គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ក្រសួងអប់រំ ប្រកាសរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ លើ ១៣ប្រភេទកីឡា


(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹង អំពីការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ដោយបានកំណត់កីឡាចំនួន ១៣ប្រភេទ សម្រាប់ធ្វើការប្រកួតប្រជែង។

សម្រាប់ប្រភេទកីឡា ដែលត្រូវបានក្រសួងអប់រំ កំណត់ដាក់ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ រួមមានកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាវាយសី កីឡាតេក្វាន់ដូ ITF កីឡាតេក្វាន់ដូ WT កីឡាការ៉ាតេ កីឡាសីដក់ និងកីឡាគុនដាវ។

តាមការជូនដំណឹងខាងលើបានបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិនេះ ធ្វើឡើងដើម្បីលើកកម្ពស់វិស័យកីឡា ស្របតាមគោលនយោបាយជាតិ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា។ ដូច្នេះក្រសួងបានអំពាវនាវថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងអស់ រៀបចំក្រុមកីឡាចូលរួមតាមការគួរ។

សូមបញ្ជាក់ថា សម្រាប់ការចូលរួមព្រឹត្តិការណ៍ថ្នាក់ជាតិខាងលើ ក្រសួងអប់រំ យុវជន និងកីឡា គឺជាអ្នកទទួលបន្ទុលើការហូបចុក ស្នាក់នៅ និងដឹកជញ្ជូនក្នុងអំឡុងពេលប្រកួត សម្រាប់គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី និងមន្ដ្រីដែលមានក្នុងនិយាមបច្ចេកទេស ដែលបានកំណត់ក្នុងបទបញ្ញត្តិទូទៅ។ ចំណែកការហូបចុកស្នាក់នៅរបស់ប្រតិភូដឹកនាំ ការធ្វើដំណើរ ការហូបចុកពេលមកចូលរួមប្រកួត និងត្រឡប់ទៅរាជធានី-ខេត្តវិញ ជាបន្ទុកចំណាយរបស់អង្គភាពសាមី៕


No comments:

Powered by Blogger.