ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Tuesday, December 26, 2023

ឯកឧត្តមឃួង ស្រេងជំរុញអភិបាលខណ្ឌមានជ័យថ្មីត្រូវខិតខំដឹកនាំខណ្ឌមានជ័យឲ្យទទួលបានលទ្ធផលល្អ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យលោកសេង គន្ធ ដែលជាអភិបាលខណ្ឌមានជ័យថ្មី ត្រូវយកអស់កម្លាំងកាយចិត្ត ចំណេះដឹងនិងឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំខណ្ឌមានជ័យឲ្យទទួលបានលទ្ធផលល្អប្រសើរ។ពិសេសគឺអនុវត្តតាមអាទិភាពទាំង៦និងគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការជំរុញនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដមឃួង ស្រេងអភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នៅសាលាខណ្ឌមានជ័យ។ ឯកឧត្ដមជំរុញការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសគឺអនុវត្តឲ្យបាននូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ។

 ជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ គ្រឿងញៀនជាដើម ។ បន្ថែមពីនេះទៀតត្រូវផ្ដល់កិច្ចសហការគ្រប់ថ្នាក់ គ្រប់ស្ថាប័ន ដើម្បីបម្រើប្រជាពលរដ្ឋ ពិសេសគឺការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការដោយអនុវត្តតាមគោលនយោបាយឈ្នះ ឈ្នះ គឺឈ្នះទាំងសងខាង។ ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា អភិបាលខណ្ឌ បើទោះបីជាពូកែយ៉ាងណាក៏ដោយបើមិនមានការចូលរួមសហការ ពីមេប៉ុស្តិ៍ អធិការនិងចៅសង្កាត់ទេ គឺមិនអាចទទួលបានជោគជ័យលើកិច្ចការងារបម្រើរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋឡើយ ដូច្នេះត្រូវតែសហការជាមួយគ្នាឲ្យបានខ្លាំក្លាទើបសម្រេចបានលទ្ធផលល្អប្រសើរ។

បន្ថែមពីនេះ ថ្នាក់ដឹកនាំគេ ត្រូវតែចេះកោតសរសើរ និងចេះដាក់ពិន័យ ចំពោះមន្ត្រីដែលអនុវត្តខុស។ធ្វើមេកើយរបស់គេ ដាច់ខាតមិនត្រូវមានគំនិតគុំកួននោះទេ ។ កុំយកតាមពាក្យស្លោកមួយថា ទឹកឡើងត្រីស៊ីស្រមោច ទឹកខោចស្រមោចស៊ីត្រី ឱ្យសោះ ព្រោះកើតជាមនុស្សនរណាក៏កំហុសឆ្គងដែរ។បន្ថែមទៀតត្រូវចេះកោតសរសើរចំពោះមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកន្លងមកបានល្អ។

ឯកឧត្ដមបន្តថាការតែងតាំងនេះគឺធ្វើឡើងជាធម្មតារបស់មន្ត្រីរាជការ ស៊ីវិល ជាក់ស្ដែងការតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យថ្មី ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ នេះជារឿងធម្មតា ដើម្បីជំរុញឲ្យមានប្រសិទ្ធភាពការងារ កាន់តែល្អប្រសើរថែមទៀត។ លោកសេងគន្ធអភិបាលខណ្ឌមានជ័យបានថ្លែងថា ដើម្បីបន្តនិរន្តរភាពការងារនិងដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ 

លោកបានប្តេជ្ញាចិត្តបំពេញការងារឲ្យខ្លាំងក្លាទ្វេដង ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាលរដ្ឋបាលរាជធានីភ្នំពេញ ដោយប្តេជ្ញាចិត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត អនុក្រឹត្យ សារាចរ ប្រកាស ដីកា សេចក្តីសម្រេច បទបញ្ជានិងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការពារសន្តិភាព ស្ថេរភាពនយោបាយ។ ប្តេជ្ញា ធានាការពាររាជរដ្ឋាភិបាល ស្របច្បាប់ដោយមិនអនុញ្ញាតឲ្យកម្លាំងណាមួយធ្វើឲ្យប៉ះពាល់ដល់ដំណើរការដឹកនាំជាតិមាតុភូមិបានឡើយ បើទោះបីក្នុងតម្លៃណាក៏ដោយ ។

ប្តេជ្ញាការពារដាច់ខាតនៅរាល់សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ។ យកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ កម្មវិធីនយោបាយនិងយុទ្ធសា ស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលជាពិសេសគឺកម្មវិធីគោលនយោបាយអាទិភាពទាំង៦និងវិធានការគន្លឹះទាំង៥ចំណុចរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែតឲ្យទទួលបានលទ្ធផលប្រសើរ ៕

0 Comments:

Post a Comment