គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រសៀលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតក្រសួងធនធានទឹក និងឧតុនិយម


(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែ​មេ​សា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។

វិស័យធនធានទឹក គឺជាវិស័យមួយដែលមានសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកកែ​លម្អ​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ក្រោម​ការ​​​ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ និង​ចាត់​ទុក​វិស័យធនធានទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៤ គឺ មនុស្ស ទឹក ភ្លើង និងផ្លូវ។

រាជរដ្ឋាភិបាលកម្ពុជា បានយល់ច្បាស់ពីសារៈសំខាន់លើកិច្ចបង្កើនការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍ​វិស័យធនធានទឹក និងឧតុនិយម ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព។ ដោយយោងតាមការចាំ​បាច់​នេះ រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី២ បានសម្រេចបង្កើតក្រសួងធនធានទឹក និងឧតុនិយម តាម​ព្រះ​រាជ​ក្រមចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩។

ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុវត្ត​គោល​នយោបាយគ្រប់គ្រងធនធានទឹក តាមរយៈការស្តារ ការជួសជុល និងការសាងសង់​ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច មធ្យម និងធំ ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសធានាបានសន្តិសុខទឹក ទាំងបរិមាណ និង​គុណ​ភាព ចូលរួមចំណែកដល់ការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រ និង​ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ដើម្បីជំរុញប្រសិទ្ធភាព និងគុណភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀតនោះ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២៤ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​អាជ្ញា​ធរ​ទន្លេសាប បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ សន្និបាត​រយៈពេលពីរថ្ងៃនេះ ធ្វើឡើងក្នុងបំណងផ្ទៀងផ្ទាត់លទ្ធផលការងារដែលសម្រេចបាន និងពិនិត្យបញ្ហា​ប្រឈម​​​ទាំង​ឡាយ ដើម្បីដាក់ចេញដំណោះស្រាយ និងលើកជាផែនការសកម្មភាពសម្រាប់អនុវត្តនៅ​ឆ្នាំ២០២៤។

សន្និបាតបានបើក និងដឹកនាំដោយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមក្នុងនីតិ​កាល​ទី៧នេះ។ សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទរបស់​ក្រសួង ប្រធានមន្ទីរធនធាតុទឹក និងឧតុនិយមទូទាំងរាជធានី-ខេត្ត មន្ត្រីគណៈកម្មាធិការជាតិទន្លេ​មេគង្គ​កម្ពុជា និង​អាជ្ញា​ធរ​ទន្លេសាប តំណាងគណៈអភិបាលរាជធានី-ខេត្ត និងតំណាងក្រសួងពាក់ព័ន្ធផងដែរ។

តាមរយៈសន្និបាតនេះ មន្ត្រីជំនាញបានឡើងធ្វើបទបង្ហាញពីសមិទ្ធផលការងារលើសមត្ថកិច្ចរបស់ខ្លួន ហើយក៏បានលើកបង្ហាញបញ្ហាប្រឈមដែលបានជួបប្រទះផងដែរ។

ក្នុងពិធីបើកសន្និបាត លោក ថោ ជេដ្ឋា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ​របស់​ក្រសួងទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាប្រកបដោយសុឆន្ទៈដ៏មុតមាំអនុវត្តតួនាទីភារកិច្ចប្រកប​ដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានសមិទ្ធផលការងារគួរជាទីរីករាយយ៉ាងច្រើនក្នុងឆ្នាំ​២០២៣​​កន្លងទៅ។

ក្នុងពិធីបើកសន្និបាតនេះ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានលើកបង្ហាញសមិទ្ធផល​ការ​ងារជាច្រើនដែលសម្រេចបានក្នុងឆ្នាំ២០២៣ ជាពិសេសការកសាងប្រព័ន្ធធារាសាស្ត្រ។

ខាងក្រោមនេះ គឺជាសមិទ្ធផលការងាររបស់ក្រសួងធនធានទឹក និងឧតុនិយមសម្រេចបានក្នុងឆ្នាំ​២០២៣៖

+ លទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម៖
១៖ បង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងអភិបាលកិច្ចស្ថាប័ន ការគ្រប់គ្រងធនធាន​មនុស្ស និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួង ដោយសម្រេចចំណាយ បាន ៩៩ភាគរយ នៃឥណទានសរុបប្រចាំឆ្នាំ។

២៖ ពង្រឹងការងារគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាបានការ​គ្រប់​គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានទឹក ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន សំដៅធានាឱ្យបាន​សន្តិសុខទឹកសម្រាប់ប្រជាជនកម្ពុជា។

៣៖ ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត៖ ត្រឹមឆ្នាំ២០២៣ កម្ពុជាមានប្រព័ន្ធស្រោចស្រពទូទាំង២៥ រាជ​ធានី​/​ខេត្ត ចំនួន ២,៣៥២ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន៥៦ ខ្នាតមធ្យមចំនួន ១,១៦៦ និងខ្នាតតូចចំនួន ១, ១២២ និងអាងរក្សាទឹកខ្នាតធំចំនួន៨។

គិតរហូតមកដល់បច្ចុប្បន្ននេះ ក្រសួងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុប នៅទូទាំងប្រទេស​បានចំនួន ១៩៤៣,៩៩២ហិកតា ដែលមានកំណើនចំនួន ៣២,១២៣ហិកតា ដែលមានប្រជាពលរដ្ឋជា​អ្នកទទួលផលសរុបចំនួន ២៩,៨០០គ្រួសារ ស្មើនឹង ១២៧,៨៩៥នាក់។

៤៖ ដើម្បីកាត់បន្ថយការគំរាមកំហែងពីគ្រោះទឹកជំនន់ ក្រសួងបានជួសជុលទំនប់ទប់ស្កាត់ទឹកជំនន់ កាយ​ប្រឡាយរំដោះទឹក ការពារច្រាំងទន្លេបាន ៦,៨២០ម៉ែត្រ សាងសង់ទំនប់ការពារទប់ស្កាត់ទឹកប្រៃ និង ជាពិសេស​ដំណើរការអនុវត្តគម្រោងប្រព័ន្ធដោះទឹកនិងបង្វែរទឹកចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។

៥៖ ដើម្បីត្រៀមបង្ការ និងជួយកាត់បន្ថយហានិភ័យដែលបណ្ដាលមកពីគ្រោះទឹកជំនន់ និងធាតុអាកាស ក្រសួងបាន តាមដាន និងប្រមូលទិន្នន័យកម្ពស់ទឹកទន្លេមេគង្គ-ទន្លេសាប-ទន្លេបាសាក់ និងដៃទន្លេ​សំខាន់ៗ​មួយចំនួន និងធ្វើការព្យាករណ៍កម្ពស់ទឹកជាប្រចាំថ្ងៃនៅរដូវវស្សា និងប្រចាំសប្តាហ៍នៅរដូវប្រាំង ហើយបានធ្វើការការព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃ និងជូនដំណឹងបន្ទាន់ពីការប្រែប្រួល ធាតុអាកាស និងអាកាសធាតុរយៈពេលខ្លី មធ្យម និងរយៈពេលវែង។

៦៖ ក្នុងកិច្ចការសហប្រតិបត្តិការ ក្រសួងបានបន្តពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និង​ដៃ​គូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ ដែលធ្វើការងារជាមួយនឹងវិស័យធនធានទឹកនិងឧតុនិយម ហើយបាននាំ​មកនូវលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង និងការអភិវឌ្ឍ ធនធានទឹក និង​ឧតុនិយម គិតត្រឹមឆ្នាំ២០២៣ មានគម្រោងធំៗគាំទ្រដោយថវិកាដៃគូអភិវឌ្ឍន៍ចំនួន៥ ក្នុងចំណោម​គម្រោង​ចំនួន៧ ត្រូវបានបញ្ចប់ការសាងសង់ និងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ៣៧២,៨៧៦ហិកតា។

៧៖ បានបន្តយកចិត្តទុកដាក់ កសាងសមសភាពយេនឌ័រ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍ និងការគ្រប់​គ្រងធនធានទឹក និងបានរៀបចំយន្តការសម្រាប់បង្កើតឱកាសដល់មន្រ្តីរាជការជាស្ត្រី ដែលមានសមត្ថ​ភាព​​ទទួលបាននូវតួនាទីធ្វើសេចក្តីសម្រេចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានដូចខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានជួបបញ្ហា​ប្រឈមមួយចំនួនដែលទាមទារឱ្យមានការចូលរួមដោះស្រាយផងដែរ។ បញ្ហាប្រឈមនោះដូចជា៖

១៖ ការវិនិយោគសាធារណៈប្រចាំឆ្នាំសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍលើវិស័យធនធានទឹក និងព្យា​ករណ៍​ឧតុនិយម ការផ្តល់ថវិកាលើការងារជួសជុល-ស្ដារឡើងវិញ និងសាងសង់ប្រព័ន្ធធារាសាស្ត្រ និងការ​ការពារច្រាំងទន្លេ មិនទាន់អាចឆ្លើយតបបានទាំងស្រុងតាមតម្រូវការជាក់ស្តែងនៅឡើយ។

២៖ ការប្រែប្រួលអាកាសធាតុបាន ធ្វើឱ្យកើនឡើងគ្រោះទឹកជំនន់ និងរាំងស្ងួតជាញឹកញាប់ ដែលធ្វើឱ្យ​ប៉ះ​ពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធការងារទឹក ប្រព័ន្ធជលសាស្ត្រ ធនធានទឹក និងតម្រូវការទឹក។

៣៖ ការគ្រប់គ្រងធនធានទឹកចម្រុះអន្តរវិស័យ រួមទាំងយន្តការគ្រប់គ្រងអាងទន្លេ ពុំទាន់បានអនុវត្ត​ឱ្យ​បាន​ទូលំទូលាយ និងមានលក្ខណៈស៊ីជម្រៅ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ និងខិតខំ បន្ថែមទៀត។

៤៖ ប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មាន ឧបករណ៍វាយតម្លៃសមត្ថភាពជំនាញមន្ត្រីបច្ចេកទេស និងបទដ្ឋាន​គតិយុត្តនានា ពុំទាន់ត្រូវបានរៀបចំនិងបង្កើតឡើងឱ្យបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីជួយគាំទ្រ​ដល់ការធ្វើសេចក្តីសម្រេចចិត្ត និងការធ្វើផែនការអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងធនធាន​ទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

៥៖ លិខិតបទដ្ឋានគតិយុត្ត សម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក ពុំទាន់មាន​គ្រប់​គ្រាន់ និងធ្វើបច្ចុប្បន្នភាពនៅឡើយ ដែលមិនទាន់ឆ្លើយតបទៅនឹងបទបញ្ញត្តិច្បាប់ដែលមាន និងការ​វិវឌ្ឍ​របស់សង្គមជាតិ៕

No comments:

Powered by Blogger.