គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

កម្ពុជា និងអង្គការសហប្រជាជាតិ ពង្រឹងភាពជាដៃគូ អភិវឌ្ឍនិងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ

ភ្នំពេញ: ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤, នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណចំពោះវត្តមានរបស់លោក ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងសហការី ដែលបានជួបពិភាក្សាការងារ និងពង្រឹងភាពជាដៃគូដែលមានស្រាប់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ លើផ្នែកសំខាន់ៗនៃការអភិវឌ្ឍ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន វាពិតជាមានសារៈសំខាន់ ដែលមិនអាចខ្វះបាន ជាពិសេស ការពង្រឹងភាពជាដៃគូជាមួយ ភាគីអ្នកពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាស ព័ត៌មានឱ្យដឹងមុន របស់យើងនៅកម្ពុជា ដែលជាចំណែកដ៏មានសារៈសំខាន់បំផុត ក្នុងការការពារ អាយុជីវិតរបស់ប្រជាពលរដ្ឋ ឱ្យរួចចាកផុតពីគ្រោះមហន្តរាយ និងរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម សម្តេច បវធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្ត បន្ទាប់ដែលផ្តល់ដោយអង្គការសហប្រជាជាតិ ដល់វិស័យនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលងាយរងគ្រោះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថាអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ ដែលមានវត្តមាននៅកម្ពុជាបាន ដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីភាព និងភាពធន់នៅក្នុងប្រទេសកម្ពុជា ហើយយើងពិតជាកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងនេះ។

ឯកឧត្តម ក៏បានកូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងពេញលេញចំពោះការអភិវឌ្ឍ និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋ។ គ.ជ.គ.ម. បានធ្វើការ យ៉ាងសកម្មក្នុងការធ្វើសមាហរណកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទៅក្នុងផែនការ អភិវឌ្ឍន៍ និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេស បាននឹងកំពុងរៀបចំផែនការ សកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (NAP-DRR) ២០២៤-២០២៨ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់យើងពីផលប៉ះ ពាល់ដោយគ្រោះមហន្តរាយ។

លោក ចូ សូយ័រ (Jo Scheuer) ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញភារកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន។ ក្នុងអាណិត្តបំពេញ ភារកិច្ចនៅកម្ពុជា, លោកនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

 ឯកឧត្តម ទេសរដ្ឋមន្ដ្រី ក៏បានជូនពរលោក ចូ សូយ័រ (Jo Scheuer) និងសហការី ឲ្យទទួលបាននូវជោគជ័យលើគ្រប់ភារកិច្ចទាំងអស់ ៕

No comments:

Powered by Blogger.