(វៀតណាម)៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយ លោក ឡេ វ៉ាន់ ធុយ (Le Van Tuy) អនុប្រធានសមាគម ចូលជួបសម្តែងការគួរសម នាល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ SHERATON នាទីក្រុងហាណូយ។
លោក ឡេ វ៉ាន់ ធុយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម អនុញ្ញាតឱ្យប្រតិភូសមាគម បានជួបសម្តែងការគួរសម។ លោក ឡេ វ៉ាន់ ធុយ បានចូលរួមអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាកម្ពុជាបោះឆ្នោតធ្វើជាប្រធានរដ្ឋសភានៅក្នុងនីតិកាលទី៧នេះ។
លោកអនុប្រធានសមាគម បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា ពីបេសកកម្មសំខាន់ៗរបស់សមាគម នៅក្នុងនោះ សមាគមមិត្តភាពវៀតណាម-កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន។ សមាគមបានដើរតួនាទី ធ្វើជាស្ពាននៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ នៅក្នុងនោះក៏បានចូលរួមកៀរគរការធ្វើវិនិយោគនិងការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ផងដែរ។ សមាគមមិត្តភាពវៀតណាមកម្ពុជា បានធ្វើការគំាពារសិស្សនិស្សិតកម្ពុជាក្នុងអំឡុងពេលសិក្សានៅប្រទេសវៀតណាម នៅគ្រប់មហាវិទ្យាល័យ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវភាពកក់ក្តៅក្នុងពេលឃ្លាតឆ្ងាយពីមាតុភូមិមកសិក្សានៅប្រទេសវៀតណាម។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣នេះ សមាគមបាននឹងកំពុងជួយឧបត្ថម្ភទំនុកបម្រុងនិស្សិតខ្មែរចំនួន១៩៣នាក់។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអបអរសាទរចំពោះលទ្ធផលនៃការរៀបចំសន្និបាតនៃសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តតៃនិញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅនេះ ដោយបានពិភាក្សានិងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងសមាគមទាំងពីរ រយៈពេលមួយឆ្នាំ ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរចំពោះបេសកកម្មសមាគម លើកិច្ចសហប្រតិបត្តិការវិស័យការទូត និងការតភ្ជាប់រវាងប្រទេសទាំងពីរ តាមរយៈការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន រដ្ឋាភិបាលនិងរដ្ឋាភិបាល ជាពិសេស លើវិស័យសេដ្ឋកិច្ច សង្គម ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការតាមព្រំដែន នៃប្រទេសទាំងពីរ ជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្រុមមិត្តភាពនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរផ្នែកសង្គម និងវប្បធម៌ ព្រមទាំងការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកសាងនូវភាពជាដៃគូប្រកបដោយទំនុកចិត្ត៕
0 Comments:
Post a Comment