាំង នៅមជ្ឈមណ្ឌលជើងឯកនេះ ដោយមើលទាំងចំណតរថយន្ត សំអាតទីធ្លីឲ្យបានស្អាត ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ៕

No comments:

Powered by Blogger.