អភិបាលរាជធានីភ្នំពេញ ដឹកនាំប្រជុំត្រួតពិនិត្យការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងពិនិត្យទីតាំងប្រារព្ធកម្មវិធីប្រគំតន្ត្រីអបអរពិធីបេីកការដ្ឋាន «ព្រែកជីកហ្វូណន តេជោ»
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នេះ បានកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និងពិនិត្យទីតាំងប្រារព្ធកម្មវិធីប្រគំតន្ត្រីជាក់ស្ដែង ដេីម្បីអបអរសាទរពិធីបេីកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន តេជោ» ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅមុខសាលមហោស្រពកោះពេជ្រ ព្រមទាំងរៀបចំពិធីអុជទៀនធូប សុំសេចក្ដីសុខ សេចក្ដីចម្រើន ដំណេីរការកម្មវិធី ប្រកបដោយរលូន។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្នុងរយៈពេលកន្លះខែកន្លងមកនេះ កងកម្លាំង មន្ត្រី និងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារសំដៅធ្វើយ៉ាងណាឲ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះ ដំណើរការទៅដោយភាពសប្បាយរីករាយ និងជោគជ័យ។
ឯកឧត្តមបន្តទៀតថា ការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះ ជាផលប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជាតិកម្ពុជាយើង។ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។ យើងពិតជាមានភព្វវាសនាណាស់ ដែលបានចូលរួមលើការងារព្រែកជីកហ្វូណន-តេជោនេះ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការងារសំខាន់របស់កម្លាំងសមត្ថកិច្ច គឺកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះ ដែលទាមទារឲ្យកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ យកអស់កម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែររួមជាតិតែមួយ ធ្វើយ៉ាងណាឲ្យពិធីនេះដំណើរទៅដោយរលូន មានសុខសុវត្ថិភាព ជាមួយភាពសប្បាយរីករាយ។
គម្រោងព្រែកជីកហ្វូណន-តេជោ នឹងបើកការដ្ឋាន នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ គ្រប់ខណ្ឌ គ្រប់មន្ទីរ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក៏មានការរៀបចំអបអរសាទរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ អោយមានភាពគគ្រឹកគគ្រែង ក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនានានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គបែបនេះផងដែរ។
ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ នៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹងមានការប្រគុំតន្ត្រីនៅមុខសាលមហោស្រពកោះពេជ្រ ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការរៀបចំបាញ់កាំជ្រួច នៅទន្លេ៤មុខ ចំនួន២លើក នោះគឺនៅម៉ោង៧៖២០នាទី និងម៉ោង៩៖៩យប់៕
No comments: