គណៈរដ្ឋមន្ត្រី បើកការស្រាវជ្រាវបឋមស្តីពី «ពិពិធកម្មទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធនៅតំបន់ឆ្នេរសមុទ្រកម្ពុជា»
គណៈរដ្ឋមន្ត្រីតាមរយៈក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នឹងបើកស្រាវជ្រាវបឋមស្តីពី «ពិពិធកម្មទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធនៅតំបន់ឆ្នេរសមុទ្រកម្ពុជា» ក្នុងគោលបំណងសិក្សាស្រាវជ្រាវស្វែងយល់អំពីសក្តានុពលនៃតម្លៃសេដ្ឋកិច្ចទេសចរណ៍ បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការធ្វើពិពិធកម្មផលិតផល និងការអភិវឌ្ឍវិស័យគាំទ្រសម្រាប់ទេសចរណ៍តំបន់ឆ្នេរ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាពិសេសក្រសួងទេសចរណ៍។
ដើម្បីឈានទៅសម្រេចការស្រាវជ្រាវនេះប្រកបដោយប្រសិទ្ធភាពខ្ពស់នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានរៀបចំសិក្ខាសាលាមួយស្តីពីការចាប់ផ្តើមគម្រោងស្រាវជ្រាវនេះ ក្រោមអធិបតីភាពលោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយទស្សនទានគម្រោងស្រាវជ្រាវបឋម ព្រមទាំងពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។ សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយដ្ឋានមួយចំនួននៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងពីក្រសួងទេសចរណ៍ ក្រសួងធនធានទឹក ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិង ដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ ស្របជាមួយនឹងយុទ្ធសាស្រ្តថ្មីៗ របស់រាជរដ្ឋាភិបាល ដូចជាយុទ្ធសាស្រ្ត «បង្កើន ៥ អភិវឌ្ឍ
៣» របស់ក្រសួងទេសចរណ៍ និងទិសដៅកែទម្រង់មុតស្រួចមួយចំនួនទៀត ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានទទួលគោលការឯកភាពដ៏ខ្ពង់ខ្ពស់ពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានការរៀបចំគម្រោងស្រាវជ្រាវខាងលើ ក្នុងគោលបំណងសិក្សាស្រាវស្វែងយល់អំពីសក្តានុពលនៃតម្លៃសេដ្ឋកិច្ចទេសចរណ៍ បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការធ្វើពិពិកម្មផលិតផល និងការអភិវឌ្ឍវិស័យគាំទ្រសម្រាប់ទេសចរណ៍តំបន់ឆ្នេរ ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាពិសេសក្រសួងទេសចរណ៍។ សូមបញ្ជាក់ថា តំបន់ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ និងត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតីនៃប្រទេសកម្ពុជា» ដែលជាគោលដៅទេសចរណ៍ប្រកបដោយ
ប្រជាប្រិយភាព ហើយជាប៉ូលអភិវឌ្ឍជាតិទំនើប សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមចក្ខុវិស័យឆ្នាំ២០៥០ ប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គល។ លើសពីនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ ប៉ុន្តែកំណើននេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុងដោយសារវិបត្តិជំងឺកូវីដ-១៩ បញ្ហាសេដ្ឋកិច្ច និងនយោបាយសកលដែលកំពុងកើតឡើងជាបន្តបន្ទាប់។ ទោះបីជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងនៅជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងការបង្កើតឱកាសការងារ មុខរបរ ប្រាក់ចំណូល ដែលជាគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានតួនាទីក្នុងការវិភាគស្ថានភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថានរបស់កម្ពុជា។ ជាផ្នែកមួយនៃបេសកកម្មរបស់
ខ្លួន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានផ្តួចផ្តើមគំនិតអនុវត្តការស្រាវជ្រាវដើម្បីស្វែងរកសក្តានុពលនៃការធ្វើពិពិធកម្មទេសចរណ៍នៅក្នុងតំបន់ឆ្នេររបស់កម្ពុជា តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យទេសចរណ៍រស់ឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩ ដោយសង្កត់ធ្ងន់លើតម្រូវការនៃការធ្វើពិពិធកម្ម និងការធ្វើផែនការមេ ដោយគិតរួមបញ្ចូលទាំងវិស័យគាំទ្រទេសចរណ៍ ដូចជា ទឹកស្អាតនិងអនាម័យ ផ្លូវគមនាគមន៍ ថាមពល និងសុវត្ថិភាពម្ហូបអាហារ ជាដើម។ បន្ថែមពីនេះទៀត សិក្ខាសាលានេះបានផ្តល់នូវធាតុចូលសំខាន់ៗ ដើម្បីដាក់បញ្ចូលក្នុងគម្រោងខាងលើសម្រាប់ទុកជាមូលដ្ឋានក្នុងការសិក្សាស្វែងយល់ និងផ្តល់អនុសាសន៍គោលនយោបាយជូនរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីរួមចំណែកឆ្ពោះទៅរកការ
សម្រេចចក្ខុវិស័យឆ្នាំ២០៥០។ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នឹងបន្តសហការយ៉ាងជិតស្និតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាជាពិសេសក្រសួងទេសចរណ៍ តាមរយៈការស្រាវជ្រាវនេះ ដើម្បីរិះរកវិធីក្នុងការលើកកម្ពស់តម្លៃសេដ្ឋកិច្ចទេសចរណ៍ ដោយះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពក្នុងការធ្វើពិពិធកម្មផលិតផល និងការអភិវឌ្ឍវិស័យគាំទ្រសម្រាប់ទេសចរណ៍តំបន់ ស្របតាមយុទ្ធសាស្រ្តដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
No comments: