ក្រសួងការបរទេសកម្ពុជានឹងបន្តប្រើប្រាស់យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចជំរុញសេដ្ឋកិច្ចជាតិទៅក្នុងតំបន់ និងអន្តរជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តប្រើប្រាស់យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចជំរុញសេដ្ឋកិច្ចជាតិទៅក្នុងតំបន់ និងអន្តរជាតិ។
ថ្លែងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបសមិទ្ធផលការងាររយៈពេល៣ឆ្នាំ នៃការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច និងប្រមូលធាតុចូលសម្រាប់រៀបចំយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២៤-២០២៨ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឈីវ យីស៊ាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជាត្រូវបានដាក់ឲ្យអនុវត្តក្នុងពេលដែលដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៅសហប្រតិបត្តិការអន្តរជាតិកាលពីឆ្នាំ២០២១។
ឯកឧត្តមបន្តថា ក្នុងនោះវិស័យការទូតសេដ្ឋកិច្ចត្រូវបានចាត់ទុកគឺជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយ ហើយយុទ្ធសាស្ត្រនេះទទួលទទួលបានការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដោយគ្រានោះការរៀបចំយុទ្ធសាស្ត្រនេះស្របពេលសកលលោក និងកម្ពុជាផងដែរកំពុងប្រឈមដោយសារវិបត្តិជាសកលនៃជំងឺកូវីដ-១៩។
ឯកឧត្តមមានប្រសាសន៍ថា ក្រោមគំនិតដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានប្រែក្លាយការប្រឈមស្ថានភាពនេះទៅជាឱកាសសម្រាប់កម្ពុជា ដើម្បីចាប់យកការពង្រឹងយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ក្នុងការជំរុញសេដ្ឋកិច្ច សង្គម វប្បធម៌របស់កម្ពុជា។ ជាក់ស្តែង ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្រុមការងារសម្របសម្រួលការងារការទូតសេដ្ឋកិច្ច ដែលបានខិតខំប្រឹងប្រែងអនុវត្តការទូតសេដ្ឋកិច្ចរយៈពេលបីឆ្នាំកន្លងមក ពីឆ្នាំ២០២១ ដល់២០២៣ រហូតសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។
នាឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ ថ្លែងថា ក្នុងរយៈកាល៣ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រនេះ ក្នុងនាមសេនាធិការ ដែលសហការជាមួយក្រសួងពាក់ព័ន្ធបានខិតខំធ្វើការយ៉ាងសកម្ម ក្នុងគោលដៅ៖ ទី១) ជំរុញពាណិជ្ជកម្មអន្តរជាតិ តាមរយៈ ការរៀបចំ និងចូលរួមពិព័រណ៍ជំរុញការនាំចេញផលិតផលខ្មែរ និងពង្រីកទីផ្សារជាមួយប្រទេសជាដៃគូសំខាន់ៗ, ទី២) ទាក់ទាញវិនិយោគិនបរទេស ដោយសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្សព្វផ្សាយពីច្បាប់ វិនិយោគ ការលើកទឹកចិត្តពិសេស ក្នុងវិស័យអាទិភាព និងស្ថានភាពអំណោយផល សម្រាប់វិនិយោគិននៅកម្ពុជា និងទី៣) ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរ ពិសេសម្ហូបខ្មែរ លើឆាកអន្តរជាតិ ដោយបានការចងក្រងសៀវភៅ មុខម្ហូប - កេរដំណែលស្នាដៃម្ហូបខ្មែរ» រហូតទទួលបានរង្វាន់អន្តរជាតិចំនួន ៤ និង បានរៀបចំទស្សនកិច្ចសិក្សាជូនអង្គទូតប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅប្រទេសជិតខាងកម្ពុជា រួមទាំងទស្សនកិច្ច-ធុរកិច្ចនានា ដោយក្នុងនោះក៏មានជាការរៀបចំទទួលអាហារពេលល្ងាចជាលក្ខណៈម្ហូបខ្មែរ និងកម្មវិធីដំណើរកម្សាន្តទៅតាមរមណីយដ្ឋានប្រាសាទបុរាណជាដើម។
ឯកឧត្តម បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក “ការទូតសេដ្ឋកិច្ច» ជាវិស័យអាទិភាពមួយ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយ មិត្តចាស់ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសក្តានុពល និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ក្នុងន័យជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មទៅក្នុងតំបន់ និងអន្តរជាតិ។
សូមជម្រាបថា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច រៀបចំឡើងក្នុងគោលបំណង ផ្សារភ្ជាប់គោលនយោបាយការបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយប្រើប្រាស់មធ្យោបាយការទូត ក្នុងការចូលរួមលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ, ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស, លើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងកីឡា ដើម្បីចូលរួមពង្រឹងចន្ទល់កំណើនសេដ្ឋកិច្ច, កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ៕
No comments: