គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ «សង្គ្រាមងាយបង្កើត តែលំបាកបញ្ចប់» «សន្តិភាពពិបាករក តែងាយបាត់បង់», ការសិក្សាស្រាវជ្រាវ ចងក្រងប្រវត្តិសាស្ត្រនឹងធ្វើឱ្យយើងចងចាំមេរៀនជូរចត់នៃសង្គ្រាម និងផ្តល់គុណតម្លៃនៃសន្តិភាព

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សង្គ្រាមងាយបង្កើត តែលំបាកបញ្ចប់», «សន្តិភាពពិបាករក តែងាយបាត់បង់»។ ដូច្នេះ ការសិក្សាស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្ត្រនឹងធ្វើឱ្យយើងចងចាំមេរៀនជូរចត់នៃសង្គ្រាម និងផ្តល់គុណតម្លៃនៃសន្តិភាព និងចូលរួមថែរក្សាសន្តិភាព ក៏ដូចជាបង្រៀនយើង, ដាស់តឿនយើង, តម្រង់ទិស និងកែតម្រូវយើងឱ្យចេះរស់, ឱ្យចេះកសាង, ឱ្យចេះលូតលាស់, ឱ្យចេះរឹងមាំ, ឱ្យចេះការពារ, ឱ្យចេះថែរក្សា និងឱ្យចេះស្រឡាញ់ជាតិ ក្នុងនាមជាប្រជាជាតិមួយ ដែលមានប្រវត្តិសាស្រ្តយូរលង់ និងមានវប្បធម៌និងអារ្យធម៌រុងរឿងកន្លងមក។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា ឆ្លងកាត់ភាពថមថយ, ការបែកបាក់, សង្គ្រាម និងការឈឺចាប់អស់រយៈពេលជាង ៥០០ឆ្នាំ កម្ពុជា ទើបទទួលបានសន្តិភាពពេញលេញ និងឯកភាពជាតិនិងទឹកដីនាខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាព, ការផ្សះផ្សាជាតិ និងឯកភាពទឹកដីជូនមាតុភូមិកម្ពុជា។

ការលើកឡើងបែបនេះរបស់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសលោក បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ កម្ពុជាក្នុងសម័យអាណានិគមបារាំង» ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ និងអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា, វាគ្មិន និងអ្នកជំនាញការខាងប្រវត្តិសាស្រ្តជាតិ និងអន្តរជាតិ, ព្រះសង្ឃ និងនិស្សិត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងថា ការចូលរួមរបស់វាគ្មិនជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវកិត្ដិយសជាតិ និងអន្ដរជាតិទាំងអស់ក្នុងសន្និសីទនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចែករំលែកចំណេះដឹង, លទ្ធផលនៃការស្រាវជ្រាវផ្ទាល់ខ្លួនកន្លងមក, ទស្សនាទាន និងធាតុចូលនានាដល់ក្រុមការងារសរសេរប្រវត្តិសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជា សំដៅស្វែងរកការពិត និងសរសេរពីការពិតនៃប្រវត្តិសាស្ត្រកម្ពុជា ដែលមានលក្ខណៈវិទ្យាសាស្ត្រ, ភាពគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានទូលំទូលាយ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ នៅក្នុងការវិវត្តនៃទំព័រប្រវត្តិសាស្ត្រកម្ពុជា ចាប់ពីចំណុចចាប់ផ្តើមនៃការគ្រប់គ្រងរបស់បារាំងនៅឆ្នាំ១៨៦៣ រហូតដល់ការទទួលបានឯករាជ្យនានៅឆ្នាំ១៩៥៣។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា កម្ពុជាជាប្រជាជាតិមួយ ដែលមានប្រវត្តិសាស្រ្តយូរលង់, ធ្លាប់មានទឹកដីធំទូលំទូលាយ, អារ្យធម៌ឧត្តុង្គឧត្តម, ថ្កុំថ្កើងរុងរឿង និងល្បីរន្ទឺ។ ចាប់ពីសតវត្សទី១ នៃគ្រិស្តសករាជ ប្រទេសកម្ពុជាបានឆ្លងកាត់នូវរបត់ប្រវត្តិសាស្ត្រជាច្រើន ហើយប្រវត្តិសាស្ត្រសម័យហ្វូណនឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជា គឺជាអាណាចក្រដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសេដ្ឋកិច្ចរីកចម្រើនដោយពឹងផ្អែកលើកសិកម្ម និងជំនួញផ្លូវសមុទ្រ តាមរយៈប្រព័ន្ធព្រែកជីកខ្វាត់ខ្វែងប្រទាក់គ្នា ភ្ជាប់ពីអាណាចក្រទៅកាន់កំពង់ផែសមុទ្រ និងទៅតំបន់ផ្សេងៗទៀត រហូតក្លាយជាអាណាចក្រដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រមនុស្សលោក គឺអាណាចក្រអង្គរ ដែលរីកចម្រើនរុងរឿងក្នុងរយៈពេលជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ប៉ុន្តែជាអកុសល ចាប់ពីសតវត្សទី១៤មក ប្រទេសកម្ពុជាបានពើបប្រទះនឹងសង្គ្រាមឈ្លានពានផង និងជម្លោះផ្ទៃក្នុងផង គួបផ្សំនឹងបច្ច័យមិនល្អមួយចំនួនទៀត ដូចជាគ្រោះធម្មជាតិជាដើម ដែលប្រការទាំងអស់នេះ គឺជាហេតុធ្វើឱ្យប្រទេសជាតិធ្លាក់ចុះដុនដាប ហើយទឹកដីត្រូវរួមតូចបន្តិចម្តងៗ និងធ្លាក់ខ្លួនទៅក្នុងអាណានិគមបារាំងអស់រយៈពេលជិត ១សតវត្ស។ រឹតតែជាអកុសលជាងនេះទៅទៀត នៅក្នុងប្រវត្តិសាស្រ្តថ្មីនៃកម្ពុជា ទឹកដីសុវណ្ណភូមិនេះបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងអូសបន្លាយជិត៣ទសវត្ស និងរបបប្រល័យពូជសាសន៍ ដែលបានបង្កវិនាសកម្មបំផ្លិចបំផ្លាញគ្រប់វិស័យ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ជាតិសាសន៍ណា ដែលមិនសិក្សា និងចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន ជាតិសាសន៍នោះអាចមានការវង្វេងប្រវត្តិសាស្ត្រ ហើយក៏បាត់បង់មោទនភាពជាតិផងដែរ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ លើកទឹកចិត្ត និងណែនាំឱ្យមានការសិក្សាស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្ត្រជាតិឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្រាវជ្រាវ និងឈ្វេងយល់ទូលំទូលាយអំពីប្រវត្តិសាស្ត្រជាតិយើង។

បើតាមការគូសបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកសារប្រវត្តិសាស្ត្រជាច្រើនត្រូវបានបំផ្លាញ ឬបាត់បង់ដោយសារសង្រ្គាម និងជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ដែលកត្តានេះធ្វើឱ្យការសិក្សាស្រាវជ្រាវ និងការសរសេរប្រវត្តិសាស្ត្រកម្ពុជានៅមានកម្រិត។ ជាមួយគ្នានេះឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថារហូតមកទល់ពេលនេះប្រវត្តិសាស្ត្រខ្មែរមួយចំនួនស្ថិតនៅលើផ្ទាំងសិលា ឬអាចនៅលើស្លឹករឹតនៅឡើយ ហើយក្រៅពីនេះ បើមាន គឺភាគច្រើនសរសេរជាភាសាបរទេសដោយជនបរទេស។

នៅក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្កើតក្រុមការងារសរសេរប្រវត្តិសាស្ត្រកម្ពុជា ដោយមានសមាសភាពចម្រុះមកពីស្ថាប័នជំនាញដែលពាក់ព័ន្ធជាច្រើន សំដៅបង្កើតឯកសារប្រវត្តិសាស្ត្រមួយមាន ៥ សម័យកាល៖ គឺសម័យបុរេប្រវត្តិ, សម័យមុនអង្គរ, សម័យអង្គរ, សម័យក្រោយអង្គរ និងសម័យទំនើប ដែលប្រសូតឡើងពីស្នាដៃ និងអ្នកស្រាវជ្រាវរបស់កូនខ្មែរយ៉ាងពិតប្រាកដ ដែលបានចងក្រងប្រវត្តិសាស្ត្រកម្ពុជា។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តដល់រាជបណ្ឌិត្យសភាកម្ពុជា ឱ្យបន្តបេសកកម្មស្រាវជ្រាវរបស់ខ្លួន ឱ្យបានហ្មត់ចត់ និងច្បាស់លាស់បន្ថែមទៀត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការសរសេរអំពីការពិតក្នុងប្រវត្តិសាស្ត្រ គឺពិតជាប្រទីបបំភ្លឺផ្លូវ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូបឱ្យស្គាល់អត្តសញ្ញាណខ្លួនជានរណា? មកពីណា? ហើយត្រូវទៅណាទៀតនៅពេលអនាគត ដោយដកស្រង់មេរៀន និងបទពិសោធពីប្រវត្តិសាស្ត្ររបស់ខ្លួន។ ទន្ទឹមនេះ ការស្រាវជ្រាវនិងការសរសេរអំពីការពិតក្នុងប្រវត្តិសាស្ត្រ គឺពិតជាមិនមានគោលដៅឆ្កឹះឆ្កៀល ឬបង្កទំនាស់ជាមួយអ្នកណា ឬប្រទេសណាមួយឡើយ។ ផ្ទុយទៅវិញ គឺជាវិធីបញ្ចប់ការខ្វែងគំនិត ឬការស្អប់ ឬការបង្កជម្លោះ ឬការប្រឆាំងគ្នាទៅវិញទេ។ លើសពីនេះ វានឹងជួយបង្កើតលម្ហសម្រាប់កិច្ចសហប្រតិបត្តិការ និងការកសាងចំណងទាក់ទងល្អ សម្រាប់ជាប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនពាក់ព័ន្ធផងដែរ។ បើយើងនិយាយពីប្រវត្តិសាស្ត្រ គឺយើងនិយាយពីការពិត ដោយផ្អែកលើទិន្នន័យ, ភស្ដុតាង និងទឡ្ហីករណ៍ជាក់លាក់ មិនមែននិយាយតាមអារម្មណ៍ ឬតាមការភ័យខ្លាច ភាគីណាមួយអាក់អន់ស្រពន់ចិត្ត ឬយកវេទិកានេះ មកដុតរោលដើម្បីចងកំហឹងរវាងជាតិសាសន៍ និងជាតិសាសន៍ណាមួយនោះឡើយ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់បញ្ញវន្ត, អ្នកសិក្សាស្រាវជ្រាវ, សាស្ត្រាចារ្យ, និស្សិត និងអ្នកចូលរួមទាំងអស់ សូមចូលរួមសិក្សាស្រាវជ្រាវឱ្យសកម្ម និងស៊ីជម្រៅ អំពីគុណសម្បត្តិ និងគុណវិបត្តិនៃការគ្រប់គ្រងរបស់បារាំងនៅកម្ពុជាក្នុងរយៈពេលជិត ១សតវត្ស ចាប់ពីឆ្នាំ១៨៦៣ រហូតដល់ឆ្នាំ១៩៥៣ ក៏ដូចជាអំពីការតស៊ូរើបម្រាសរបស់កម្ពុជានាសម័យនោះ ក្នុងការរក្សានូវអត្តសញ្ញាណជាតិ, វប្បធម៌ប្រពៃណី, សាសនា និងអក្សរសាស្រ្ត ក៏ដូចជាការការពារទឹកដីរបស់ខ្លួន ជាដើម។ល។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ សងឹ្ឃមជឿជាក់ថា សន្និសីទអន្តរជាតិស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ កម្ពុជាក្នុងសម័យអាណានិគមបារាំង» នឹងក្លាយជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះប្រវត្តិសាស្រ្ត ការរៀនសូត្រ និងការរីកចម្រើនជានិរន្តរ៍របស់ប្រទេសកម្ពុជា ព្រមទាំងជាកញ្ចក់មួយឆ្លុះបញ្ចាំងឱ្យឃើញនូវកាលានុវត្តភាព បញ្ហាប្រឈម និងទស្សនវិស័យសម្រាប់ជាគំនិត និងធាតុចូលដ៏សំខាន់ដល់ក្រុមការងារសរសេរប្រវត្តិសាស្ត្រនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាប្រជាជាតិកម្ពុជាទាំងមូលផងដែរ៕

No comments:

Powered by Blogger.