គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលខេត្តតាកែវអញ្ជេីញជាគណៈធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តតាកែវ

តាកែវ៖ នាថ្ងៃរសៀល ថ្ងៃ ពុធ ទី ១៣ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងខេត្តតាកែវ” ក្រោមអធិបតីភាពរបស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមដោយ​ លោក​ជំទាវ​ កុល​ ធារិន​ សមាជិក​គណៈកម្មការ​ទី២​នៃរដ្ឋសភា​ ឯកឧត្តម​ ជាម​ ប៉េអា​ សមាជិក​គណៈកម្មការ​ទី២​ នៃរដ្ឋសភា​ លោក​អភិបាលរងខេត្ត តំណាងសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត  មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈមេបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ឃុំ សង្កាត់  មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្រោមឱវាទរដ្ឋបាលខេត្តតាកែវ និងប្រតិបត្តិករល្បែងផ្សង សំណាង សរុបចំនួនប្រមាណ​ ៣២០​ នាក់។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានធ្វើការណែនាំ និងជម្រុញដល់អាជ្ញាធរមូលដ្ឋានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ និងចុះបង្ក្រាបទីតាំងលេងឆ្នោតសន្លឹកវៀតណាម​ និងកន្ទុយលេខ នៅតាមរោងកាហ្វេ អាហារដ្ឋាន និងនៅកន្លែងផ្សេងៗទៀត ក្នុងមូលដ្ឋានរបស់ខ្លួនអោយបានខ្លាំងក្លាបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍ថាកន្លងមកសង្កេតឃើញនៅតាមមូលដ្ឋានមួយចំនួន ក្នុងភូមិសាស្រ្តខេត្តតាកែវ ពិសេសនៅស្រុកជាប់ព្រំដែនវៀតណាម ទីតាំងលេងឆ្នោតសន្លឹកវៀតណាម និងកន្ទុយលេខ ហាក់មានការកើនឡើង ដែលធ្វើអោយប៉ះពាល់ជាខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ដូច្នេះគប្បីគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ រួមនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចុះតាមដានជាប្រចាំចំពោះទីតាំងដែលលួចលាក់លេងឆ្នោតសន្លឹកវៀតណាម កន្ទុយលេខ ពិសេសល្បែងផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយចាត់វិធានការបង្ក្រាបអោយបានទាន់ពេលវេលា ។












No comments:

Powered by Blogger.